ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldinho ត្រឡប់​មក​ប្រកួត​អាជីព​វិញ បន្ទាប់​ពី​ខកខាន​អស់​ពេល ​១១​ឆ្នាំ

1 ម៉ោង មុន

ប្រទេស​អ៊ី​តា​លី ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល លោក Ronaldinho នឹង​ត្រឡប់​មក​កាន់ការ​ប្រកួត​បាល់ទាត់​អាជីព​វិញ​ជា​លើក​ដំបូង នៅ​ក្នុង​វ័យ​៤៦​ឆ្នាំ ជាមួយ​ក្រុម Ravenna នៅ​លី​គ​លំដាប់​ទី ៣ អ៊ី​តា​លី (Serie C) ក្នុង​នាម​ជា​កីឡាករ​ផង និង​ម្ចាស់​ភាគហ៊ុន​ភាគតិច​របស់​ក្លិប​ផង​។

ការ​ប្រកួត​ផ្លូវការ​លើក​ដំបូង​របស់​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​ឆ្វេង បន្ទាប់​ពី​ចូល​និវត្តន៍​អស់​រយៈពេល​១១​ឆ្នាំ​រូប​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ទល់​នឹង​ក្រុម​ភ្ញៀវ Forli នៅ​កីឡដ្ឋាន Comunale Bruno Benelli​។

ម្ចាស់​ពានរង្វាន់ Ballon d’Or និង World Cup ដែល​បាន​បង្ហាញខ្លួន​ក្នុង​នាម​ជា​កីឡាករ​អាជីព​ចុង​ក្រោយ​ឱ្យ​ក្លិប​ប្រេ​ស៊ី​ល Fluminense កាលពី​ឆ្នាំ ២០១៥ រូប​នេះ បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Ravenna កាលពី​ខែមិថុនា ឆ្នាំ​២០២៦ ដោយ​កាន់កាប់​ភាគហ៊ុន​មួយ​ផ្នែក​ជាមួយ​ប្រធាន​ក្លិប លោក Ignazio Cipriani និង​បាន​បង្ហាញខ្លួន​ចំពោះ​មុខ​អ្នកគាំទ្រ កាលពី​ខែសីហា​កន្លង​ទៅ​។

ការ​វិល​ត្រឡប់​នេះ​ទៀត​សោត ដើម្បី​ជួយ​ផ្សព្វផ្សាយ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់ Emilia-Romagna មួយ​នេះ លើ​ឆាក​អន្តរ​ជាតិ ក៏​ដូច​ជា​ផ្តល់​ឱកាស​ឱ្យ​អតីត​កីឡាករ​ឆ្នើម​របស់​ក្លិប PSG, Barcelona និង AC Milan រូប​នេះ រក​គ្រាប់​បាល់​អាជីព​ទី ៣០០ របស់​លោក បន្ទាប់​ពី​បាន​ចូល​និវត្តន៍ សម្រេច​បាន​ត្រឹម ២៩៩ គ្រាប់​៕ ប្រភព ៖ Sky Sports