សំណុំរឿង«ស្នេហាត្រីកោណ» បា.ញ់សម្លា.ប់ស្ត្រី២នាក់ ត្រូវបានតុលាការចោទប្រកាន់ជនដៃដល់ ២បទល្មើស
- បាត់ដំបង
ខេត្តបាត់ដំបង ៖ អយ្យការអមសាលាដំបូងខេត្ត បានធ្វើការចោទប្រកាន់ជនសង្ស័យដែលបាញ់សម្លាប់ស្ត្រី០២នាក់ ក្នុងនោះមានប្រពន្ធរបស់ខ្លួនម្នាក់ផង ក្នុងសំណុំរឿង«ប្រច័ណ្ឌប្រពន្ធ» ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេតុ្ត ធ្វើការចោទប្រកាន់ចំនួន២ល្មើសគឺ ពីបទ«ឃាតកម្មគិតទុកជាមុន» និង «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធធនា កាលពីសប្ដាហ៏មុន។
ជនត្រូវចោទឈ្មោះ ឈុន ពៅ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។ ខ្មាន់កាំភ្លើងរូបនេះ បានប្រើប្រាសអាវុធខ្លីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ ប៊ុនណា សុគន្ធី អាយុ៣៦ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះ នេត ដានី អាយុ៣៥ឆ្នាំ ត្រូវជាមិត្តភក្ដិប្រពន្ធជនត្រូវចោទ។
ហេតុការណ៏ខាងលើនេះបានកើតឡើង កាលពីរសៀលថ្ងៃទី ២៤ វិច្ឆិកា នៅចំណុចភូមិទូលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់។
តាមរយៈរបាយការណ៏ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ឈុបន ពៅ បានបើករថយន្តរត់គេចពីចំណុចកើតហេតុ បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងស្ត្រីម្នាក់ទៀតដែលជាមិត្តភក្ដិប្រពន្ធរបស់ខ្លួន។
លោកបន្តថា ជនដៃដល់បានប្រើប្រាស់អាវុធខ្លី បាញ់ស្រោចទៅលើជនរងគ្រោះទាំង០២នាក់ជាច្រើនគ្រាប់ រួចឡើងជិះរថយន្តចេញពីកន្លែងកើតហេតុ ឆ្ពោះទៅកាន់ស្រុកកំរៀង ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច ស្តាក់ចាប់បាននៅតាមផ្លូវ។
លោកស្នងការរងបានបញ្ជាក់ថា អំពើបាញ់ប្រហារយ៉ាងឃោរឃៅនេះ បានផ្ដើមចេញពី«ភ្លើងប្រច័ណ្ឌ» រវាងជនដៃដល់ឈ្មោះ ឈុន ពៅ និងប្រពន្ធរបស់ខ្លួនឈ្មោះ ប៊ុនណា សុគន្ធី រីឯស្ត្រីម្នាក់ទៀតឈ្មោះ នេត ដានី ដែលត្រូវជនដៃដល់បាញ់សម្លាប់ដែរ ដោយសារតែជនដៃដល់ខឹងជនរងគ្រោះរូបនេះ ព្យាយាមអូសទាញប្រពន្ធរបស់ខ្លួនឲ្យទៅទាក់ទងស្នេហាជាមួយបុរសម្នាក់ផ្សេងទៀត។
នេះជាចម្លើយរបស់ជនដៃដល់ ដែលបានសារភាពអំពីមូលហេតុ ដែលនាំជននេះតាមបាញា់ម្លាប់ប្រពន្ធនិងមេអណ្ដើក។
ជនត្រូវចោទឈ្មោះ ឈុន ពៅ មិនមែនគ្មានមុខងារជាមន្ត្រីរាជការទេ ប៉ុន្តែជននេះមានអាវុធខ្លីដ៏ទំនើងប្រើប្រាសក្នុងដៃ រហូតហ៊ានបាញ់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ។
នៅចំពោះមុខមន្ត្រីសួរចម្លើយ ជននេះបានសារភាពថា ខ្លួនបានសម្រេចចិត្ត បាញ់សម្លាប់ប្រពន្ធដោយសារខឹងប្រពន្ធលួចទំនាក់ទំនងជាមួយបុរសម្នាក់ទៀត ដែលអូសទាញដោយឈ្មោះ នេត ដានី។
ជននេះបានសារភាពទៀតថា ដោយសារកំហឹង នៃភ្លើងប្រច័ណ្ឌឡើងដល់កម្រិត ខ្លួនបានជិះរថយន្តតាមទៅបាញ់សម្លាប់ប្រពន្ធដល់ផ្ទះមិត្តភក្ដិ នៅស្រុកបាណន់ ថែមទាំងបាញ់សម្លាប់មិត្តភក្ដិប្រពន្ធទៀត។ គ្រានោះ ខ្លួនបានបាញ់សម្លាប់មិត្តភក្តិប្រពន្ធជាមុន រួចបាញ់សម្លាប់ប្រពន្ធខ្លួនតាមក្រោយ។
មូលហេតុ ដែលខ្លួនបាញ់សម្លាប់មិត្តភក្ដិប្រពន្ធ ព្រោះតែខឹងស្ត្រីរូបនេះតែងបង្ខំប្រពន្ធខ្លួនឲ្យលែងលះ និងព្យាយាមបំបែកបំបាក់គ្រួសារខ្លួន។ មិនតែប៉ុណ្ណោះ ស្ត្រីរូបនេះ បានព្យាយាមណែនាំអូសទាញប្រពន្ធខ្លួនទាក់ទងស្នេហាជាមួយបុរសម្នាក់ទៀត ដែលជាសាច់ញាតិរបស់ខ្លួនទៀតផង ដូច្នេះហើយទើបខ្លួនខឹងខ្លាំង រហូតទប់កំហឹងមិនបាន ក៏ជិះរថយន្តតាមទៅបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងស្ត្រីជាមេអណ្ដើករូបនេះដល់ផ្ទះតែម្ដង។
ទោះបីជាយ៉ាងណា នេះជាចម្លើយតែម្ខាងរបស់ជនដៃដល់ រីឯចម្លើយភាគីម្ខាងទៀត ដូចជាភាគីខាងប្រពន្ធ ឬ ចម្លើយខាងភាគីស្ត្រីរងគ្រោះឈ្មោះ នេត ដានី គេមិនទាន់ទទូលបានព័ត៏មាន ឬ របាយការណ៏សមត្ថកិច្ចនៅឡើយទេ។
អ្នកនាំពាក្យតំណាងអយ្យ្កការអមសាលាដំបូងខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៏មាន កាលពីថ្ងៃទី ២៧ វិច្ឆិកា ស្ដីពីចំណាត់ការលើសំណុំរឿង«ឃាកកម្មគិតទុកជាមុន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ក៏បានបង្ហាញដោយសង្ខេបអំពីសាវតារឿងបាញ់សម្លាប់មនុស្សដ៏សាហាវនេះផងដែរ។
ជនសង្ស័យឈ្មោះ ឈុន ពៅ ត្រូវបានចោទប្រកាន់ចំនួន០២ករណី គឺពីបទ «ឃាតកម្មគិតទុកជាមុន និង កាន់កាប់អាវុធដោយគ្មានការអនុញាត» ដែលប្រព្រឹត្តនៅភូមិទូលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់។ ជននេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ កាលពីសប្ដាហ៏មុន ក្រោយបញ្ចប់ការសួរនាំដោយចៅក្រមស៊ើបសួរ៕






ចែករំលែកព័តមាននេះ