រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៨ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការចុះបញ្ជីនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ល្ខោនខោលវត្តស្វាយអណ្ដែតមានទីតាំងនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ នេះជាទម្រង់សិល្បៈសម្ដែងបុរាណមួយរបស់ខ្មែរ ដែលតួអង្គពាក់របាំងមុខខ្មុក លើកលែងតួអង្គព្រះរាម និងព្រះលក្សណ៍។ អ្នករាំសុទ្ធតែជាបុរស សម្ដែងតែរឿងរាមកេរ្តិ៍ ដោយមានវង់ភ្លេងពិណពាទ្យប្រគំកំដរ និងអ្នកពោលរៀបរាប់ដំណើររឿង ដើម្បីឱ្យតួអង្គធ្វើកាយវិការទៅតាមខ្លឹមសារ។
អ្នកពោលមានតួនាទីសំខាន់ក្នុងការដឹកនាំរឿង និងកាត់កងឆាកទៅតាមពេលវេលា ខណៈសម្លៀកបំពាក់និងគ្រឿងអលង្ការរបស់តួអង្គមានភាពប្រណីត មិនចាញ់ល្ខោនព្រះរាជទ្រព្យឡើយ។ លក្ខណៈពិសេសរបស់ល្ខោនខោលវត្តស្វាយអណ្ដែត គឺមិនមែនសម្ដែងសម្រាប់ការកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែជាទំនៀមរបស់អ្នកស្រុកក្រោយចូលឆ្នាំខ្មែរ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន។ ឈុត «កុម្ភការណ៍ទប់ទឹក» តែងត្រូវបានសម្ដែង ដោយអ្នកស្រុកមានជំនឿថានឹងនាំមកនូវទឹកភ្លៀងបរិបូរណ៍សម្រាប់ការធ្វើស្រែចម្ការនៅឆ្នាំបន្ទាប់ ហើយការសម្ដែងតាមទំនៀមនេះធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ បន្ទាប់ពីចូលឆ្នាំរួច។
ក្នុងឱកាសខួបលើកទី៨នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចូលរួមអបអរសាទរ ដោយលើកឡើងនូវសាររំលឹកថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ សារនេះជាការរំឭកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យចូលរួមថែរក្សា និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃនេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
ចែករំលែកព័តមាននេះ