ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិរាជ​កីឡា​យូ​ដូ​អូ​ឡាំ​ពិ​ក Teddy Riner ប្រកាស​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​បារាំង នៅ​ឆ្នាំ​ក្រោយ

20 ម៉ោង មុន

ទី​ក្រុងប៉ារីស ៖ វីរបុរស​កីឡា​យូ​ដូ​បារាំង លោក Teddy Riner ដែល​ជា​កីឡាករ​យូ​ដូ​ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ផ្នែក​បុរស​ច្រើន​ជាងគេ​លើ​ពិភពលោក ៥ គ្រឿង បាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បារាំង ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​ក្រោយ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន ESPN កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​។

ម្ចាស់​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក ៥ គ្រឿង វ័យ​៣៧​ឆ្នាំ ដែល​តែងតែ​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម​បុគ្គល​សាធារណៈ​ដែល​ប្រជាជន​បារាំង​ស្រឡាញ់​ចូល​ចិត្ត​ជាងគេ​រូប​នេះ កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ពី​បេក្ខភាព​ប្រជែង​តំណែង​ប្រធានាធិបតី​បារាំង​របស់​ខ្លួន នៅ​លើ​បណ្តាញ​សង្គម​។ Riner ដែល​មាន​ទស្សនៈ​សេដ្ឋកិច្ច​សេរីនិយម បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​បារាំង Le Parisien ថា លោក​កំពុង​តែ​ដាក់ខ្លួន​ជា​អ្នក​មិន​នៅ​ខាងស្តាំ​និយម និង​ខាងឆ្វេង​និយម ហើយ​សង្ឃឹមថា នឹង​ក្លាយជា​ប្រធានាធិបតី​ដែល​នាំ​មនុស្ស​គ្រប់​គ្នា​ឱ្យមក​រួបរួម​គ្នា​។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ខែមេសា ឆ្នាំ​ក្រោយ ហើយ​ការ​ឃោសនាបោះឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សង្គម​ដ៏​តានតឹង​។ ក្រុម​បាតុករ​ជា​ច្រើន​កុះករ​បាន​ចេញ​មុខ​ហែ​ក្បួន​តវ៉ា​អស់​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ នៅ​ក្នុង​ទី​ក្រុងប៉ារីស និង​ទីតាំង​ផ្សេង​ទៀត​នៃ​ប្រទេស​បារាំង ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល និង​គាំទ្រ​ចលនា​តវ៉ា​របស់​និស្សិត ដែល​នេះ កំពុង​បង្កើន​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ដែល​កំពុង​ជួប​ការ​លំបាក​។

យ៉ាងណាមិញ Riner បាន​លើក​ឡើង​ថា លោក​បានដឹង​ពី​ភាព​តានតឹង​ក្នុង​សង្គម ដែល​កំពុង​កើត​មាន​ទូ​ទាំង​ប្រទេស ហើយ​លោក​មិន​អាច​ទទួលយក​បាន​ទេ ពេល​ឃើញ​យុវជន​ជំនាន់​ក្រោយ និង​មនុស្ស​ជំនាន់​មុន និយាយ​ថា ពួក​គេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ស្រមៃ​មើល​ពី​អនាគត​របស់​ពួក​គេ​។

កីឡាករ Riner ធ្លាប់​និយាយ​កាលពី​ខែកញ្ញា​ថា លោក​ចង់​បញ្ចប់​អាជីព​កីឡា​ដ៏​អស្ចារ្យ​ជាមួយ​មេដាយ​ការ​ឈ្នះ​មាស​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៨ នៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) សហរដ្ឋអាមេរិក​។ ប៉ុន្តែ​នៅ​ពេល​ត្រូវ​បាន​កាសែត Le Parisien សួរ​ថា តើ​ការ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​មាន​ន័យ​ថា លោក​នឹង​បោះបង់​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ឬទេ កីឡាករ​ទម្ងន់​ធ្ងន់ កម្ពស់ ២,០៤ ម៉ែត្រ​រូប​នេះ ឆ្លើយ​ថា មិនមែន​ទេ​។

គួរ​បញ្ជាក់​ថា Teddy Riner បាន​ក្លាយជា​កីឡាករ​យូ​ដូ​អាជីព​នៅ​ឆ្នាំ ២០០៦ ដោយ​បាន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ និង​កម្រិត​ពិភពលោក​ជា​ច្រើន ព្រមទាំង​ឈ្នះ​មេដាយ​ច្រើន​ស្ទើរតែ​រាប់​មិន​អស់​។ កីឡាករ​រូប​នេះ បាន​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ៥ ព្រឹត្តិការណ៍​ផ្សេង​គ្នា ដោយ​ឈ្នះ​មេដាយមាស ៥ គ្រឿង និង​សំរឹទ្ធ ២ គ្រឿង​ផង​ដែរ​៕