ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកត្រៀមដកកងទ័ពរបស់ខ្លួន៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់បន្ទាប់ពីមានទំនាស់យ៉ាងល្វីងជូរចត់ជាមួយគ្នាដោយសារពាក្យសម្ដីប៉ុន្មានម៉ាត់របស់មេដឹកនាំអាល្លឺម៉ង់ធ្វើឱ្យលោកត្រាំឈឺចុកចាប់។ ដូច្នេះលោកត្រូវតែបញ្ចេញប្រតិកម្មត្រឡប់ទៅវិញ។ នេះបើយោងតាមសេចក្ដីប្រកាសពីមន្ទីរបញ្ចកោណ។ អេស្ប៉ាញ និងអ៊ីតាលីក៏លោកត្រាំកំពុងពិចារណាដកកងទ័ពផងដែរ។ លោកត្រាំព្រមានដកកងទ័ពកាលពីដើមសប្ដាហ៍នេះបន្ទាប់ពីឈ្លោះគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីចម៊ែក។

លោកម៊ែកថ្លែងថាអ៊ីរ៉ង់ធ្វើឱ្យអាមេរិកអាម៉ាស់មុខនៅពេលចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។ លោកថាអាមេរិកគ្មាននយោបាយច្បាស់លាស់ទេនៅក្នុងសង្គ្រាមនេះ។ មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះថ្លែងថាវាហាក់ដូចជាមិនសមរម្យទេ ហើយក៏ជាការឥតប្រយោជន៍ផងដែរដែលមេដឹកនាំអាល្លឺម៉ង់ប្រើប្រាស់ពាក្យសម្ដីបែបហ្នឹងនោះ។ មន្ត្រីរូបនេះថ្លែងបន្តទៀតថាលោកដូណាល់ត្រាំបញ្ចេញប្រតិកម្មបែបនេះគឺត្រឹមត្រូវហើយដើម្បីកុំឱ្យមានមាត់ចេះនិយាយប៉ាតណាប៉ាតណី។

មន្ទីរបញ្ចកោណថ្លែងថាដំណើរការដកកងទ័ពរំពឹងថានឹងបិទបញ្ចប់នៅអំឡុងពេលចាប់ពី៦ទៅ១២ខែខាងមុខនេះ។ សព្វថ្ងៃនេះ កងទ័ពអាមេរិកដែលកំពុងឈរជើងនៅអាល្លឺម៉ង់មានចំនួន៣៥០០០នាក់ ជាចំនួនច្រើនជាងប្រទេសណាៗទាំងអស់នៅទ្វីបអឺរ៉ុប។ មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះខាងលើនេះប្រាប់ថាគម្រោងដកចំនួនកងទ័ពនេះនឹងធ្វើឱ្យទ័ពអាមេរិកថយមកនៅកម្រិតស្មើនឹងមុនឆ្នាំ២០២២។ ពោលគឺមុនពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ បន្ទាប់ពីមានអំពើឈ្លានពាននោះ លោកចូបៃដិនក៏ចាប់ផ្ដើមបង្កើនចំនួនកងទ័ពនៅអឺរ៉ុប។

មន្ត្រីដដែលនេះចាត់ទុកថាការសម្រេចនេះក៏ស្របទៅនឹងគោលនយោបាយរបស់រដ្ឋបាលលោកដូណាល់ត្រាំដែលចង់ជំរុញឱ្យអឺរ៉ុបម្ចាស់ការលើខ្លួនឯងខាងសន្តិសុខជាតិ។ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងនូវការត្រៀមចិត្តត្រៀមកាយរបស់លោកត្រាំដើម្បីចាត់វិធានការក្ដៅទៅលើសម្ព័ន្ធមិត្តទាំងឡាយណាដែលមិនចង់រួមសុខរួមទុក្ខជាមួយគ្នា។ កាលពីសប្ដាហ៍មុន ទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយអ៊ីមែលសម្ងាត់របស់មន្ទីរបញ្ចកោណដែលគូសបញ្ជាក់ថា «អាមេរិកនឹងចាត់វិធានការក្ដៅទៅលើប្រទេសនៅក្នុងសម្ព័ន្ធមិត្តណាតូជាមួយគ្នាដែលទីក្រុងវ៉ាស៊ីនតោនជឿជាក់ថាមិនគាំទ្រប្រតិបត្តិការសឹករបស់យោធាអាមេរិកនៅក្នុងសង្គ្រាមអ៊ីរ៉ង់»។ ក្នុងនោះ ក៏រួមទាំងការព្យួរទុកសមាជិកភាពរបស់អេស្ប៉ាញ និងការផ្លាស់ប្ដូរជំហររបស់អាមេរិកនៅក្នុងបញ្ហាកោះហ្វកលេន (Falkland) ដែលអង់គ្លេសចាត់ទុកថាជារបស់ខ្លួនផងដែរ៕ ប្រភព៖ រ៉យទ័រ និងប្រទេសដទៃទៀត
ចែករំលែកព័តមាននេះ