រាជធានីភ្នំពេញ ៖ ជំនួបរវាងក្រុមបាល់ទះវិសាខា និងក្រុមបញ្ជាការដ្ឋានអង្គរក្ស នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងពានរង្វាន់តេជោលីគរដូវកាលទី៣ជុំទី២កាលពីថ្ងៃទី២១ខែមិថុនា ពិតជាកក្រើកពេញទីលានតែម្ដងដោយមានអ្នកចូលរួមទស្សនាខ្ទង់ម៉ឺននាក់ ខណៈមន្ត្រីរៀបចំថា ទីកន្លែងអង្គុយជាក់ស្ដែងផ្ទុកមនុស្សបានត្រឹមតែជាង៥ពាន់នាក់ប៉ុណ្ណោះ។
ការប៉ះគ្នារវាងក្រុមបាល់ទះវិសាខានិងបញ្ជាការដ្ឋានអង្គរក្សលើកនេះ បានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងវិស័យកីឡាបាល់ទះនៅកម្ពុជារយៈពេលជាច្រើនឆ្នាំមកនេះ ដែលមានចំនួនអ្នកគាំទ្រដ៏ច្រើនលើសលប់ ។ ជាក់ស្ដែង ការប្រកួតគឺមានសភាពស្វិតស្វាញខ្លាំង ដោយក្រុមបាល់ទះវិសាខាទម្លាក់ក្រុមម្ចាស់ជើងឯកពានរង្វាន់តេជោលីគ២ជំនាន់ឱ្យមកនៅលេខរៀងទី២ ខណៈក្រុមបាល់ទះវិសាខាឡើងមកឈរកំពូលតារាងជាបណ្ដោះអាសន្ន។
ទោះជាយ៉ាងណា ក្រុមបញ្ជាការដ្ឋានអង្គរក្សដែលមិនស្គាល់ពាក្យថាចាញ់កាលពីជុំទី១ បែរជាមកចាញ់ក្រុមបាល់ទះវិសាខា៣សិតទល់និង០ ជាមួយនឹងលទ្ធផលបច្ចេកទេស២៥-១៩,២៦-២៤និង២៥-១៨ ។ ការដែលក្រុមវិសាខាធ្វើបានល្អបែបនេះ គឺដោយសារតែវត្តមានកីឡាករវឿន វាសនា ក្រោយពីគេទើបតែបញ្ចប់បេសកកម្មនៅប្រទេសកូរ៉េកាលពីពេលថ្មីៗមកនេះ ។ បើតាមការធ្វើបទសម្ភាសន៍ជាមួយកីឡាករគួន មុំ ថាការប្រកួតលើកនេះក្រុមបាល់ទះវិសាខាធ្វើបានល្អជាងលើកណាៗទាំងអស់ ដែលកើតចេញពីការលេងយល់ចិត្តគ្នាខ្លាំង។ ទោះបីជាយ៉ាងណា គេសង្កេតឃើញក្រុមបញ្ជាការដ្ឋានអង្គរក្ស លេងមិនបានល្អ ជាពិសេសស្មាត់ស្ដាំកីឡាករLUVIរបស់ឥណ្ឌូណេស៊ីវាយជាប់បារ៉ាស ចំណែកអ្នកលើកបាល់ក៏ធ្វើមិនបានល្អថែមទៀត។
គួរបញ្ជាក់ដែរថា ការប្រកួតលើកទី៣ នៃវគ្គវិលជុំសន្សំពិន្ទុជុំទី២ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រុមវិសាខា បានយកឈ្នះលើក្រុមបញ្ជាការដ្ឋានអង្គរក្សដោយលទ្ធផល ៣-០ ។
ចំណែក២ក្រុមទៀតគឺក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ យកឈ្នះលើក្រុមស្នងការដ្ឋានខេត្តកោះកុង ៣-០ និងក្រុមស្នងការដ្ឋានខេត្តស្វាយរៀងយកឈ្នះលើក្រសួងមហាផ្ទៃ ៣-១។ សរុបពិន្ទុបណ្ដុះអាសន្នគឺលេខ១បានលើវិសាខា ៣ប្រកួតឈ្នះ៣ មាន៨ពិន្ទុ ។ លេខ២ បានទៅលើក្រុមស្នងការដ្ឋានខេត្តស្វាយរៀង ៣ប្រកួតឈ្នះ២ ចាញ់១មាន ៧ពិន្ទុ ។ លេខ៣បានទៅលើក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣ប្រកួតឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ។
លេខ៤ ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ ៣ប្រកួតឈ្នះ២ ចាញ់១ មាន ៥ពិន្ទុ ។ លេខ៥បានទៅលើក្រុមក្រសួងមហាផ្ទៃ ៣ប្រកួតចាញ់៣ មាន១ពិន្ទុ និងលេខ៦ ក្រុមស្នងការដ្ឋានខេត្តកោះកុង៣ប្រកួតចាញ់ទាំង៣ មាន ០ពិន្ទុ ៕





ចែករំលែកព័តមាននេះ