ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​មី​យ៉ា​ន់​ម៉ា​ឯកភាព​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត

2 ម៉ោង មុន
  • ភ្នំពេញ

​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ឯកឧត្តម មីន អោ​ង ឡាំង (Min Aung Hlaing) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១២ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀត​ណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី មី​យ៉ា​ន់​ម៉ា​-​កម្ពុជា ជា​ពិសេស បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម​ទៅ​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែតុលា​កន្លង​ទៅ​។ ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​លើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី ជា​ពិសេស បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​រួម​គ្នា ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ប្រធានាធិបតី​បាន​គូសបញ្ជាក់​ថា មី​យ៉ា​ន់​ម៉ា​មាន​បំណង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ជា​ថ្មី​ម្ដងទៀត ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់ និង​ពេញចិត្ត​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ កម្ពុជា​-​មី​យ៉ា​ន់​ម៉ា​។ សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​កាលានុវត្តភាព​ជា​ច្រើន​ទៀត ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីក​ចម្រើន និង​រឹង​មាំ​បន្ថែម​ទៀត​។

សម្ដេច​ធិ​បតី និង​ឯកឧត្តម​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា បាន​ឯកភាព​គ្នា​ជំរុញ​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់​ៗ រួម​មាន ជា​អាទិ៍​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម​, វិនិយោគ​, ការពារ​ជាតិ និង សន្តិសុខ​, អប់រំ​, ទេសចរណ៍ ក៏​ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​ឯកភាព​គ្នា​ជំរុញ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារ​ភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​គ្នា ដើម្បី​ប្រែក្លាយ​ការ​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង សម្រាប់​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ​រវាង​ប្រទេស​ទាំង​ពីរ​។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​សកល​ផងដែរ​៕