បងប្អូនភ្លោះ២នាក់ ជិះម៉ូតូ១គ្រឿងមកពីដើរលេងវិញ ជួបគ្រោះអកុសល ក្រោមស្ពានអាកាស«មរតកតេជោ» ស្លា.ប់ម្នាក់ របួ.សធ្ងន់ម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីយុវជនជាបងប្អូនភ្លោះ២នាក់ ជិះម៉ូតូមួយគ្រឿងចេញពីដើរលេងនៅកោះនរា ត្រឡប់ទៅផ្ទះខ្លួនវិញ ស្រាប់តែជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅកៀរនឹងខឿនពុះចែកទ្រូងផ្លូវក្រោមស្ពានអាកាសមរតកតេជោ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៩និង ៥០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមស្ពានអាកាសមរតកតេជោ ផ្លូវព្រះ មុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
ជនរងគ្រោះទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ សុខ សំបូរ អាយុ ១៤ឆ្នាំ ជាសិស្ស ជាអ្នកបើកបរម៉ូតូ បានស្លាប់ ចំណែកម្នាក់ទៀតត្រូវជាប្អូនដែលរងរបួសធ្ងន់ឈ្មោះ សុខ សម្បត្តិ អាយុ ១៤ឆ្នាំ ជាសិស្ស ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅក្រោយវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយ ដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ មួយគ្រឿងម៉ាក Honda best ពណ៌សលាយខៀវ ពាក់ស្លាកលេខ កណ្ដាល 1AI-9349 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក្រោមស្ពានអាកាសមរតកតេជោ ហើយផ្លូវកោង ស្រាប់តែម៉ូតូដែលបើកលឿនពេក ក៍ជ្រុលទៅកៀរនឹងខឿនពុះចែកផ្លូវ ក្រោមស្ពានអាកាសមរតកតេជោ បណ្ដាលឲ្យដួលបោកក្បាលអូសជាច្រើន បណ្ដាលឲ្យអ្នកអង្គុយក្រោយរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរបង្អែកច្បារអំពៅ ដឹកយកទៅសង្គ្រោះ ។ ចំណែកយុវជន ជាបងបោកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុ តែក្រុមគ្រួសារមិនអស់ចិត្ត បានដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ទោះបីជាក្រុមគ្រូពេទ្យបញ្ជាក់នៅកន្លែងកើតហេតុថា ស្លាប់ទៅហើយក្តី ។
ករណីនេះដែរ បន្តិចក្រោយមក ក៍មានសមត្ថកិច្ច និងសាច់ញាតិរបស់ជនរងគ្រោះចុះទៅកន្លែងកើតហេតុ និងបានរៀបរាប់ឱ្យដឹងថា ជនរងគ្រោះ ទើបមកពីដើរលេងនៅកោះនរា ហើយជិះត្រឡប់ទៅផ្ទះវិញនៅម្តុំទួលទំពូង ក៍ជួបគ្រោះថ្នាក់បែបនេះទៅវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើលិខិតប្រគល់សពជនរងគ្រោះអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំប្រគល់អោយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះវិញ ៕
ចែករំលែកព័តមាននេះ