ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អ្នកគាំទ្រ​! សុខចិត្ត​លក់​ផ្ទះ​យក​លុយ​ទៅ​មើល​ប្រកួត​ក្រុម​ជម្រើសជាតិ​ខ្លួន​ទាំងអស់​នៅ World Cup

4 ម៉ោង មុន

ចក្រភព​អង់គ្លេស ៖ កំពូល​អ្នកគាំទ្រ​បាល់ទាត់​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​នឹង​កំពុង​ធ្វើ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​បុរស​វ័យ​៦២​ឆ្នាំ​រូប​នេះ បាន​សម្រេចចិត្ត​ដាក់​លក់​ផ្ទះ​នៅ​ក្នុង​តម្លៃ​៣៥​ម៉ឺន​ផោន ឬ​ជាង ៤៦៤ ០០០ ដុល្លារ​អា​មេ​រិ​ក…

ចក្រភព​អង់គ្លេស ៖ កំពូល​អ្នកគាំទ្រ​បាល់ទាត់​ជនជាតិ​អង់គ្លេស​ម្នាក់ បាន​នឹង​កំពុង​ធ្វើ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​បុរស​វ័យ​៦២​ឆ្នាំ​រូប​នេះ បាន​សម្រេចចិត្ត​ដាក់​លក់​ផ្ទះ​នៅ​ក្នុង​តម្លៃ​៣៥​ម៉ឺន​ផោន ឬ​ជាង ៤៦៤ ០០០ ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​លុយ​ទៅ​ទស្សនាការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២៦ ទាំងអស់​របស់​ក្រុម​តោ​កំណាច​អង់គ្លេស​។

លោក Andy Milne បាន​លេចធ្លោ​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ បន្ទាប់​ពី​រូបថត​របស់​លោក​ពាក់អាវ​ក្រុម​អង់គ្លេស និង​ពានរង្វាន់ World Cup ចម្លង ត្រូវ​បាន​ចែកចាយ​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ចាប់តាំងពី​ពេល​នោះ​មក លោក​បាន​ក្លាយជា​អ្នកគាំទ្រ​ម្នាក់ ដែល​គ្រប់​គ្នា​ធ្លាប់​ស្គាល់​មុខ និង​សុំ​ថតរូប​ជាមួយ​នៅ​ក្នុង​ការ​ប្រកួត​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ទាំង​បុរស និង​នារី​។

អតីត​គ្រូបង្រៀន​រូប​នេះ ឥឡូវនេះ​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក៏​កំពុង​ត្រៀមខ្លួន​ធ្វើ​ដំណើរ​ទៅ​ព្រឹត្តិការណ៍ World Cup លើក​ទី ១០ របស់​លោក​។ លោក Milne បាន​ទៅ​តាម​គាំទ្រ​អង់គ្លេស​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៨២ នៅ​អេ​ស្ប៉ា​ញ នៅ​ពេល​ដែល​លោក​មាន​អាយុ​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ​។ បើ​ទោះបីជា​ត្រូវ​ខាតបង់​ទ្រព្យសម្បត្តិ​ទាំងអស់​ក្នុង​ដំណើរ​នោះ​ក៏​ដោយ ក៏​លោក​មិន​ដែល​បោះបង់​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ក្រុម​ជម្រើសជាតិ​ឡើយ​។ នៅ​ក្នុង​រយៈពេល​ជាង​៤​ទសវត្សរ៍​មកនេះ លោក Milne បាន​ចូលរួម​ព្រឹត្តិការណ៍ World Cup បុរស​ចំនួន ៨ លើក និង World Cup នារី​ឆ្នាំ ២០២៣ នៅ​ពេល​ក្រុម​នារី​អង់គ្លេស​បញ្ចប់​ទៅ​ក្នុង​នាម​ក្រុម​រងជើង​ឯក​។

យ៉ាងណាមិញ ដើម្បី​អាច​ចូលរួម​ព្រឹត្តិការណ៍ World Cup ឆ្នាំ​នេះ ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ចាប់ពី​ថ្ងៃ​ទី​១១ ខែមិថុនា ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦​នោះ លោក Milne បាន​សម្រេចចិត្ត​លក់​ផ្ទះ​នៅ​ទីក្រុង Norwich របស់​លោក តម្លៃ ៣៥ ម៉ឺន​ផោន​។ អ្នកគាំទ្រ​ដ៏​មហា​ស្មោះស្ម័គ្រ​រូប​នេះ បាន​ថ្លែង​ថា «World Cup ចុង​ក្រោយ​នៅ​កា​តា គឺជា​អំណោយ​មួយ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​។ ខ្ញុំ​បាន​សន្សំ​លុយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ យើង​មានផ្ទះ​ទី​២ ហើយ​ខ្ញុំ​គិត​ថា ឥឡូវនេះ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​លក់​វា​។ ខ្ញុំ​ចង់​មើល​ការ​ប្រកួត​ទាំងមូល​។ ខ្ញុំ​ត្រូវ​ទៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ហើយ​ចំណាយពេល​៧​ស​ប្តា​ហ៍​នៅ​ទីនោះ​។ ដូច្នេះ​វា​នឹង​ចំណាយ​លុយ​អស់​ច្រើន​»​។

លោក Milne នឹង​មាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​អង់គ្លេស​ទល់​នឹង​ក្រូ​អាស៊ី​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ហើយ​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​ជា​ច្រើន​ផង​ដែរ​។ លោក Milne បច្ចុប្បន្ន​ជា​អ្នកគាំទ្រ​អាទិភាព​របស់​ក្លិប​អ្នកគាំទ្រ​អង់គ្លេស​ផ្លូវការ ដែល​នេះ​នឹង​ផ្តល់​ឱ្យ​គាត់​នូវ​សិទ្ធិ​ក្នុង​ការ​ទិញ​សំបុត្រ​សម្រាប់​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​ទាំងអស់ និង​អាច​មាន​សិទ្ធិ​ចូល​ទិញ​សំបុត្រ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ តម្លៃ​សំបុត្រ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​។ ជាក់ស្តែង តម្លៃ​សំបុត្រ World Cup 2026 កំពុង​កើនឡើង​យ៉ាង​ខ្លាំង ដោយ​សំបុត្រ​វគ្គ​ចែក​ពូ​ល​តម្លៃ​ចាប់ផ្តើម​ពី ១៤០ ដុល្លារ​ឡើង​ទៅ និង​សំបុត្រ​វគ្គ​ផ្តាច់ព្រ័ត្រ​តម្លៃ​ដល់​ទៅ​ជាង ៨ ៦០០​ដុល្លារ​ឯណោះ​។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ថ្លៃដើម លោក Milne មាន​គម្រោង​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​នៅ​ក្នុង​ទីក្រុង​ផ្សេង​ៗ និង​កក់​សំបុត្រ​យន្តហោះ​មុន ដើម្បី​ជៀសវាង​ការ​ប្រែប្រួល​តម្លៃ​៕ ប្រភព ៖ BBC, Daily Mail និង Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ