ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​ត​បញ្ចូល​ទី​១​គ្រាប់​យប់មិញ​! Luis Díaz អង្វរ​ក្រុម​ឧទ្ទាម​ឱ្យ​ដោះ​លែង​ឪពុក​ខ្លួន

1 ឆ្នាំ មុន

អង់គ្លេស ៖ ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Luis Díaz របស់​ក្រុម​ហង្ស​ក្រហម Liverpool អង្វរ​ក្រុម​ចាប់ជំរិត​ឱ្យ​ដោះ​

អង់គ្លេស ៖ ខ្សែប្រយុទ្ធ​កូ​ឡុំ​ប៊ី Luis Díaz របស់​ក្រុម​ហង្ស​ក្រហម Liverpool អង្វរ​ក្រុម​ចាប់ជំរិត​ឱ្យ​ដោះ​លែង​ឪពុក​របស់​ខ្លួន បន្ទាប់​ពី​រក​គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ចុង​ម៉ោង​ជួយ Liverpool តាម​ស្មើ​ម្ចាស់ផ្ទះ Luton Town លទ្ធផល ១-១ នៅ​ក្នុង​ក្រប​ខណ្ឌ English Premier League កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ឪពុក​ម្តាយ​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី Luis Díaz ត្រូវ​បាន​ចាប់ជំរិត​នៅ​ស្រុក​កំណើត​ក្នុង​ទីក្រុង Barrancas ខេត្ត La Guajira ភាគ​ខាងជើង​ប្រទេស​កូ​ឡុំ​ប៊ី ដោយ​ក្រុម​ទ័ពព្រៃ​ឆ្វេងនិយម​នៃ​កងទ័ព​រំដោះជាតិ ដែល​ហៅ​កាត់​ថា ELN កាលពី​ថ្ងៃ​ទី​២៨ ខែតុលា កន្លង​ទៅ​។ ទោះ​យ៉ាងណា​ក៏​ដោយ ម្តាយ​កីឡាករ​រូប​នេះ ត្រូវ​បាន​ជួយ​សង្គ្រោះ ប៉ុន្តែ​ឪពុក​របស់​គេ​នៅ​តែ​បាត់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ​។

អ្វី​ដែល​គ្រប់​គ្នា​ចាប់អារម្មណ៍​ខ្លាំង បន្ទាប់​ពី​ខ្សែប្រយុទ្ធ Luis Díaz តែ​តបាល់​បញ្ចូល​រួច​ហើយ រូបគេ​បាន​លើក​អាវ​បង្ហាញ​ពាក្យ​ជា​ភាសា​អេ​ស្ប៉ា​ញ ប្រែជា​ភាសា​អង់គ្លេស​ថា «Freedom For Papa» ឬ​ខេមរភាសា​ថា «​សេរីភាព​សម្រាប់​លោកប៉ា​»​។ បន្ថែម​លើស​ពី​នេះ ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ថា «​រៀង​រាល់​វិនាទី រាល់​នាទី ការ​ព្រួយបារម្ភ​របស់​យើង​កាន់តែ​ខ្លាំង​ឡើង​។ ម្តាយ​ខ្ញុំ បងប្អូន​ខ្ញុំ និង​ខ្ញុំ​អស់សង្ឃឹម បារម្ភ និង​គ្មាន​ពាក្យ​អ្វី​មក​រៀបរាប់​ពី​អារម្មណ៍​យើង​នោះ​ទេ​។ ការ​ឈឺចាប់​នេះ នឹង​បញ្ចប់​នៅ​ពេល​យើង​មាន​គាត់​នៅផ្ទះ​ជាមួយ​យើង​។ ខ្ញុំ​សូម​អង្វរ​ដោះ​លែង​គាត់​ទៅ ដោយ​គោរព​នូវ​ភាព​ស្មោះត្រង់​របស់​គាត់ និង​បញ្ចប់​ការ​រង់ចាំ​ដ៏​ឈឺចាប់​មួយ​នេះ​។ ក្នុង​នាម​នៃ​ក្តី​ស្រឡាញ់ និង​ក្តី​មេត្តា យើង​សុំ​ពួក​គេ​ពិចារណា​ឡើង​វិញ​នូវ​សកម្មភាព​ពួក​គេ និង​អនុញ្ញាត​ពួក​យើង​យក​គាត់​ត្រឡប់​មក​វិញ​»​។

ទន្ទឹម​ជាមួយ​គ្នា​នោះ Díaz ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​កូ​ឡុំ​ប៊ី និង​សហគមន៍​អន្តរជាតិ​សម្រាប់​ការ​គាំទ្រ ក៏​ដូច​ជា​ការ​បង្ហាញ​សារ​ជា​ច្រើន​នៃ​ការ​យកចិត្តទុកដាក់ និង​សាមគ្គីភាព​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។

រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​បាន​ដាក់​ពង្រាយ​ប៉ូ​លី​ស និង​ទាហាន​រាប់រយ​នាក់​ក្នុង​ដំណើរ​ស្វែងរក​លោក Luis Manuel Díaz ឪពុក​កីឡាករ Luis Díaz ។ គណៈប្រតិភូ​រដ្ឋាភិបាល​មួយ​រូប ដែល​បច្ចុប្បន្ន​កំពុង​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​បាន​អះអាង​ថា ការ​ចាប់ជំរិត​ត្រូវ​បាន​ធ្វើ​ឡើង​ក្រុម​ឧទ្ទាម ELN​។ តំណាង​ក្រុម​នេះ បាន​រាយការណ៍​ថា ក្រុម​នឹង​ដោះ​លែង​ឪពុក Díaz នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

សូម​ជម្រាប​ជូន​ថា ELN គឺជា​ក្រុម​ទ័ពព្រៃ​សកម្ម​នៅ​សេសសល់​ដ៏​មាន​ឥ​ទិ្ធ​ពល​របស់​ប្រទេស​កូ​ឡុំ​ប៊ី​។ ក្រុម​ដែល​មាន​សមាជិក​ប្រមាណ​២,៥០០​នាក់​មួយ​នេះ បាន​ប្រយុទ្ធ​ជាមួយនឹង​រដ្ឋាភិបាល​តាំងពី​ឆ្នាំ ១៩៦៤ មក​ម្ល៉េះ​។ ក្រុម​នេះ​សកម្ម​បំផុត​នៅ​ក្នុង​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​វេ​នេ​ហ្ស៊ុ​យ​ឡា​ជា​កន្លែង​លោក Luis Manuel Díaz និង​ប្រពន្ធ​របស់​គាត់​គឺ​លោកស្រី Cilenis Marulanda កំពុង​រស់នៅ​៕ (​ប្រភព​ពី BBC)

អត្ថបទពាក់ព័ន្ធ ៖

មនុស្ស​រាប់​ពាន់​នាក់ ដើរ​ដង្ហែរ​ក្បួន​ទាមទារ​ឱ្យ​ដោះ​លែង​ឪពុក​ខ្សែប្រយុទ្ធ Luis Díaz

-កងទ័ព​កូ​ឡុំ​ប៊ី​ចូលរួម​ស្វែងរក​ឪពុក​កីឡាករ Luis Diaz ដែល​ត្រូវ​ក្រុម​ប្រដាប់​អា​វុ​.​ធ​ចាប់​ជំ​រិ​.​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ