ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi បង្កើត​ប្រវត្តិសាស្ត្រ​ពិភពលោក ក្រោយ​ស្ទើរតែ​ធ្វើ​បាន Hat-trick លើក​ទី​២ នៅ World Cup 2026

2 ថ្ងៃ មុន

អន្តរជាតិ ៖ ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បាន​បង្កើត​កំណត់​ត្រា​ពិភពលោក ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ក្រោយ​ជួយ​ក្រុម​ពពក​សអា​ហ្ស​ង់​ទី​ន​យកឈ្នះ​លើ​អូ​ទ្រី​ស​ដោយ​លទ្ធផល ២-០ ការ​ប្រកួត​ជុំ​ទី​២ ពូ​ល J ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។ ដ្បិត​២​គ្រាប់​នេះ សម្រេច​បាន​ដោយ​ប្រធាន​ក្រុម​វ័យ​៣៨​ឆ្នាំ​រូប​នេះ​តែ​ម្តង​។

បន្ទាប់​ពី​ក្លាយជា​កីឡាករ​ដំបូង​គេ​បង្អស់​ធ្វើ​បាន​៣​គ្រាប់​ម្នាក់ឯង​ក្នុង​១​ប្រកួត (Hat-trick) ប្រចាំ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ កាលពី​ជំនួប​យកឈ្នះ​លើ​អាល់​ហ្សេ​រី ៣-០ កាលពី​ស​ប្តា​ហ៍​មុន​ហើយ​នោះ Lionel Messi ស្ទើរតែ​ធ្វើ​បាន​ដូចនេះ​ជា​ថ្មី​ម្តងទៀត​ទៅ​ហើយ នៅ​ប្រកួត​ជុំ​ទី​២ ប៉ុន្តែ​មិន​អាច​សម្រេច​បាន​គ្រាប់​ដំបូង​នៃ​ការ​ប្រកួត​តាំងពី​នាទី ៩ ដោយ​ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​មិន​ចំ​គោលដៅ​។ ទោះ​យ៉ាងណា​ក៏​ដោយ ខ្សែប្រយុទ្ធ​ក្លិប Inter Miami រូប​នេះ នៅ​តែ​អាច​រកបាន​២​គ្រាប់​ជួយ​អា​ហ្ស​ង់​ទី​ន​ក្នុង​នាម​ក្រុម​ការពារ​តំណែង​ជើងឯក​យកឈ្នះ​អូ​ទ្រី​ស និង​កក់​កៅអី​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ​។

ការ​ប្រកួត​ទើបតែ​ចាប់ផ្តើម​បាន​២​ប្រកួត Lionel Messi អាច​រកបាន​៥​គ្រាប់​តែ​ម្នាក់ឯង កំពុង​ឈរ​ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​នៅ World Cup ឆ្នាំ​២០២៦ បណ្តោះអាសន្ន​។ កាន់តែ​ពិសេស​លើស​ពី​នេះ​ទៀត ម្ចាស់​ពានរង្វាន់ Ballon d’Or ច្រើន​ជាងគេ ៨ លើក​រូប​នេះ ក៏​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍ World Cup ផង​ដែរ ពោល​ចំនួន ១៨ គ្រាប់ ដោយ​បំបែក​កំណត់​ត្រា ១៦ គ្រាប់​របស់​លោក Miroslav Klose អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​អា​ល្លឺ​ម៉​ង់​។

ក្រោយ​ឆ្លងកាត់ ២ ប្រកួត​កន្លង​មក បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​ឆ្នើម​ពិភពលោក​ទាំង ៣ Lionel Messi (៥​គ្រាប់​), Kylian Mbappé (៤​គ្រាប់​) និង Erling Haaland(៤​គ្រាប់​) កំពុង​តែ​ប្រដេញ​គ្នា ដណ្តើម​ស្បែកជើង​មាស​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ យ៉ាង​ប្រកៀក​ប្រកិត​បំផុត ក្រោយ​រួមចំណែក​យ៉ាង​សំខាន់​រកបាន​២​គ្រាប់​ដូច​គ្នា ជួយ​ក្រុម​ជម្រើសជាតិ​រៀងខ្លួន​បន្ត​យក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​២ វគ្គ​ចែក​ពូ​ល និង​បាន​កក់​កៅអី​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ជា​ផ្លូវការ​។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​) ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ រក​ឃើញ ៦ ក្រុម​ហើយ បាន​កក់​កៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ រួម​មាន ៖ ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក (​ដំបូង​គេ​បង្អស់​), ម្ចាស់ផ្ទះ​សហរដ្ឋអាមេរិក​, អា​ល្លឺ​ម៉​ង់​, អា​ហ្ស​ង់​ទី​ន​, បារាំង និង ន័​រ​វែ​ស​។ ចំណែកឯ​ហៃ​ទី​, តួ​ក​គី​យ៉េ និង ទុ​យ​នី​ស៊ី អស់​ឱកាស​ត្រូវការ​ប្រកួត​ជុំ​ទី​២ ទោះ​នៅ​សល់​១​ប្រកួត​ទៀត​យ៉ាងណា​ក៏​ដោយ​៕