អាជ្ញាធរស្រុកពាមរក៍ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារអ្នកលឿង ណែនាំក្រុមអាជីវករកុំឱ្យលក់លើផ្លូវបេតុង បង្កការកកស្ទះចរាចរណ៍
- ព្រៃវែង
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី ២៩ វិច្ឆិកា អាជ្ញាធរស្រុកពាមរក៍ បានដឹកនាំកម្លាំងគណៈកម្មការចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ផ្សារអ្នកលឿង លើផ្លូវបេតុងស្ទឹងខៀវ ដោយបានណែនាំនិងហាមឃាត់ក្រុមអាជីវករ កុំឲ្យលក់លើផ្លូវបេតុង ដើម្បីបើកផ្លូវឲ្យធំទូលាយ នឹងធ្វើចរាចរណ៍បានស្រួល។
អាជ្ញាធរស្រុកពាមរក៍ បានឲ្យដឹងថា ការចុះរៀបចំនេះ មានអាជីវករខ្លះយល់ច្រឡំ គិតថាអាជ្ញាធរចុះដេញពួកគាត់មិនឲ្យលក់ដូរ ប៉ុន្តែការពិតមិនមែនដូច្នោះទេ អាជីវករដែលលក់ដូរក្នុងផ្ទះ មុខផ្ទះ លើគំរបលូ អាចលក់ដូរធម្មតា អាជ្ញាធរអត់ដេញទេ គឺដេញតែអ្នកលក់នៅលើតួផ្លូវបេតុងប៉ុណ្ណោះ ដោយតម្រូវឲ្យចូលទៅលក់នៅក្នុងផ្សារថ្មីដែលនៅជិតគ្នានោះ មិនអនុញ្ញាតឲ្យបន្តលក់នៅលើផ្លូវបេតុងតទៅទៀតទេ។
អាជ្ញាធរស្រុកពាមរក៍ បានបញ្ជាក់ថា ការចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវបេតុងផ្សារអ្នកលឿងនេះ បានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ ដោយអាជីវករខ្លះស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក៏បានរំកិលតូបលក់ដូរចេញផុតពីលើតួផ្លូវ អាជីវករខ្លះក៏បាននាំគ្នាចូលទៅលក់នៅក្នុងផ្សារថ្មី ប៉ុន្តែក៏នៅមានអាជីវករមួយចំនួនតូច ដែលនៅបន្តលក់លើផ្លូវបេតុងដដែល ពេលអាជ្ញាធរចុះដេញ ពួកគាត់រំកិលចេញផុតពីផ្លូវ ពេលអាជ្ញាធរទៅអស់ ពួកគាត់ខិតមកលក់លើផ្លូវដដែល ទើបអាជ្ញាធរត្រូវចុះដេញម្ដងហើយម្ដងទៀតបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរស្រុកពាមរក៍បានបង្ហាញពីជំហរយ៉ាងច្បាស់ ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអ្នកលឿងនេះ គឺដើម្បីបើកផ្លូវឲ្យធំទូលាយ ងាយស្រួលធ្វើដំណើរ ដូច្នេះសូមឲ្យក្រុមអាជីវករ ចូលរួមសហការទាំងអស់គ្នា ក្នុងករណីអាជីវករណាមិនស្ដាប់តាមការណែនាំ អាជ្ញាធរនិងចាត់វិធានការផ្លូវច្បាប់ លែងមានការយោគយល់តទៅទៀតហើយ ៕




ចែករំលែកព័តមាននេះ