កសិករម្នាក់ភ្ញាក់ផ្អើលជាមួយដើមដំឡូងមីក្នុងចម្ការរបស់ខ្លួន១ដើមមានមើមទម្ងន់រហូតដល់ជាង៥គីឡូក្រាម
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាកសិករម្នាក់បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ការដាំដំណាំដំឡូងមីរបស់ខ្លួនទទួលបានមើមតូចៗល្មម ដោយប្រហែល១ ទៅ២គីឡូក្រាមក្នុង១ដើមប៉ុណ្ណោះ ។ ប៉ុន្តែ បន្ទាប់ពីដាំដើមដំឡូងអស់រយៈពេលជាង៩ខែកន្លងមក នៅក្នុងដីចម្ការរបស់ខ្លួនដដែល ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រហូតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក៏ដល់ពេលត្រូវប្រមូលផល ស្រាប់តែសង្កេតឃើញដើមដំឡូង១ដើមប៉ុណ្ណោះ មានមើមបែកចេញពីដើមជាច្រើន រហូតដល់ជាង៥គីឡូក្រាម ដែលធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល ហើយដាក់បញ្ឈរនៅក្បែរចិញ្ចើមផ្លូវ ដើម្បីឱ្យអ្នកដែលធ្វើដំណើរតាមដងផ្លូវទៅមកបានឃើញ ។

បើតាមការរៀបរាប់ពីលោក សាមឿន ជាកសិករម្នាក់ រស់នៅក្នុងក្រុងប៉ៃលិនបានឱ្យដឹងថា គាត់មានដីចម្ការជាច្រើនហិកតានៅត្រង់ចំណុចខាងលើ ហើយក៏ដាំដំណាំស្វាយចន្ទីខ្លះ និងទុកមួយចំនួនដាំដំណាំដំឡូងមី ។ តែដោយសង្កេតឃើញតម្លៃទីផ្សារដំឡូងមីឆ្នាំនេះ មានការហក់ឡើងខ្ពស់ខ្លាំងជាងឆ្នាំមុនៗ ទើបគាត់ពិភាក្សាជាមួយនឹងប្រពន្ធ រួចក៏ហៅកម្មករឱ្យចូលទៅប្រមូលផលក្នុងចម្ការរបស់ខ្លួន តាំងពីព្រឹករហូតដល់ពេលល្ងាច ស្រាប់តែសង្កេតឃើញមើមដំឡូងមី១ដើមនៅក្នុងចម្ការរបស់ខ្លួន មានមើមច្រើនគួរឱ្យកត់សម្កាល់ ដោយ១ដើមនេះ មានទម្ងន់ជិត៦គីឡូក្រាម ពោលគឺស្ទើរតែយួរលើកមិនរួចនោះឡើយ ។ លោកបន្តទៀតថា មូលហេតុដែលធ្វើឱ្យដំឡូងមីនេះ មានមើមច្រើនប្រហែលជាមកពីដីត្រង់កន្លែងនោះ មានជីជាតិច្រើន ហើយដីធូរល្អ ខណៈដែលមើមដំឡូងមីនៅក្បែរៗនោះដែរ មានទម្ងន់តិច និងមានមើមតូចៗប៉ុណ្ណោះ ។

ម្យ៉ាងវិញទៀត ដើមដំឡូងមីរបស់គាត់ជាប្រភេទ៨៩នេះ ទោះបីជាដាំនៅត្រង់កន្លែងណាក៏មានមើមដែរ ទោះបីជាមិនមានមើមធំៗ ស្មើគ្នាក៏ដោយ ក៏គាត់អាចប្រមូលផល បានលក់ឱ្យឈ្មួញជារៀងរាល់ឆ្នាំ ។ លោកបញ្ជាក់ថា តាមការសង្កេតរបស់ខ្លួន ពេលដែលកម្មករប្រមូលផលម្តងៗ ក្នុង១ដើម អាចទទួលបានទិន្នផលចាប់ពី២ទៅ៣គីឡូក្រាមយ៉ាងច្រើន ។

បើតាមប្រជាពលរដ្ឋមួយចំនួនដែលប្រកបរបរដាំដំឡូងមីបានឱ្យដឹងដែរថា ពេលដាំដំឡូងមីលើដីដែលមានជីជាតិច្រើន ហើយត្រូវទឹកភ្លៀងញឹកញាប់ អាចធ្វើឱ្យដំណាំនោះមានមើមច្រើន និងទទួលបានទិន្នផលខ្ពស់ ។ តែបើដាំប៉ះកន្លែងដីដែលខ្សោះជីវជាតិ ទិន្នផលក៏ធ្លាក់ចុះដែរ ។ ដោយឡែក នៅឆ្នាំ២០២៦នេះ ដំណាំដំឡូងមីរបស់ពួកគាត់ ដែលត្រូវភ្លៀងញឹកញាប់ទទួលបានទិន្នផលខ្ពស់ ស្របពេលដែលតម្លៃទីផ្សារឡើងខ្ពស់ ពួកគាត់សង្ឃឹមថា អាចប្រមូលផលរួច នៅសល់ថវិកាខ្លះ បន្ទាប់ពីសងជំពាក់គេរួចរាល់ ៕


ចែករំលែកព័តមាននេះ