ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជាង១ពាន់នាក់ រត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌ នៅខេត្តស្វាយរៀង

13 ម៉ោង មុន

ខេត្តស្វាយរៀង៖ អត្តពលិក និងអ្នកចូលរួមប្រមាណជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍ «រត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌» នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៦។ ពិធីបើកព្រឹត្តិការណ៍នេះស្ថិតក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង។

ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តស្វាយរៀង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឡើង។ សម្ដេចបានលើកឡើងថា ការរត់ដើម្បីសុខភាព សាមគ្គីភាព និងសប្បុរសធម៌ ជាការបង្ហាញពីស្មារតីចែករំលែក និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព និងជួយគ្នាទៅវិញទៅមក។

សម្ដេចក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពជាតិ។ សារនេះក៏បានរំលឹកពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

ជាមួយគ្នានេះ សម្ដេចបានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរ ក្រុមការងាររៀបចំ សប្បុរសជន វិស័យឯកជន ក្រុមគ្រូពេទ្យ និងអត្តពលិកទាំងអស់ ដែលបានចូលរួមចំណែកទាំងពេលវេលា និងធនធាន ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងក្លាយជាសកម្មភាពរួមបញ្ចូលការលើកកម្ពស់សុខភាព សាមគ្គីភាព និងការងារសប្បុរសធម៌ក្នុងសង្គម៕