ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ស្ពឺ​នឺ​ង​រៀបចំ​មហា​ព្រឹត្តិការណ៍«​បុណ្យ​ភ្នំ​»នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ គិរី​រម្យ ​រយៈពេល​២​ថ្ងៃ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ​ជាភ្ញៀវ​ជាតិ និង​​អន្តរជាតិត្រៀម​​​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​មហា​ព្រឹត្តិការណ៍​(​បុណ្យ​ភ្នំ​)​រៀបចំ​ធ្វើ​នៅ​លើ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ​(​គិរី​រម្យ​) ដែល​នៅ​សល់​តែ​៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺបានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន ព្រមទាំង​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​កម្សាន្ត​តាម​រមណីយដ្ឋាន តំបន់​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​នានា​ឱ្យ​មាន​ភាព​ទាក់ទាញ និង​ទទួល​បានការ​គាំទ្រ​ពី​សាធារណជន​ឱ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត រដ្ឋបាល​ខេត្តកំពង់ស្ពឺ​នឹង​រៀបចំ​មហា​ព្រឹត្តិការណ៍ «​បុណ្យ​ភ្នំ​» មាន​រយៈពេល​២​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ​ធ្នូ ឆ្នាំ​២០២៦ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ «​គី​រី​រម្យ​» ស្ថិត​នៅ​ក្នុង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

ក្នុង​មហា​ព្រឹត្តិការណ៍​នេះ ​ប្រជាពលរដ្ឋ​សាធារណជន​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​អាច​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី និង​ឱ្យ​បាន​ច្រើន​កុះករ ​។ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ សា​ធារណជន ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ គឺជា​ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍ និង​អភិរក្ស​វប្បធម៌ បរិស្ថាន​ធម្មជាតិ ឱ្យ​កាន់តែ​លេចធ្លោ​ឡើង​បន្ថែម​ទៀត​ ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​សាធារណជន ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ ​អាច​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរ​ណ៍ដ៏​សម្បូរ​បែប​ ដែល​មាននៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុសុមៈ​(​គិរី​រម្យ​) ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​មហា​ព្រឹត្តិការណ៍​ (​បុណ្យ​ភ្នំ​) ​រយៈពេល​២​ថ្ងៃ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរ​ជាតិ អាច​ស្នាក់​នៅ​តាម​ផ្ទះសំណាក់ រី​សត ឬ​បោះ​តង់ ​នៅ​លើ​ខ្នងភ្នំ​បាន​ដោយ​សេរីខណៈ​ការ​ស្នាក់​នៅ​មិន​មានការ​ឡើងថ្លៃ​នោះ​ទេ​ ។ ចំពោះ​ម្ហូបអាហារ​ ក៏​មាន​តម្លៃ​សមរម្យ រក្សា​​បាន​នូវ​អនាម័យ​ខ្ពស់ និង​មាន​ផាសុកភាព​ ៕