ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​ដ៏​ល្អ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា នា​ល្ងាច​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​ បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ កម្ពុជា​-​ឡាវ​-​មី​យ៉ា​ន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១២ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃ​ទី​២៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​រដ្ឋ​វៀតណាម បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិ​បតី និង​គណៈប្រតិភូ​កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១២ នា​ឱកាស​នេះ ព្រមទាំង​បាន​សម្ដែង​នូវ​ក្ដី​សោ​មន​ស្ស​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ធិ​បតី​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធ​ផល​ជាទី​មោ​ទ​នៈ​របស់​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០​។

បន្ថែម​លើ​នេះ ឯកឧត្តម​បាន​កោត​សរ​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត ទាំង​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​, រដ្ឋាភិបាល​, និង​ស្ថាប័ន​នីតិប្បញ្ញត្តិ​។

ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​បន្ត​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​របស់​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ជូន​ចំពោះ​សម្ដេច និង​គណៈប្រតិភូ និង​បាន​អរគុណ​ឯកឧត្តម​ប្រធាន​រដ្ឋ ដែល​បាន​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​រាជធានី​ភ្នំពេញ នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

សម្ដេច​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​របស់​ប្រទេស​វៀតណាម​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​១១ និង​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​១២ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​វៀតណាម ដែល​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល APEC នៅ​ក្នុង​ឆ្នាំ​២០២៧​។

ជាមួយ​គ្នា​នេះ​ សម្ដេច​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​គ្រប់​វិស័យ និង​បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​រឹង​មាំ​បន្ថែម​ទៀត​៕