ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ឯកឧត្ដម ខៀវ សា​ម៉េ​ត បន្ត​ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​​សម្រាប់​អាណត្តិ​ទី​៣

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ត្រូវ​បាន​សមាជិក​មហាសន្និបាត​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) ជ្រើសរើស​បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) សម្រាប់​អាណត្តិ​ទី​៣ (​ឆ្នាំ​២០២៦-២០៣០)​។

ការ​បោះ​ឆ្នោត និង​ការ​ផ្តល់​ទំនុកចិត្ត​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​មហាសន្និបាត AFF នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ដែល​ធ្វើ​ឱ្យ​ឯកឧត្តម​កាន់​តំណែង​ជា​ប្រធាន AFF បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៩ មក​។

នៅ​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) សម្រាប់​អាណត្តិ​ថ្មី ២០២៦-២០៣០ ក្រៅពី​តំណែង​ប្រធាន​របស់​ឯកឧត្តម ខៀវ សា​ម៉េ​ត មហាសន្និបាត​នៅ​ទីក្រុង​ម៉ានីល បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព​ក្រុមប្រឹក្សា​ប្រតិបត្តិ​សំខាន់​ៗ​ផ្សេងទៀត​ចំនួន ១០ រូប​បន្ថែម ដើម្បី​ដឹកនាំ​ការងារ​បាល់ទាត់​ក្នុង​តំបន់​។

យោង​តាម​លក្ខន្តិកៈ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) តំណែង​ថ្នាក់ដឹកនាំ​កំពូល​ដែល​ត្រូវ​បាន​ជ្រើសតាំង​រួម​មាន​៖
-​អនុប្រធាន (Vice Presidents) ចំនួន​៤​រូបតំណាង​ឱ្យ​សមាគម​បាល់ទាត់​ជាតិ​ជា​សមាជិក ដើម្បី​ជួយ​សម្របសម្រួល​ការងារ និង​ជំនួស​មុខ​ប្រធាន​ក្នុង​ករណី​ចាំបាច់​។

-​សមាជិក​ក្រុមប្រឹក្សា​(Council Members) ចំនួន​៥​រូប​ជា​តំណាង​មក​ពី​បណ្តា​ប្រទេស​សមាជិក​ក្នុង​តំបន់​អាស៊ាន និង​អូស្ត្រាលី ដែល​មាន​តួនាទី អនុម័ត​គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍បាល់ទាត់​។

-​សមាជិក​ក្រុមប្រឹក្សា​ស្ត្រី (Female Council Member)​ចំនួន​១​រូប​។ ជា​កូតា​ពិសេស​សម្រាប់​តំណាង​ស្ត្រី ដើម្បី​លើកកម្ពស់ និង​ជំរុញ​វិស័យ​បាល់ទាត់​នារី​នៅ​អាស៊ី​អាគ្នេយ៍​។

-​អគ្គលេខាធិការ​(General Secretary) ចំនួន១​រូប​ទទួល​បន្ទុក​ដឹកនាំ​ការងារ​រដ្ឋបាល និង​ប្រ​តិប​ត្តិ​ការ​ប្រចាំ​ថ្ងៃ​របស់​សហព័ន្ធ​ដែល​បច្ចុប្បន្ន​កាន់​តំណែង​ដោយ​លោក Winston Lee ។

សូម​ជម្រាប​ផង​ដែរ​ថា នេះ​គឺជា​អាណត្តិ​ទី​៣​ហើយ ដែល​មន្ដ្រីជាន់ខ្ពស់​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឯកឧត្តម​ខៀវ សា​ម៉េ​ត ត្រូវ​បាន​សមាជិក AFF បោះ​ឆ្នោត​គាំទ្រ​បន្ដ​ធ្វើ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍ ។

ឯកឧត្តម​នឹង​ត្រូវ​ដឹកនាំ​ស្ថាប័ន​បាល់ទាត់​ដ៏​ធំ​ប្រចាំ​តំបន់​នេះ រហូត​ដល់​ឆ្នាំ​២០៣០ បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង​នេះ​ដំបូង បន្ដ​ពី​លោក Sultan Ahmad Shah ជនជាតិ​ម៉ា​ឡេ​ស៊ី តាំងពី​ឆ្នាំ​២០១៩​។

ទន្ទឹម​ជាមួយ​មហាសន្និបាត AFF ខាងលើ គេ​ក៏​ឃើញ​មាន​វត្តមាន​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino ផង​ដែរ ៕