ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​តែ​តាន់​! រិ​ទ្ធី គី​ង​កុង អាយុ​ត្រឹមតែ​៩​ឆ្នាំ​ក្លាយជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​ប្រកួត​មិន​ដែល​ចា.ញ់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​វិស័យ​កីឡា​ទាំងអស់​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​លើកកម្ពស់​យ៉ាង​ខ្លាំង ជា​ពិសេស​កីឡាប្រដាល់​គុន​ខ្មែរ​នេះ​តែ​ម្ដង ។ នៅ​ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក៏​មានដាក់​បញ្ចូល​នូវ​វិញ្ញាសា​គុន​ខ្មែរ​ដែល​បង្ហាញ​ឱ្យឃើញ​ពី​ការ​យកចិត្តទុកដាក់​លើ​ប្រភេទ​កីឡាប្រយុទ្ធ​មួយ​នេះ​ដែរ ។ ជាមួយ​គ្នា​នេះ សហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ​ដែល​មាន​ឯកឧត្តម​ខូ​វ ឆាយ…

0:00
0:00

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​វិស័យ​កីឡា​ទាំងអស់​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​លើកកម្ពស់​យ៉ាង​ខ្លាំង ជា​ពិសេស​កីឡាប្រដាល់​គុន​ខ្មែរ​នេះ​តែ​ម្ដង ។ នៅ​ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក៏​មានដាក់​បញ្ចូល​នូវ​វិញ្ញាសា​គុន​ខ្មែរ​ដែល​បង្ហាញ​ឱ្យឃើញ​ពី​ការ​យកចិត្តទុកដាក់​លើ​ប្រភេទ​កីឡាប្រយុទ្ធ​មួយ​នេះ​ដែរ ។ ជាមួយ​គ្នា​នេះ សហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ​ដែល​មាន​ឯកឧត្តម​ខូ​វ ឆាយ ជា​ប្រធាន​សហព័ន្ធ ក៏​ប្រកាន់​ជំហរ​អូសទាញ​យុវជន​ឲ្យ​មក​លេង​កីឡា​ទាំងអស់​គ្នា
ដើម្បី​សុខភាព សេដ្ឋកិច្ច និង​គេច​ឲ្យ​ផុត​ពីការ​សេព​គ្រឿងញៀន​ផង​ដែរ​។

តាម​រយៈ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​នេះបាន​ធ្វើ​ឲ្យ​កីឡាករ​-​កីឡាការិនី​ថ្នាល​មួយ​ចំនួនបាន​ក្លាយជា​បុគ្គល​គំរូ​ដោយ​មាន​អ្នកគាំទ្រ​ជាច្រើន​ពេញចិត្ត​នូវ​ការ​តស៊ូ​របស់​ពួក​គេ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​គេ​និង​ក្រុម​គ្រួសារ​លេច​ត្រដែត​នៅ​ក្នុង​ស្រទាប់​មហាជន​។

ជាក់ស្ដែង កីឡាករ​រិ​ទ្ធី គី​ង​កុង ដែល​មានឈ្មោះ​ពិត​ហុង លី​ហ័​ង អាយុ​ត្រឹមតែ​៩​ឆ្នាំ​ប៉ុណ្ណោះ
បាន​​ក្លាយជា​កីឡាករ​ថ្នាល​គុន​ខ្មែរ​មួយ​រូបទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មហាជន
នា​ពេល​បច្ចុប្បន្ន​តាម​រយៈ​ការ​ប្រកួត​មិន​ដែលចាញ់​សោះ​ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ ។

លោក ផាត់ សូ​ដា ជា​គ្រូបង្វឹក​ប្រចាំ​ក្លិប​គុន​ខ្មែរ​សុ​៊ុ​ប​ពើ​ហ្វៃ​បានឱ្យ​ដឹង​ថា ដំបូង​ឡើយ លោក​បានឃើញ​កុមា​រា​រិ​ទ្ធី គី​ង​កុង តែង​មក​លួច​មើល​គេ​ហាត់​ប្រដាល់​ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឱ្យ​លោក​ដឹង​ពី​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​កីឡា​មួយ​នេះ​ទើប​លោក​ប្រាប់​គេ​ឱ្យទៅ​ហៅ​ឪពុក​ម្ដា​យមក​សុំ​ចូល​ហ្វឹកហាត់​ត្រឹមត្រូវ​តែ​មិន​ទទួល​បានការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ឡើយ​។

លោក​លឹ​ម ហុង ដែល​ត្រូវជា​ឪពុក​របស់​កុមា​រា​រិ​ទ្ធី គី​ង​កុង ប្រាប់​ថា ពី​ដំបូង​លោក​មិន​អនុញ្ញាត​ឱ្យ​កូន​របស់​លោក​ហាត់​ប្រដាល់​នោះ​ទេ​ព្រោះ​គេ​នៅ​តូច​ហើយ​នៅ​ក្នុង​វ័យ​កំពុងសិក្សា​ទៀត​ផង ។ ប៉ុន្តែ​រាល់ពេល​ចេញពី​សាលាកូនប្រុស​របស់​លោក​គឺ​បាត់​ពី​ផ្ទះ​មក​លួច​មើល​គេ​ហាត់​ប្រដាល់​រាល់ថ្ងៃ​។ ដោយ​ហាមឃាត់​មិនឈ្នះ ទីបំផុត​លោក​ក៏​សម្រេចចិត្ត​មក​សុំ​លោកគ្រូ​ផាត់ សូ​ដា ឱ្យ​កូន​របស់​គាត់​បាន​ចូល​ហ្វឹកហាត់​តាំងពី​ពេល​នោះ​មក​(​ដើមឆ្នាំ​២០២៤)​។

បច្ចុប្បន្ន លោក​មាន​តែ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​កូន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ត​ទៀត ពីព្រោះ​នេះ​ជា​អ្វី​ដែល​គេ​មានចិត្ត​ស្រឡាញ់​ចូល​ចិត្ត​ទៅ​ហើយ ។ រហូត​មក​ទល់​ពេល​នេះ លោក​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ព្រោះ​មិន​នឹក​ស្មានថា ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​កូនប្រុស​របស់​លោក​មានឈ្មោះ​ល្បី​ខ្លាំង​ក្នុង​ពិភព​ប្រដាល់​គុន​ខ្មែរ​តាម​រយៈការ​ប្រកួត​ជាង​១០​ដង​មិន​ទាន់​ស្គាល់​ចាញ់​ម្ដងណា​ឡើយ​រហូត​ទទួល​រហស្សនាម​ថា​«​តូច​តែតាន់​»​ទៀត​ផង​។

គួរ​ឱ្យ​ដឹងផង​ដែរ កីឡាករ​រិ​ទ្ធី គី​ង​កុង មាន​បងប្អូន​ចំនួន​៤​នាក់ ប្រុស​៣​នាក់​ស្រី​១​នាក់ ។ គេ​ជា​កូន​ទី​២​នៅ​ក្នុង​គ្រួសារ​រស់នៅ​ភូមិ​ខ្នំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ រិ​ទ្ធី គី​ង​កុង ដែល​កំពុង​រៀន​ថ្នាក់​ទី​៣​នៅ​សាលា​បឋម​សិក្សា​វត្ត​ភ្នៀ​ត​បាន​ចូល​ហ្វឹកហាត់​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​មាន​ស្ថិតិ​ប្រកួត​បាន​ចំនួន​១៣​ដង​មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​បាន​៧​ដង​។ ការ​ប្រកួត​លើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា បាន​យកឈ្នះ​កីឡាករ​ថៃ​NATHAO TOYOTA RAKYORNG ដោយ​ពិន្ទុ ។ តាម​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ថា កីឡាករ​មាឌតូច​តែ​តាន់​រូប​នេះ​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន​នៅ​ខែ​ក្រោយ​នេះ​ហើយ​។

ចំណែក​បងប្រុស​របស់​គេ​ឈ្មោះ​រិ​ទ្ធី លី​ហួ មាន​អាយុ​១១​ឆ្នាំ ក៏​ជា​អ្នក​ប្រដាល់​នៅ​ក្នុង​ក្លិប​ជាមួយ​​គ្នា​នេះ​ដែរ​តែ​មិន​ទាន់​ល្បីឈ្មោះ​ខ្លាំង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ