ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

De Bruyne និង Lukaku ក្លាយជា​ផ្ទាំង​ស៊ី​ប​លើ​បណ្តាញ​សង្គម ក្រោយ​បែ​ល​ហ្ស៊ិ​ក​បន្ត​ស្មើ​នៅ World Cup 2026

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ Kevin De Bruyne និង Romelu Lukaku ដែល​ជា​កីឡាករ​ដ៏​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក កំពុង​តែ​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការ​រិះគន់ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​ខកចិត្ត​សម្រាប់​ក្រុម​រហស្សនាម «​ក្រុម​បិសាច​ក្រហម​» នៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦​។

លទ្ធផល​ស្មើ ០-០ ជាមួយ​អ៊ី​រ៉​ង់ ការ​ប្រកួត​ទី ២ ពូ​ល G នៅ​វេលា​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី ២២ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) បាន​ធ្វើ​ឱ្យ​បែ​ល​ហ្ស៊ិ​ក​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​។ ក្រុម​របស់​លោកគ្រូ​បង្វឹក Rudi Garcia បាន​ស្មើ​ពីរ​ប្រកួត​ជាប់​ៗ​គ្នា (​ស្មើ​អេ​ហ្ស៊ី​ប ១-១ នៅ​ប្រកួត​បើក​ឆាក​) នៅ World Cup ២០២៦ ចំ​ពេល​ដែល​កីឡាករ​ឆ្នើម​ៗ​លេង​មិនសូវ​បាន​ល្អ​។ យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ Opta Analyst បាន​បង្ហាញ​ថា បែ​ល​ហ្ស៊ិ​កបាន​ស៊ុត ២៣ ជើង​ទល់​នឹង​អ៊ី​រ៉​ង់ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ​។

នៅ​ក្នុង​ពូ​ល G អេ​ហ្ស៊ី​ប​ឡើងឈរ​កំពូល​តារាង​មាន ៤​ពិន្ទុ ក្រោយ​បញ្ចប់​ប្រកួត​ទី​២ ឈ្នះ​នូ​វែ​ល​សេ​ឡង់​ដោយ​លទ្ធផល ៣-១​។ អ៊ី​រ៉​ង់​ឈរ​លេខ ២ មាន ២ ពិន្ទុ​ស្មើ​បែ​ល​ហ្ស៊ិ​ក​ឈរ​នៅ​លេខ ៣ រីឯ​នូ​វែ​ល​សេ​ឡង់​នៅ​បាត​តារាង​មាន​១​ពិន្ទុ​។ ប្រកួត​ចុង​ក្រោយ អេ​ហ្ស៊ី​ប​ត្រូវ​ប៉ះ​អ៊ី​រ៉​ង់ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) ហើយ​នៅ​ម៉ោង​ដំណាលគ្នា​នោះ នូ​វែ​ល​សេ​ឡង់​ត្រូវ​ជួ​បបែល​ហ្ស៊ិ​ក​។

ងាក​ទៅ​បណ្តាញ​សង្គម​ឯណោះ​វិញ អ្នកគាំទ្រ​បែ​ល​ហ្ស៊ិ​ក​ជា​ច្រើន​បាន​សម្តែង​ការ​ខកចិត្ត ខ្លាំង​ដោយ​យល់​ថា កីឡាករ​ជើង​ចាស់​ដែល​ជាស​សរ​គ្រឹះ​របស់​ក្រុម លែង​មាន​ឥទ្ធិពល​ដូច​មុន​ទៀត​ហើយ​។ ខ្សែបម្រើ De Bruyne រង​ការ​រិះគន់​ថា លែង​អាច​បង្កើត​ឱកាស​ថ្មី​ៗ​នៅ​តំបន់​បម្រើ ខណៈ​ដែល​ខ្សែប្រយុទ្ធ Lukaku នៅ​តែ​បន្ត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ជាមួយ​ភាពយឺត​យ៉ាវ និង​ការ​បញ្ចប់​ទី​មិនល្អ​នៅ​មុខ​ទី​។ លើស​ពី​នេះ​ទៀត ពាក្យ​ថា «Golden Generation» ឬ «​ជំនាន់​មាស​» ថែម​ទាំង​ត្រូវ​បាន​គេ​និយាយ​ចំអក​ប្តូរ​ទៅ​ជា «Olden Generation» ឬ «​ជំនាន់​ចាស់ជរា​» ដើម្បី​ពិពណ៌នា​ពី​ក្រុម​កំពុង​ធ្លាក់​ទម្រង់​លេង​ពី​ទម្រង់​លេង​ដល់​កម្រិត​កំពូល​មួយ​របស់​ពួក​គេ​បន្តិច​ម្តង​ៗ​។

ការ​លើក​ឡើង​ខ្លះ​ថា គ្មាន​នរណា​ម្នាក់​បដិសេធ​នូវ​កេរ្តិ៍​ដំណែល​ដែល De Bruyne និង Lukaku បាន​បន្សល់​ទុក​សម្រាប់​បាល់ទាត់​បែ​ល​ហ្ស៊ិ​ក​នោះ​ទេ​។ អ្នក​ទាំង​ពីរ​នៅ​តែ​ជា​និមិត្តរូប​ដ៏​សំខាន់ ហើយ​ក៏​ជា​មុខមាត់​ពិតប្រាកដ​នៃ​សម័យកាល​ដ៏​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ បាល់ទាត់​តែងតែ​ជា​ហ្គេ​ម​មានការ​ផ្លាស់​ប្តូរ​ជា​និច្ច និង​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ ហើយ​មួយវិញទៀត គ្មាន​កីឡាករ​ណា​ម្នាក់​អាច​យកឈ្នះ​ពេលវេលា​បាន​ឡើយ​។

ប្រសិនបើ​បែ​ល​ហ្ស៊ិ​ក​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​ខកចិត្ត​នៅ​ការ​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​នូ​វែ​ល​សេ​ឡង់ នោះ​ពួក​គេ​ប្រឈម​នឹង​ការ​បញ្ចប់​យុទ្ធនាការ World Cup ឆ្នាំ ២០២៦ ជាមួយ​ការ​ចង​ចាំ​ដែល​គួរ​ឱ្យ​ចង់​ភ្លេច​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​៕ ប្រភព ៖ Znews