ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​អន​ឡាញ​​​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​លើកកម្ពស់«​ក្រមសីលធម៌ ​វិជ្ជាជីវៈ ​និង​ការ​គោរព សិទ្ធិ​​បុគ្គល»

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​សាធារណជន អ្នក​លេង​បណ្តាញ​សង្គម​​លើ​ក្រុម​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន ​ចំពោះ​សកម្មភាព​រាយការណ៍​ព័ត៌មាន​ ហួសព្រំ​ដែន​កំណត់​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​ស្នើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​អន​ឡាញ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​លើ​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​ពី​សាធារណជន អ្នក​លេង​បណ្តាញ​សង្គម​​លើ​ក្រុម​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន ​ចំពោះ​សកម្មភាព​រាយការណ៍​ព័ត៌មាន​ ហួសព្រំ​ដែន​កំណត់​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​ស្នើ​ឲ្យ​អ្នក​សារ​ព័ត៌មាន​អន​ឡាញ ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​លើ​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់ «​ក្រមសីលធម៌​វិជ្ជាជីវៈ​»និង​ការ​គោរព «​សិទ្ធិ​
បុគ្គល​»។

លោក អ៊ុ​ក គឹ​ម​សេង​ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​សរសេ​លើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៦ ថា​ សីលធម៌​!​ខ្ញុំ​សូម​ចូលរួម​ណែ​នាំ និង​រំលឹកស្មារតី​ក្នុង​ន័យ​ស្ថាបនា ផ្ញើ​ជូន​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​អន​ឡាញ ដែល​កំពុង​បំពេញភារកិច្ច​នៅ​លើ​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកកម្ពស់ «​ក្រមសីលធម៌​វិជ្ជាជីវៈ​» និង​ការ​គោរព «​សិទ្ធិ​បុគ្គល» ។

លោក​អនុ​រដ្ឋ​លេខា​បាន​លើក​ឡើង​ថា ការ​ផ្សាយ​ព័ត៌មាន​ដោយ​ការ​ទទួល​ខុស​ត្រូវ ​។ ​ក្នុង​នាម​ជា​អ្នក​នាំសារ​ទៅ​កាន់​សាធារណជន ល្បឿន​នៃ​ព័ត៌មាន​គឺជា​រឿង​សំខាន់ ប៉ុន្តែ «​តម្លៃ​នៃ​សេចក្តី​ថ្លៃថ្នូរ និង​សីលធម៌​» គឺជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​ ។ ដើម្បី​ឱ្យ​វិជ្ជាជីវៈ​សារព័ត៌​មាន​អន​ឡាញ​ទទួល​បានការ​គាំទ្រ និង​គោរព​ពី​មហាជន ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​អ៊ុ​ក គឹ​ម​សេង​ បាន​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន​អន​ឡាញ​ថា​ សូម​បងប្អូន​មេត្តា​ពិចារណា​នូវ​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​ ៖

១-គោរព​សិទ្ធិ​ឯកជន​ភាព និង​សេចក្តី​ថ្លៃថ្នូរ​។​ ​កុំ​ថតរូប​ភាព​បង្ហាញមុខ​ជន​រងគ្រោះ ៖​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ហិង្សា សូម​ចៀសវាង​ការ​ផ្សាយ​បន្ត​ផ្ទាល់ (Live) ដោយ​បង្ហាញមុខ​ជន​រង​គ្រោះ​ក្នុង​ស្ថានភាព​អាណោច​អា​ធ​ម ឬ​ស្លាប់​បាត់បង់​ជីវិត​ ។ វា​គឺជា​ការ​មិន​ផ្តល់​កិត្តិយស​ដល់​សាកសព និង​បង្កើត​ការ​ឈឺចាប់​បន្ថែម​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​។ ​ការ​បិទ​បាំង​អត្តសញ្ញាណ​៖ បើ​ទោះបី​ជា​ស្ថិត​ក្នុង​ទី​សាធារណៈ ប៉ុន្តែ​ការ​បង្ហាញ​មុខមាត់​អ្នក​ពាក់ព័ន្ធ​ក្នុង​ជម្លោះ ឬ​កំហុសឆ្គង​បន្តិចបន្តួច ដោយ​គ្មាន​ការ​អនុញ្ញាត អាច​ប៉ះពាល់​ដល់​កិត្តិយស និង​ជីវិត​ឯកជន​របស់​គេ​យូរ
អង្វែង​។

២-ចៀសវាង​ការ​កាត់សេចក្តី​ដោយ​ខ្លួនឯង​។ អ្នក​សារព័ត៌មាន​មាន​តួនាទី​រាយការណ៍​ហេតុការណ៍​មិនមែន​ជា​ចៅក្រម​កាត់សេចក្តី​ឡើយ​ ។ សូមកុំ​ប្រើស​ម្តី​វាយប្រហារ បង្អាប់បង្អោន ឬ​ប្រើ​ពាក្យ​អសុរោះ​ទៅ​កាន់​ភាគី​ណាមួយ​នៅ​ចំពោះ​មុខ​កាមេរ៉ា​ ។

៣-សុវត្ថិភាព និង​ការ​បង្ក​ការ​រំខាន
សូមកុំ​ដណ្តើម​គ្នា​ថតរូប​ភាព​រហូត​ដល់​រំខាន​ដល់​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ឬ​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​ ។ ការ​ចោមរោម​ថត​ជិត​ពេក ឬ​ការ​សួរ​ដេញដោល​ជន​រង​គ្រោះ​ដែល​កំពុង​តក់ស្លុត គឺជា​ទ​ង្វើ​ខ្វះ​មនុស្សធម៌​។

៤-មាតិកា​សារព័ត៌មាន​ដែល​មានគុណ​តម្លៃ​ ។​ព័ត៌មាន​ដែល​ល្អ មិនមែន​ជា​ព័ត៌មាន​ដែល​ផ្ដោត​តែ​លើ “​ឈាម និង​ទឹកភ្នែក​” ដើម្បី​ទាញ​យក View នោះ​ទេ​។ ព័ត៌មាន​ដែល​ល្អ គឺជា​ព័ត៌មាន​ដែល​ផ្ដល់​ចំណេះដឹង ការ​ដាស់តឿន​ឱ្យ​ប្រុង​ប្រយ័ត្ន និង​ការ​គោរព​ច្បាប់​។

លោក​បាន​បន្ថែម​ថា​ កាមេរ៉ា​នៅ​ក្នុង​ដៃ​របស់​បងប្អូន គឺជា​អាវុធ​មុខ​ពីរ​។ បើ​ប្រើ​វា​ដោយ​សីលធម៌ វា​គឺជា​ពន្លឺ​នៃ​យុត្តិធម៌ ប៉ុន្តែ​បើ​ប្រើ​វា​ដោយ​ខ្វះ​ការ​ពិចារណា វា​អាច​នឹង​ក្លាយជា​ឧបករណ៍​បំផ្លាញ​ជីវិត​អ្នក​ដទៃ​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ក៏សង្ឃឹមថា​ បងប្អូន​អ្នក​សារព័ត៌មាន​អន​ឡាញ​ទាំងអស់ នឹង​រួម​គ្នា​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ ដើម្បី​សង្គម​មួយ​ដែល​មាន​សណ្ដាប់ធ្នាប់ និង​ការ​យោគយល់
​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ