សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនអាកាសចរណ៍សកលធំទាំង៣របស់សហរដ្ឋអាមេរិក សុទ្ធតែបានលើកឡើងពីការកើនឡើងនៃចំនួនអ្នកដំណើរ ដោយសារព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលការប្រកួតភាគច្រើនរៀបចំឡើងនៅទឹកដីសហរដ្ឋអាមេរិក ហើយលោក Ed Bastian នាយកប្រតិបត្តិក្រុមហ៊ុន Delta Air Lines បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ អាចនឹងបន្តទទួលបានផលប្រយោជន៍បន្ថែមទៀត។ នេះបើតាមប្រភពពីទស្សនាវដ្តី Forbes បានចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
នៅពេលដែលក្រុមហ៊ុន Delta បានចាប់ផ្តើមរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី២របស់ខ្លួនមុនគេ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ក៏បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន និងអ្នកវិភាគអំពីឥទ្ធិពលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ផងដែរ។ ចំណែកក្រុមហ៊ុន United Airlines នឹងរាយការណ៍ប្រាក់ចំណូលរបស់ខ្លួន នៅថ្ងៃទី១៦ ខែកក្កដា រីឯក្រុមហ៊ុន American Airlines នឹងរាយការណ៍នៅថ្ងៃទី២៣ ខែកក្កដា។
ក្រុមហ៊ុន American បានបញ្ជាក់ថា ខ្លួនបានបន្ថែមជើងហោះហើរទៅកាន់ទីក្រុងម្ចាស់ផ្ទះទាំង១៦ របស់សហរដ្ឋអាមេរិកសម្រាប់ការប្រកួត World Cup ដែលច្រើនជាងដៃគូប្រកួតប្រជែងទាំងអស់របស់ខ្លួន ដោយមានបន្ថែមចំនួន ២៧ ០០០ កៅអីលើ ១២ ជើងហោះហើរ ដើម្បីគាំទ្រដល់ការធ្វើដំណើររបស់អ្នកគាំទ្រ។
ចាប់តាំងពីការចាប់ផ្តើមការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ មក ក្រុមហ៊ុន American Airlines បានបន្ថែមជើងហោះហើរចំនួន ១៥៨ ជើង ឬបានប្រើប្រាស់យន្តហោះធំជាងមុន ដើម្បីបម្រើដល់អ្នកគាំទ្រធ្វើដំណើរចល័តរវាងទីក្រុងនានា។ ក្រុមហ៊ុនអាកាសចរណ៍ធំជាងគេបំផុតរបស់សហរដ្ឋអាមេរិកមួយនេះ ក៏បានបន្ថែមជើងហោះហើរត្រង់រវាងទីក្រុង Atlanta និងទីក្រុង Kansas សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយផងដែរ។ បន្ថែមពីលើនេះ ពួកគេបានដំណើរការជើងហោះហើរច្រើនជាង ២ ៤០០ ជើងក្នុង១ថ្ងៃ អំឡុងខែឧសភា និងកក្កដា ដែលជាខែមានតម្រូវការខ្ពស់បំផុត ទៅកាន់ទីក្រុងនានាដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup។
ក្រៅពីការបង្កើនជើងហោះហើរ ក្រុមហ៊ុន American Airlines ក៏បានរៀបចំទិដ្ឋភាពភ្ញាក់ផ្អើលចំនួន ១៦ លើក នៅតាមច្រកទ្វារចេញដំណើរ ដោយតុបតែងលម្អតាមប្រធានបទ World Cup និងបានចែកកាដូអនុស្សាវរីយ៍ទៀតផង។ ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សនេះ បានរៀបចំសកម្មភាពនានា សម្រាប់អ្នកដំណើរជាង ២ ៦០០ នាក់លើជើងហោះហើររវាងទីក្រុងនានា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួត World Cup នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
លើសពីនេះទៀត ក្រុមហ៊ុនថែមទាំងបានលាបពណ៌លម្អយន្តហោះ១គ្រឿងរបស់ខ្លួនជាពណ៌តំណាង World Cup និងបានចាក់ផ្សាយបន្តផ្ទាល់ការប្រកួតនៅលើយន្តហោះផងដែរ។ ដ្បិតបច្ចុប្បន្ន American Airlines គឺជាដៃគូអាកាសចរណ៍ផ្លូវការនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ រួមជាមួយក្រុមហ៊ុន Qatar Airways។
ខណៈពេលដំណាលគ្នានេះដែរ ក្រុមហ៊ុន United Airlines បានរាយការណ៍ពីការកើនឡើងជិត ២០% នៃការកក់សំបុត្រយន្តហោះទៅកាន់បណ្តាទីក្រុងនានាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup នៅតំបន់អាមេរិកខាងជើង ចន្លោះថ្ងៃទី១១-២៧ ខែមិថុនា។ ក្រុមហ៊ុនក៏បានថ្លែងផងដែរថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ជួយលើកកម្ពស់រូបភាពរបស់សហរដ្ឋអាមេរិកក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ហើយនេះត្រូវបានចាត់ទុកថាជាកត្តាជំរុញកំណើនដ៏សំខាន់មួយ ដោយសារតែការធ្លាក់ចុះនាពេលថ្មីៗនេះ នៃចំនួនភ្ញៀវទេសចរពីតំបន់អឺរ៉ុប និងប្រទេសកាណាដាមកកាន់សហរដ្ឋអាមេរិក ដែលបង្កឡើងដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម និងកត្តាភូមិសាស្ត្រនយោបាយ៕



ចែករំលែកព័តមាននេះ