ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រប្លែក! គូរ៉ាសៅអនុញ្ញាតឱ្យកីឡាករស្នាក់នៅបន្ទប់ជាមួយគូស្នេហ៍ ដើម្បីបង្កើនស្មារតីមុនប្រកួត World Cup

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​កាសែត The Sun និង Daily Mail កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា កីឡាករ​ក្រុម​ជម្រើសជាតិ​គូ​រ៉ា​សៅ​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច​នៅ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ ត្រូវ​បាន​អនុញ្ញាត និង​លើកទឹកចិត្ត​ឱ្យ​ពួក​គេ​ស្នាក់​នៅ​បន្ទប់​រួម​គ្នា​ជាមួយ​ប្រពន្ធ ឬ​មិត្ត​ស្រី និង​អាច​រួម​ភេទ​មុន​ពេល​ប្រកួត​បាន ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ផ្លូវចិត្ត​។ នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​កម្រ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​កម្រិត​កំពូល ដែល​ក្រុម​ជម្រើសជាតិ​ភាគច្រើន​តែង​រក្សា​វិន័យ​ដ៏​តឹងរ៉ឹង និង​រឹត​បន្តឹង​មិន​ឱ្យ​កីឡាករ​នៅ​ជិត​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ អំឡុង​ពេល​ប្រកួត​។

យ៉ាងណាមិញ បើ​តាម​លោកស្រី Suzanne Huurman គ្រូពេទ្យ​ប្រចាំ​ក្រុម​ជម្រើសជាតិ​គូ​រ៉ា​សាវ​បានឱ្យ​ដឹង​ថា កីឡាករ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​បន្ទប់​ជាមួយ​ប្រពន្ធ មិត្ត​ស្រី និង​ក្រុម​គ្រួសារ​ពួក​គេ អំឡុង​ប្រកួត World Cup នៅ​សហរដ្ឋអាមេរិក​។

លោកស្រី​បាន​បន្ត​ថា លោកគ្រូ​បង្វឹក Dick Advocaat ចង់​បង្កើត​បរិយាកាស​មាន​ផាសុកភាព​បំផុត​សម្រាប់​កីឡាករ​ទាំងអស់ ព្រោះតែ​ការ​អនុញ្ញាត​ឱ្យ​សមាជិក​ក្រុម​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ ឬ​គូស្នេហ៍​ពួក​គេ អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត ជួយ​កាត់​បន្ថយ​ការ​នឹករលឹក​ផ្ទះ មនុស្ស​ជាទី​ស្រឡាញ់ និង​ភាព​តានតឹង ពិសេស​ផ្តល់​អារម្មណ៍​ធូរស្រាល​នៅ​ក្នុង​ជំរុំ​ហ្វឹកហាត់​របស់​ពួក​គេ ស្ថិត​នៅ​ក្នុង​រដ្ឋ​ផ្ល​រី​ដា (Florida) ព្រមទាំង​រក្សា​បាន​លំនឹង​អារម្មណ៍ អំឡុង​យុទ្ធនាការ​ប្រកួត​ដ៏​វែង​ឆ្ងាយ​។ ចំណែក​រឿង​ផ្លូវភេទ​វិញ លោកស្រី​ជឿ​ថា​វា​ពិតជា​រួមចំណែក​ជួយ​មែន ប៉ុន្តែ​ប្រហែលជា​ជួយ​លើ​ផ្នែក​អារម្មណ៍​ច្រើន​ជាង​ជួយ​ទៅ​លើ​ផល​ប៉ះពាល់​រាង​កាយ​ដោយ​ផ្ទាល់​។

នៅ​ពេល​ក្រុមបាល់ទាត់​ភាគច្រើន​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​ប្រពន្ធ និង​មិត្ត​ស្រី​របស់​ពួក​គេ អំឡុង​ពេល​ប្រកួត World Cup នោះ លោកស្រី Huurman បញ្ជាក់​ថា ទាំងនោះ​ជា​ស្ថានភាព​ខុស​គ្នា​ស្រឡះ​ពី​ក្រុម​គូ​រ៉ា​សៅ ព្រោះ​ពួក​គេ​មិន​មានបទពិសោធន៍ ឬ​កញ្ចប់​ថវិកា​ច្រើន​ដូច​គេ​នោះ​ទេ​។ លោកស្រី​ថា «​កីឡាករ​របស់​យើង​ភាគច្រើន​មិន​បាន​លេង​ក្នុង​កម្រិត​កំពូល​បាល់ទាត់​ពិភពលោក​ឡើយ​។ សម្រាប់​ក្រុម​គ្រួសារ​ជា​ច្រើន ការ​ធ្វើ​ដំណើរ​និង​ការ​ស្នាក់​នៅ​រាប់​ស​ប្តា​ហ៍​នៅ​សហរដ្ឋអាមេរិក​ដោយ​ខ្លួនឯង គឺ​មាន​តម្លៃ​ថ្លៃ​ពេក​។ ដូច្នេះ​សហព័ន្ធ​បាន​សម្រេចចិត្ត​រ៉ាប់រង​ការ​ចំណាយ​នេះ ដើម្បី​ឱ្យ​កីឡាករ​អាច​មាន​ដៃគូ និង​កូន​ៗ​របស់​ពួក​គេ​នៅ​ក្បែរ​ខ្លួន​។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​ខ្លះ​ប្រហែលជា​ត្រូវ​ព្រួយបារម្ភ ឬ​ស្ត្រេ​ស​ខ្លាំង​ណាស់​។

ឆ្លងកាត់ ២ ប្រកួត​នៅ​ក្នុង​ពូ​ល E ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ គូ​រ៉ា​សៅ ដែល​ជា​ការ​ប្រកួត World Cup ជា​លើក​ដំបូង​បង្អស់​របស់​ខ្លួន បាន​ចាញ់​អា​ល្លឺ​ម៉​ង់​ប្រកួត​បើក​ឆាក​ដោយ​លទ្ធផល ៧-១ ប៉ុន្តែ​ធ្វើ​បាន​យ៉ាង​ល្អ​ទប់​ស្មើ ០-០ ជាមួយ​អេ​ក្វា​ឌ័​រ​។ បច្ចុប្បន្ន​ពួក​គេ​ឈរ​នៅ​បាត​តារាង​ស្មើ​១​ពិន្ទុ​ជាមួយ​អេ​ក្វា​ឌ័​រ​នៅ​លេខ ៣ ចំណែក​អា​ល្លឺ​ម៉​ង់​បាន​កក់​កៅអី​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ជា​ផ្លូវការ ខណៈ​ដែល​កូដ​ឌី​វ័​រ​ឈរ​នៅ​លេខ​២ មាន​៣​ពិន្ទុ​។ ប្រកួត​បន្ទាប់ (​បញ្ចប់​វគ្គ​ចែក​ពូ​ល​) ៖ គូ​រ៉ា​សៅ ត្រូវ​ប៉ះ កូដ​ឌី​វ័​រ នៅ​ម៉ោង ៣ ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​) ហើយ​ដំណាលគ្នា​នោះ អេ​ក្វា​ឌ័​រ ត្រូវ​ប៉ះ​អា​ល្លឺ​ម៉​ង់​៕