តិចអត់ដឹងរឿង! ផ្អាកការចេញ-ចូលហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទរយៈពេល២ថ្ងៃ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការចេញ-ចូល ការបំពេញការងារ ការហ្វឹកហាត់ ការហាត់ប្រាណ និងការលេងកីឡាគ្រប់ប្រភេទ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
តាមរយៈលិខិតជូនដំណឹង អគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅក្នុងពហុកីឡាជាតិអូឡាំពិក នឹងរៀបចំកម្មវិធីប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ។ ដូច្នេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយកដ្ឋានកីឡា សូមផ្អាកការចេញ-ចូល ធ្វើការ ហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ០២ ថ្ងៃ គឺនៅថ្ងៃទី០៦ និង ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និង មន្ត្រីរាជការទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមរំលឹកផងដែរថា ប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នឹងធ្វើឡើងចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមប្រធានបទ«កីឡាដើម្បីឯកភាពជាតិ»។
ការប្រកួតកីឡាជាតិលើកទី៥ មានកីឡាចំនួន៣២ប្រភេទស្មើនឹង២៥៨វិញ្ញាសា ខណៈការប្រកួតកីឡាជាតិជនពិការលើកទី៣ មានកីឡាចំនួន១០ប្រភេទស្មើនឹង៤៦វិញ្ញាសា ។ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចូលរួមប្រមាណ៤៧៧៣នាក់មកពីរាជធានី-ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ។
ការប្រកួតនេះមានគោលបំណងវាស់ស្ទង់ និងអភិវឌ្ឍគុណផលកីឡា ផ្ដល់បទពិសោធន៍ដល់កីឡាករ-កីឡាការិនី និងមន្ត្រីបច្ចេកទេស ពង្រឹងសមត្ថភាពសហព័ន្ធកីឡាជាតិក្នុងការរៀបចំការប្រកួតតាមស្ដង់ដារព្រមទាំងត្រៀមលក្ខណៈសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ«ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (AUG)»៕ ដោយ ៖ នាគ សេន





ចែករំលែកព័តមាននេះ