ប្រទេសអេស្ប៉ាញ ៖ ប៉ូលិសអេស្ប៉ាញបានបើកការស៊ើបអង្កេត ជុំវិញករណីមរណភាពរបស់ខ្សែប្រយុទ្ធក្រុម Tenerife កីឡាករ Jesús de Miguel កាលពីថ្ងៃទី៣ វិច្ឆិកា បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយអ្នកចាំទីក្រុម FC Andorra កីឡាករ Jesús Owono អំឡុងការប្រកួតលីគលំដាប់ទី ២ អេស្ប៉ាញ (La Liga 2)។
អ្នកចាំទីសញ្ជាតិហ្គីណេអេក្វាទ័រ Owono ទទួលបានពិន័យកាតក្រហម បន្ទាប់ពីរត់ទៅបុកជាមួយ De Miguel អំឡុងការប្រកួតសប្តាហ៍ទី ១២ នៃលីគលំដាប់ទី ២ កាលពីថ្ងៃទី២ វិច្ឆិកា។ ក្រោយការប៉ះទង្គិចនោះ ខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ De Migue ស្រាប់តែ គាំងបេះដូង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលជាហេតុធ្វើឱ្យការប្រកួតត្រូវបានលុបចោលពាក់កណ្តាលទីតែម្តង។ ស្ថានភាពប្រព័ន្ធប្រសាទរបស់ De Miguel បានធ្លាក់ចុះខ្លាំងនៅព្រឹកថ្ងៃបន្ទាប់ ហើយចុងក្រោយត្រូវបានប្រកាសថា ទទួលមរណភាពនៅក្នុងវ័យ ៣០ឆ្នាំ។
មរណភាពរបស់កីឡាករ Jesús de Miguel បានធ្វើឱ្យរង្គោះរង្គើរពិភពបាល់ទាត់ ដោយក្លិប អត្តពលិក និងស្ថាប័នពាក់ព័ន្ធបាល់ទាត់ជាច្រើនជុំវិញពិភពលោក បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ការបាត់បង់ខ្សែប្រយុទ្ធរូបនេះ។ ស្របពេលការប្រកួតជាច្រើន ព្រមទាំងការប្រកួតពានរង្វាន់ UEFA Champions League ផងនោះ ក៏មានការស្មិងស្មាធិ៍មុនការប្រកួតចាប់ផ្តើមផងដែរ។
ប៉ូលិសអេស្ប៉ាញ កាលពីថ្ងៃទី៣ វិច្ឆិកា បានចាប់ផ្តើមនីតិវិធីស៊ើបអង្កេតពីបទអាចជាអំពើមនុស្សឃាតដោយអចេតនា។ ទោះជាយ៉ាងណាក៏ដោយ លោក José Luis Sánchez-Jáuregui ព្រះរាជអាជ្ញានៃតំបន់ Santa Cruz de Tenerife បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ EFE ថា ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ ឬអំពើមនុស្សឃាតដោយអចេតនាលើអ្នកចាំទី Jesús Owono គឺមិនអាចទៅរួចនោះទេ ដោយសារតែការប៉ះទង្គិចគ្នានោះ កើតឡើងក្នុងអំឡុងពេលការប្រកួតបាល់ទាត់។
លោកបានបន្ថែមថា ជារួម របួសដែលកើតឡើងអំឡុងពេលព្រឹត្តិការណ៍កីឡា មិនស្ថិតនៅក្រោមការទទួលខុសត្រូវខាងព្រហ្មទណ្ឌនោះទេ ប៉ុន្តែដំបូងឡើយ លោកនឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតពីគណៈកម្មាធិការវិន័យរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញជាមុនសិន។ ព្រះរាជអាជ្ញារូបនេះបានថ្លែងថា របាយការណ៍ប្រកួតរបស់អាជ្ញាកណ្តាលនឹងក្លាយជាចំណុចគន្លឹះ ព្រមទាំងការសម្រេចរបស់គណៈកម្មាធិការវិន័យថា តើការប៉ះទង្គិចរបស់កីឡាករ Owono មានចេតនាបង្ករបួសស្នាមដែរឬទេ?




ចែករំលែកព័តមាននេះ