រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុប១៥នាក់ ទៅធ្វើទស្សនកិច្ចសិក្សានៅរដ្ឋហាំប៊ឺក និងក្រុងឌីសិន ប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកឱកាសពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជា និងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយវិនិយោគិនអាល្លឺម៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសភាពាណិជ្ជកម្មរដ្ឋហាំប៊ឺក ព្រមទាំងចុះសិក្សានៅក្រុមហ៊ុន Fuchs, Worlée, ATCO និង METRO ដើម្បីឈ្វេងយល់ពីការគ្រប់គ្រង ការកែច្នៃ ការវេចខ្ចប់ និងការលក់ផលិតផលកសិកម្ម ព្រមទាំងបច្ចេកវិទ្យា និងលក្ខខណ្ឌតម្រូវលើគុណភាពនិងសុវត្ថិភាពចំណីអាហាររបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប។
ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងក្រុមហ៊ុនទាំងនេះបានបង្ហាញចំណាប់អារម្មណ៍ចំពោះសក្តានុពលផលិតផលកសិកម្មកម្ពុជា ដូចជា អង្ករ ម្រេច ស្វាយចន្ទី និងស្វាយ ព្រមទាំងបានលើកឡើងថានឹងសិក្សាបន្ថែម និងទាក់ទងភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីស្វែងរកលទ្ធភាពនាំចូលផលិតផលទាំងនេះទៅកាន់ទីផ្សារអាល្លឺម៉ង់។
ទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយក្រុមហ៊ុនពិគ្រោះយោបល់ SETHI ក្នុងក្របខ័ណ្ឌកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ដែលទទួលបានការគាំទ្រថវិកា និងបច្ចេកទេសពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប មូលនិធិបរិស្ថានសាកល និងអង្គការសហប្រតិបត្តិការត្រីកោណត្បូង-ត្បូង៕
ចែករំលែកព័តមាននេះ