ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម VKH Racing Team ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ ក្រោយដណ្តើម​បាន​ពាន Class A និង Class C ក្នុង​ការ​ប្រណាំង​រថយន្ត off-road ជើងឯក​ថ្នាក់​ជាតិ ២០២៦

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ការ​ប្រកួត​កីឡា​យានយន្ត​ឆ្លងកាត់​ឧបសគ្គ (OFF Road) ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២៦ ដែល​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៦ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ជាមួយ​មហា​គ្រួសារ Off Road​ ។​ ក្រុម​VKH Racing Team​នឹង​ត្រៀម​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​ឡាវ​និង​វៀតណាម​នៅ​ខែមករា​ ឆ្នាំ​២០២៧ ​ក្រោយ​ឈ្នះ​ពាន​Class A​និង​ClassC​។

លោក វង្ស គី​ម​ហួត ប្រ​ធាន​​ក្រុម​ VKH បាន​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រណាំង OFF Road) ខាងលើ​នេះ ក្រុម VKH Racing Team បាន​បញ្ជូន​រថយន្ត off-road ចំនួន ៨​គ្រឿង​ចូលរួម​ប្រកួត ក្នុង​នោះ​មាន​៣​គ្រឿង​ត្រៀម​ប្រកួត​ក្នុង Class C ៣​គ្រឿងក្នុង Class B និង​២​គ្រឿង​ប្រកួត​ក្នុង Class A​។

ក្រុមកីឡា​ករទាំង​៣​ក្រុម ដូច​ជា​ក្រុម VKH ក្រុម HC និង​ក្រុម Happy Off Road នឹង​រួម​គ្នា​ក្នុង​ការ​ជួយ​គ្រប់គ្រង​ការ​រៀបចំ​បច្ចេកទេស​សេវា ការ​មើលផ្លូវ​។

នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​នេះ គឺ​Class A ដណ្តើម​បាន​ម្ចាស់​ជើងឯក ដោយ​កីឡាករ ហេង បញ្ញា​, Class B ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៥ និង​ក្រុម​ផ្សេង​ទៀត​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​បង្គួរ​ ។ Class C ដណ្តើម​បាន​ជើងឯក​ទទួល​បាន​ពានរង្វាន់​១ ចំណាត់ថ្នាក់​លេខ​៣ លេខ​៦ និង​លេខ​៦​។

លោក វង្ស គី​ម​ហួត បាន​វាយតម្លៃ​ថា នៅ​ក្នុង​ការ​ប្រកួត​Class A គឺ​កីឡាករ​ដែល​បើកបរ​រថយន្ត​សុទ្ធតែ​មានគុណ​ភាព​បច្ចេកទេស​ខ្ពស់​ៗ ដែល​ជា​ការ​រីក​ចម្រើន​ជាង​មុន​ច្រើន ហើយ​ការ​លទ្ធផល​ពិន្ទុ​ពី​១​ចំណាត់ថ្នាក់​ទៅ​១​ចំណាត់ថ្នាក់​ទៀត​មាន​កម្រិត​ពិន្ទុ​ខុស​គ្នា​បន្តិចបន្តួច​បំផុត​។ ចំពោះ Class B ទាំង​កី​ឡករ និង​យានយន្ត​សុទ្ធតែ​ថ្មី​ៗ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​គឺ​បច្ចេកទេស​ពួក​គាត់​ពិតជា​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល​ល្អ​ប្រសើរ​ទទួលយក​បាន​។ សម្រាប់ Class C វិញ គឺ​ត្រូវ​បាន​លោក​វាយតម្លៃ​ខ្ពស់​ថា ការ​ដណ្តើម​បាន​ជ័យ​លា​ភី​នេះ កីឡាករ​យើង​ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ជាមួយនឹង​ការ​មើលឃើញ​នូវ​ការ​រីក​ចម្រើន​បន្ថែម​នៃ​គុណភាព​បច្ចេកទេស​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​។

លោក វង្ស គី​ម​ហួត បាន​គូសបញ្ជាក់​ទៀត​ថា ការ​រៀបចំ​របស់​សហព័ន្ធ និង​ក្លឹ​បម​ហា​គ្រួសារ Off Road ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ទៀ ស្យាម ឆ្នាំ​២០២៦​នេះ​ពិតជា​ការ​រៀបចំ​បាន​ល្អ​ប្រសើរ ក្នុង​ការ​លើកកម្ពស់​ដល់​ការ​ប្រកួតប្រជែង​បង្កើន​បច្ចេកទេស​របស់​កីឡាករ ខណៈ​ការ​ផ្តល់​ពិន្ទុ​របស់​គណៈកម្មការ​បច្ចេកទេស​ពិតជា​បាន​ផ្តល់​នូវ​ភាព​សុ​ក្រិត យុត្តិធម៌​គ្រប់ការ​ប្រកួត​ទាំងអស់ ដែល​ធ្វើ​ឱ្យ​កីឡាករ​ចូលរួម​ប្រកួត​គោរព​បាន​នូវ​បទបញ្ជា​បច្ចេកទេស វិន័យ ក្រមសីលធម៌​វិជ្ជាជីវៈ​កីឡា​យានយន្ត​បាន​ល្អ និង​រលូន​ជោគជ័យ​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា VKH Racing Team បន្ត​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា នឹង​បន្ត​ការ​ខិតខំ​អភិវឌ្ឍ​កីឡាករ​ឱ្យ​កាន់តែ​សម្បូរ​បែប ក្នុង​ការ​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​កីឡា​យានយន្ត​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​។ លោក​ក៏​បាន​អំពាវនាវ​ដល់​យុវជន មហាជន​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​ដល់​ជំនាញ​កីឡា​មួយ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។ ក្រៅពី​ការ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ VKH Racing Team ក៏​គ្រោង​នឹង​ចូលរួម​ប្រកួត​អន្តរជាតិ នា​ខែមករា ឆ្នាំ​២០២៧​ខាង​មុខ នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​៕​