ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាប់​វែ​រ​បន្ត​អង្រួន World Cup ឱ្យ​រង្គើ​ខ្លាំង ក្រោយ​វាយបក​តាម​ស្មើ​អ៊ុយ​រ៉ូ​ហ្គា​យ​ម្ចាស់​ជើងឯក​២​សម័យ

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​ស្មើ​ជាមួយនឹង​អេ​ស្ប៉ា​ញ ដោយ​លទ្ធផល ០-០ កាលពី​ស​ប្តា​ហ៍​មុន​រួច​មក កាប់​វែ​រ (Cape Verde) បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តងទៀត ដោយ​បន្ត​ទប់​ស្មើ​អ៊ុយ​រ៉ូ​ហ្គា​យ​ដោយ​លទ្ធផល ២-២ ថែម​ទៀត​ក្នុង​ការ​ប្រកួត​ជុំ​ទី ២ ពូ​ល H នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ដែល​បញ្ចប់​ទៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា កន្លង​ទៅ (​ម៉ោង​នៅ​កម្ពុជា​)​។
បើ​ទោះបីជា​ក្រុម​ចំណូល​ថ្មី ដែល​ទើប​ប​ង្ហ​ញ​វត្តមាន​ជា​លើក​ដំបូង​បង្អស់​នៃ​ព្រឹត្តិការណ៍ World Cup នោះ កាប់​វែ​របា​ន​បើក​ការ​នាំមុខ​មុន​នៅ​នាទី ២១ ដោយ​ខ្សែបម្រើ​ការពារ Kevin Pina ប៉ុន្តែ​អ៊ុយ​រ៉ូ​ហ្គា​យ​បាន​វាយបក​នាំមុខ​វិញ ដោយ​ខ្សែបម្រើ​ស្លាប Maximiliano Araújo នៅ​នាទី ៤៤ និង​ខ្សែបម្រើ​ប្រយុទ្ធ Agustín Canobbio នៅ​នាទី ៤៥+៦ មុន​ចប់​វគ្គ​ទី​១​។

នៅ​ក្នុង​វគ្គ​ទី​២ រឿង​មិន​គួរ​ឱ្យ​ជឿ​បាន​កើតឡើង​ម្តងទៀត ពោល​នៅ​នាទី ៦១ ខ្សែការពារ​អ៊ុយ​រ៉ូ​ហ្គា​យ Mathías Olivera បាន​បង្កើត​កំហុស​ធ្ងន់ធ្ងរ ដោយ​បញ្ជូន​បាល់​ខុស​ទិស​ដៅ​នៅ​មុខ​ប្រអប់​គ្រោះថ្នាក់​។ ភ្លាម​ៗ​នោះ ខ្សែបម្រើ​ស្លាប Helio Varela បាន​រត់​យ៉ាង​លឿន​ដេញ​យក​បាល់ និង​គេច​ផុត​អ្នកចាំទី Fernando Muslera ហើយ​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត តាម​ស្មើ ២-២ ឱ្យ​កាប់​វែ​រ កក្រើក​កីឡដ្ឋាន Hard Rock នៃ​ទឹកដី​សហរដ្ឋអាមេរិក ហើយ​លទ្ធផល​បាន​រក្សា​ដល់​បញ្ចប់​ការ​ប្រកួត​តែ​ម្តង​។

ក្រឡេក​ទៅ​ការ​ប្រកួត​១​គូ​ទៀត អេ​ស្ប៉ា​ញ ដែល​ខកចិត្ត​កាលពី​ប្រកួត​បើក​ឆាក ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ប្រកួត​ទី​២​របស់​ខ្លួន ដោយ​បំបាក់​អា​រ៉ា​ប៊ី​សា​អូឌីត​លទ្ធផល ៤-០​។ ដូច្នេះ​ឆ្លងកាត់​ប្រកួត ២ ជុំ​កន្លង​ទៅ ពូ​ល H នឹង​ត្រូវ​កាត់សេចក្តី​ថា ក្រុម​ណា​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ តាម​រយៈ​ប្រកួត​ជុំ​ទី ៣​។ អេ​ស្ប៉ា​ញ​ឈរ​កំពូល​តារាង​មាន​៤​ពិន្ទុ អ៊ុយ​រ៉ូ​ហ្គា​យ​ឈរ​លេខ​២​មាន​២​ពិន្ទុ ស្មើ​ជាមួយ​កាប់​វែ​រដែ​ល​ឈរ​លេខ​៣ ចំណែក អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​បាត​តារាង​មាន​ត្រឹម​១​ពិន្ទុ​។ ប្រកួត​ចុង​ក្រោយ កាប់​វែ​ត្រូវ​ប៉ះ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) ស្រប​ពេល​ដំណាលគ្នា​នោះ អ៊ុយ​រ៉ូ​ហ្គា​យ​ត្រូវ​តទល់​នឹង​អេ​ស្ប៉ា​ញ​។

ការ​ព្យាករណ៍​កន្លង​មក​របស់​អ្នកវិភាគ​មួយ​ចំនួន ហាក់​ខុស​ឆ្ងាយ​លើ​ក្រុម​កាប់​វែ​រ​ក្នុង​ពូ​ល H ដោយ​បាន​គិត​ថា ក្រុម​មក​ពី​អាហ្វ្រិក​ខាងលិច​មួយ​នេះ នឹង​បញ្ចប់​នៅ​បាត​តារាង គ្មាន​ឱកាស​បន្ត​ទៅ​កាន់​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រុម​របស់​លោក Bubista បាន​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ភ្លឺភ្នែក​ច្បាស់​តែ​ម្តង តាម​រយៈ​ការ​ស្មើ ២ ប្រកួត​ដំបូង​របស់​ពួក​គេ​ជាមួយ​ក្រុម​ជើងឯក World Cup ទាំង ២ ៖ អេ​ស្ប៉ា​ញ (២០១០) និង​អ៊ុយ​រ៉ូ​ហ្គា​យ (១៩៣០ និង ១៩៥០) ក៏​ដូច​ជា​បេក្ខភាព​ដ៏​ស្វិតស្វាញ​ប្រជែង​កៅអី​វគ្គ​៣២​ក្រុម​ផង​ដែរ​៕