ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ផ្ញើ​សារ​អបអរសាទរ​ដល់​អត្ត​ព​លិ​ក​ជ័យ​លា​ភី​មេដាយ​សំរឹទ្ធ​កីឡា​អា​ស៊ី​

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតីហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ថ្មី​ៗ​នេះ​បាន​ផ្ញើ​សារ​អបអរសាទរយ៉ាង​ស្មោះស្ម័គ្រ និង​កោតសរសើរ​ចំពោះ​ក្រុម​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​ចំនួន​៤ គ្រឿង ជូន​ជាតិ​មាតុភូមិ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២០ (Asian Games 2026) នៅ​ទីក្រុង​អាយ​ឈិ​-​ណា​ហ្គូ​យ៉ា (Aichi-Nagoya) ប្រទេស​ជប៉ុន​។

អត្ត​ព​លិ​ក​ឆ្នើម​របស់​កម្ពុជា​ដែល​ទទួល​បាន​ជ័យ​លា​ភី​មេដាយ​សំរឹទ្ធ​ទាំង ៤ គ្រឿង រួម​មាន​៖
កីឡាបាល់ទាត់​លើ​តុ (Table Tennis) ទទួល​បាន​មេដាយ​សំរឹទ្ធ​២​គ្រឿង​ដណ្តើម​បាន​ដោយ​កីឡាករ ឌី គី​ម​យ៉ា​ន​, យ៉ុ​ន សុ​ភ័​ក្រ រស្មី និងកីឡាការិនី ម៉ី ស្រី​មាស ។ កីឡា​កា​រ៉ា​តេ​(Karate)

ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ដណ្តើម​បាន​ដោយ​កីឡាការិនី វ៉ា​ន់ ចរិយា ក្នុង​វិញ្ញាសា​ប្រយុទ្ធ​នារី ទម្ងន់​ក្រោម ៦១ គីឡូក្រាម ។

កីឡា​គុនចម្រុះ (Mixed Martial Arts – MMA) ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ដណ្តើម​បាន​ដោយកីឡាការិនី ចេ​ង ដា​លី​ន ។ តាម​រយៈ​លទ្ធផលនេះ​នាំ​ឲ្យ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៣៥​ក្នុង​តារាងមេដាយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ចំនួន​៤៦ចូលរួម​។

សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ មិន​ត្រឹមតែ​នាំ​មក​នូវ​កិត្តិយស និង​មោទនភាព​ជូន​ដល់​ជាតិ​បោះ​ជំហាន​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​សមត្ថភាព​ឥត​ឈប់​ឈរ​នៃ​វិស័យ​កីឡា​របស់​កម្ពុជា​ផង​ដែរ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ក្រុម​អត្ត​ព​លិ​ក​កម្ពុជា បាន​បញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​២០ ឆ្នាំ​២០២៦ នៅ​ប្រទេស​ជប៉ុន​ជា​ផ្លូវការ ដោយ​ឈ្នះ​មេដាយ​សំរឹទ្ធ​៤​គ្រឿង​ជូន​ជាតិ ។ ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​៤​ឆ្នាំ​ម្ដងនេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៦ ដោយ​មាន​អត្ត​ព​លិ​ក​ចំនួន ៤៦​ប្រទេស​ចូលរួម​។

ដោយឡែក​ប្រទេស​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ គឺ​ចិន​សរុប​មាន​ចំនួន​៣៤១​គ្រឿង (​មាស​១៦៩, ប្រាក់​៨៩ និង​សំរឹទ្ធ​៨៣) ។​ម្ចាស់ផ្ទះ​ជប៉ុន ឈរ​លេខ​២ ដណ្ដើម​បាន​មេដាយ​សរុប ២៦៩​គ្រឿង (​មាស​៨៣, ប្រាក់​៩៥ និង​សំរឹទ្ធ​៩១) និង​កូរ៉េ​ខាងត្បូង ឈរ​លេខ​៣ ដណ្ដើម​បាន​មេដាយ​សរុប​១៥០​គ្រឿង​(​មាស​៣៩, ប្រាក់​៤៣ និង​សំរឹទ្ធ​៦៨) ៕ ដោយ ៖ នាគ សេន