ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​- ឡាវ ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យស​ក្ដា​នុ​ពល​ជា​ច្រើន

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​-​ឡាវ ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹង​មាំ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​កិច្ច​ស​ហ​ប្រតិបត្តិការ​រវាង​លើ​វិស័យ​សក្ដានុពល​ជា​ច្រើន​។

នា​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម Saleumxay Kommasith នាយក​រដ្ឋមន្ត្រី​នៃ​សា​ធា​រណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រ​ជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១២ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ក្នុង​ឱកាស​នៃ​ជំនួប​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ បាន​សម្ដែង​សេចក្ដី​សោមន​ស្ស​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ធិ​បតី​នា​ឱកាស​នេះ ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះសម្ដេច​ធិ​បតី ដែល​បាន​ផ្ញើ​សារលិខិត​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម ក្នុង​ឱកាស​ដែល​ឯកឧត្តម​ត្រូវ​បាន​រដ្ឋសភា​ឡាវ​ បោះ​ឆ្នោត​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​។

ឯកឧត្តម​ក៏​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​ប្ដេជ្ញា​ចិត្ត​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹង​មាំ​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី​ក៏​បាន​សម្ដែង​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​ដូច​ជា​មានឱកាស​បាន​អបអរសាទរ​ដោយ​ផ្ទាល់ ចំពោះ​ឯកឧត្តម​ដែល​ទទួល​បានការ​ទុកចិត្ត​ពី​រដ្ឋសភា​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​។ សម្ដេច​ធិ​បតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី លើ​គ្រប់​វិស័យ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ​។

ជាមួយ​គ្នា​នេះ ​សម្ដេច​ធិ​បតី បាន​គូស​បញ្ជា​ក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​វិស័យ​សក្ដានុពល​ជា​ច្រើន​ទៀត ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​រំលឹក​ឡើង​វិញ​ផង​ដែរ​អំពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ ក្នុងរ យៈ​ពេល​ប្រាំពីរ​ទសវត្សរ៍​មកនេះ ក្នុង​ស្មារ​តី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ បាន​ពិភាក្សា​គ្នា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​សក្ដានុពល​ជា​ច្រើន រួម​មាន​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ថាមពល​, កសិកម្ម​, សន្តិសុខ និង​ការពារ​ជាតិ​, អប់រំ ក៏​ដូច​ជា​កា​រត​ភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ជា​ពិសេស​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​មាន​សន្ទុះ​រីក​ចម្រើន​ថែម​ទៀត​៕