ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ក​លី​គ​កំពូល​ថៃ ​លើក​ឡើង​ពី​គុណភាព​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក្រោយ​លត់ Port FC លទ្ធផល ៤-១

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លី​គ​បាល់ទាត់​កំពូល​ថៃ (Thai League) បាន​លើក​ឡើង​ពី​គុណភាព​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង បន្ទាប់​ពី​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុ​ជាមួយ​នេះ បាន​យក​ក្រុម Port FC របស់​ថៃ ដោយ​លទ្ធផល ៤-១ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ នៃ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B ពានរង្វាន់​ក្លិប​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ​២០២៦-២៧ ហើយ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ថៃ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ផេ​ក​លី​គ​កំពូល​ថៃ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា បាន​បង្ហោះ​រូបភាព​ការ​ប្រកួត​យប់មិញ ដោយ​ភ្ជាប់​ជាមួយ​សារ​យ៉ាង​វែង​ថា ការ​ចាញ់​របស់ Port FC លទ្ធផល ១-៤ ក្រោម​ថ្វី​ជើងព្រះ​ខ័ន​រាជ​ស្វាយ​រៀង អាច​ជា​លទ្ធផល​ធ្វើ​ឱ្យ​អ្នកគាំទ្រ Port FC ភ្ញាក់ផ្អើល​។ ប៉ុន្តែ​បើ​ពិនិត្យ​មើល​សមាសភាព​ក្រុម​គូប្រកួត​នោះ​នឹង​ឃើញ​ថា ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មិនមែន​គ្រាន់តែ​ជា​ម្ចាស់​ជើងឯក​លី​គ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​កីឡាករ​បរទេស​ដែល​មានបទពិសោធន៍​លេង​នៅ​លី​គ​ក្រៅប្រទេស និង​មានគុណ​ភាព​ពិសេស​គួរ​ឱ្យ​ចាប់អារម្មណ៍​។ កីឡាករ​បរទេស​ពួក​គេ ពិតជា​មាន​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​!

ផេ​ក​ដដែល​នោះ បាន​បន្ត​ដោយ​លើក​អំពី​កីឡាករ​ប្រេ​ស៊ី​ល Martins Júnior ដែល​បាន​បង្ក​ផល​រំខាន​ពេញ​តំបន់​បម្រើ និង​ការពារ​របស់ Port FC ពេញ​មួយ​ប្រកួត​។ ខ្សែប្រយុទ្ធ​រូប​នេះ មាន​ល្បឿន​លឿន និង​សមត្ថភាព​ប្រជែង​បាល់​ល្អ ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​បាល់ទាត់​អន្តរជាតិ និង​ជា​កីឡាករ​ម្នាក់​ដែល​បង្កើត​ភាព​ខុស​ប្លែក​ក្នុង​ការ​ប្រកួត​។

ដោយឡែក​កីឡាករ Takaki Ose ដើម​កំណើត​ជប៉ុន​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​អតីត​ខ្សែការពារ​ក្រុម BG Pathum United​​ រូបនេះ គឺជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​ក្នុង​ប្រកួត​នេះ ដោយ​ជា​រនាំង​ការពារ​ដ៏​រឹង​មាំ អាច​បិទ​ខ្សែប្រយុទ្ធ Port FC ពេញ​៩០​នាទី​។ ក្រៅពី​នេះ ក៏​មាន​កីឡាករ​ស្នូល​ជា​ច្រើន​នាក់​ទៀត ដែល​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ប្រកួត​ផង​ដែរ​។

គួរ​បញ្ជាក់​ថា តាម​រយៈ​ជ័យជម្នះ​លើ Port FC កាលពី​យប់មិញ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​រកបាន​៣​ពិន្ទុ​ជា​លើក​ដំបូង ក្រោយ​ឆ្លងកាត់​២​កន្លង​មក បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Johor Darul Ta’zim របស់​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល ៦-០ កាលពី​ប្រកួត​បើក​ឆាក​។ បច្ចុប្បន្ន ក្រុម​តំណាង​កម្ពុ​ជាមួយ​នេះ កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ ៤ ពូ​ល B ខណៈ​ការ​ប្រកួត​បន្ទាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ Cong An Ha Noi របស់​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៦៕