ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៦

2 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្ត​​មណ្ឌលគិរី​ ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ នេះ មណ្ឌល​កីឡដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ប្រារព្ធ​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៦…

ខេត្ត​​មណ្ឌលគិរី​ ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ នេះ មណ្ឌល​កីឡដ្ឋាន​ខេត្តមណ្ឌលគិរី បាន​ប្រារព្ធ​ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំឆ្នាំ​២០២៦ ក្រោម​អធិបតីភាព​របស់ លោក លន់ សុភាព អភិបាលរង​ខេត្តមណ្ឌលគិរី ។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លី សា​មិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​, លោក លោកស្រី ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ អាជ្ញាធរ​ក្រុង​-​ស្រុក លោកគ្រូ អ្នកគ្រូ យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្ព​ន្ឋ​យុវជន​ស្រឡាញ់​សន្តិភាព អាជីវករ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។

ថ្លែង​នៅ​ក្នុង​របាយការណ៍​បូក​សរុប លោក លី សា​មិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យ​ដឹង​ថា ការ​ប្រកួត​ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ០៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ នេះ មាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប​ចំនួន ៨១៦​នាក់ មក​ពី​ក្រុង​-​ស្រុក​ទាំង​០៥ ក្នុង​ខេត្តមណ្ឌលគិរី (​ក្រុង​សែន​មនោ​រម្យ​, ស្រុក​កែវ​សីមា​, ស្រុក​កោះ​ញែក​, ស្រុក​អូរ​រាំង​, និង​ស្រុក​ពេ​ជ្រា​ដា​)​។ ក្នុង​នោះ កីឡា​សិស្ស​បឋម​សិក្សា​មាន​ចំនួន ៣៩០​នាក់ (​ស្រី ១៥៩​នាក់​) និង​កីឡា​សិស្ស​មធ្យមសិក្សា​មាន​ចំនួន ៤២៦​នាក់ (​ស្រី ២០៨​នាក់​)​ ។​ វិញ្ញាសា​ដែល​បាន​ដាក់​ឱ្យ​ប្រកួត​រួម​មាន បាល់ទាត់ (​បុរស​-​នារី​), បាល់ទះ (​បុរស​-​នារី​), បាល់បោះ (​បុរស​-​នារី​), អត្តពលកម្ម (​រត់​ចម្ងាយ​សញ្ញា ៨០​ម​, ១០០​ម​, ៨០០​ម​, ៣០០០​ម​, លោត​កម្ពស់​, លោត​ចម្ងាយ​, និង​ចោលដុំដែក​)​។

នៅ​ក្នុង​ឱកាស​នោះ លោក លន់ សុភាព អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត គណៈកម្មការ​រៀបចំ​ការ​ប្រកួត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​សប្បុរសជន​ទាំងអស់ ដែល​បាន​សហការ​គ្នា​ជួយ​ឧបត្ថម្ភ​គាំទ្រ ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ដ៏​មាន​សារៈសំខាន់​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។

លោក​អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​របស់​ក្មួយ​ៗ​សិស្សានុសិស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បណ្ដុះ​ស្មារតី​ស្រឡាញ់​កីឡា ស្រប​តាម​ពាក្យស្លោក កីឡា​រស់​ក្នុង​សន្តិភាព និង​ការ​ថែរក្សា​សុខភាព កាយសម្បទា​ឱ្យ​មាំមួន ដើម្បី​ក្លាយជា​សសរទ្រូង​ដ៏​រឹង​មាំ​របស់​ប្រទេស​ជាតិ​។

លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​-​កីឡាការិនី​ដែល​ទទួល​បាន​ជ័យ​លា​ភី ត្រូវ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត ដើម្បី​តំណាង​ខេត្ត​ទៅ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ ឯ​ក្មួយ​ៗ​ដែល​មិន​ទាន់​ទទួល​បាន​ជ័យ​លា​ភី កុំ​អស់សង្ឃឹម ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ​។ ​ពិធី​បិទ​ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ក្រោម​បរិយាកាស​រីករាយ ជាមួយនឹង​ការ​ប្រគល់​មេដាយ ពានរង្វាន់ និង​លិខិត​សរសើរ​ជូន​ដល់​ក្រុម និង​បុគ្គល​ជ័យ​លា​ភី​តាម​វិញ្ញាសា​នីមួយ​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ