ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករនិយោជិត​ពេញចិត្ត​វេទិកា​នៃ​កិច្ច​សន្ទនា​សង្គម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ​ជាមួយ​រដ្ឋាភិបាល

1 នាទី មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ កម្មករនិយោជិត សហជីព កសិករ រួម​ជាមួយ​សមាគម និង​អង្គការ​សង្គម​ស៊ី​វិល ប្រមាណ​ជាង​១​ពាន់​នាក់ បង្ហាញ​ការ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​វេទិកា​នៃ​កិច្ច​សន្ទនា​សង្គម​អប​អរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១…

​រាជធានី​ភ្នំពេញ​ ៖ កម្មករនិយោជិត សហជីព កសិករ រួម​ជាមួយ​សមាគម និង​អង្គការ​សង្គម​ស៊ី​វិល ប្រមាណ​ជាង​១​ពាន់​នាក់ បង្ហាញ​ការ​ពេញចិត្ត​ក្នុង​ការ​ចូលរួម​វេទិកា​នៃ​កិច្ច​សន្ទនា​សង្គម​អប​អរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៦ ជាមួយ​រាជរដ្ឋាភិបាល ​ព្រោះ​វេទិកា​នេះ​ អាច​ជួយ​ឱ្យ​កម្មករនិយោជិត និង​កសិករ អាច​បង្ហាញ​ពី​សំណើ និង​សំណូមពរ​បាន​លឿន​រហ័ស​ទៅ​ដល់​រាជរដ្ឋាភិបាល​ជាង​ការ​ហែរ​ក្បួន​ដាក់​ញត្តិ​ ឬ​ឆ្លើយឆ្លង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ។

លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​លើក​ឡើង​ថា វេទិកា​​នៃ​កិច្ច​សន្ទនា​សង្គម​នេះ បាន​បើកឱកាស​ដល់​និយោជក សហជីព និង​អង្គការ​សង្គម​ស៊ី​វិល ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ក្នុង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ និង​ដាក់​ចេញ​អនុសាសន៍​គោលនយោបាយ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម ដែល​កម្មករ កសិករ​កំពុង​ជួប​ប្រទះ​ពាក់ព័ន្ធ​សិទ្ធិ​ការងារ សេរីភាព​សហជីព ប្រាក់​ឈ្នួល​សមរម្យ សុវត្ថិភាព សុខភាព​ការងារ និង​ពង្រីក​កិច្ច​គាំពារ​សង្គម​ ។ មិនតែប៉ុណ្ណោះ កម្មករនិយោជិត និង​កសិករ ក៏​អាច​លើក​ពី​សំណូមពរ និង​សំនួរ​ផ្សេង​ៗ​ដោយ​ផ្ទាល់​បាន​ផង​ដែរ​ ។

លោក​បញ្ជាក់​ថា​៖ «​វេទិកា​នេះ គឺជា​លំហ​រួម​សម្រាប់​រដ្ឋាភិបាល សហជីព និយោជក កម្មករ កសិករ និង​ភាគី​ពាក់ ព័ន្ធ​ទាំងអស់ ចូលរួម​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​រួម​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ ប្រាក់​ឈ្នួល​សមរម្យ សុវត្ថិភាព​ការងារ ការ​ពង្រីក​គាំពារ​សង្គម និង​វិធានការ​ឆ្លើយ​តប​វិបត្តិ​
សកល​»​។

អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​នោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្ហាញ​ក្តី​រីករាយ និង​អរគុណ​ដល់​បងប្អូន​កម្មករនិយោជិត សហជីព កសិករ សង្គម​ស៊ី​វិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជ្រើសរើស​វិធីសាស្ត្រ​លឿន​រហ័ស និង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ជួបជុំ​ពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ ប្រសើរ​ជាង​ការ​ដើរ​ដាក់​លិខិត ឬ​ឆ្លើយឆ្លង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​អ្វី​ដែល​បងប្អូន​រៀបចំ​វេទិកាសាធារណៈ​ថ្ងៃនេះ គឺ​ប្រាកដជា​ចង់ឱ្យ​បាន​សំឡេង ចង់ឱ្យ​បាន​សំណូមពរ​របស់​បងប្អូន​នេះ​លឺ​ដល់​រដ្ឋាភិបាល ហើយ​ប្រគល់​ញត្តិ ប្រគល់​សំណើរ ប្រគល់​សំណូមពរ​ហ្នឹង ឱ្យ​បាន​លឿន ចឹ​ង​វិធី​ដែល​លឿន ប្រហែល​មិន​ចាំបាច់​ដើរ​កាត់​រង្វង់​មូល​អី​ច្រើន​ទេ យើង​មក​កន្លែង​នេះ ជួបជុំ​គ្នា បើ​ថា​ត្រូវ​ឆ្ងល់​អី សួរ​គ្នា​ត្រង់​ៗ​តែ​ម្តង​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ក្រសួង​ការងារ​នឹង​ទទួល​សំណើរ សំណូមពរ ឬ​បណ្តឹង​របស់​បងប្អូន​កម្មករនិយោជិត​ដើម្បី​រក​ដំណោះស្រាយ​លឿន​រហ័ស​ទាន់​ពេលវេលា មិន​ថា​បងប្អូន​ប្រកបការងារ​ក្នុង​ប្រព័ន្ធ ឬ​ក្រៅ​ប្រព័ន្ធ​ក៏​ដោយ​ឱ្យ​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ ក៏​ដូច​ជា​អត្ថប្រយោជន៍​។

សូម​ជម្រាប​ជូន​ថា វេទិកា​នៃ​កិច្ច​សន្ទនា​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​បាន​ធ្វើ​ឡើង​នៅ​មណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ រៀបចំ​ដោយ សហភាព​ការងារ​កម្ពុជា (CLC) សហភាព​ចលនា​កម្មករ​កម្ពុជា (CCW) សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) រួម​ជាមួយ​សហជីព សមាគម កម្មករ កសិករ និង​អង្គការ​សង្គម​ស៊ី​វិល នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា​នេះ ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​គោលនយោបាយ​ឆ្លើយ​តប គាំពារ​សង្គម សិទ្ធិ​ការងារ និង​វិបត្តិ​សកល​» ដោយ​មាន​អ្នកចូលរួម​ជាង​១​ពាន់​នាក់ ។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ