ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង ត្រៀម​រៀបចំ​ពិធី​រត់​ភ្លើង​គប់ លើ​ចម្ងាយ​ផ្លូវ ៨​គីឡូម៉ែត្រ

57 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ​៖ ដើម្បី​ធានា​ឱ្យ​ដំណើរការ​នៃ​ការ​រៀបចំ​កម្មវិធី​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​ការ​កកស្ទះ និង​មាន​សុវត្ថិភាព​ខ្ពស់ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ នេះ លោក ម៉ៅ តា​រ៉ា នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ដើម្បី​ត្រៀម​រៀបចំ​ពិធី​រត់​ភ្លើង​គប់ សម្រាប់​ព្រឹត្តិការណ៍ «​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​៣» ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។

យោង​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ ពិធី​រត់​ភ្លើង​គប់​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៦ ខាង​មុខ ដោយ​ចាប់ផ្តើម​ចេញដំណើរ​ពី​ចំណុច រង្វង់​មូល​ឆ្នាំង (​ស្រុក​រលាប្អៀរ​) រហូត​ដល់ វិមាន​ឯករាជ្យ (​ក្រុង​កំពង់ឆ្នាំង​) ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប​ប្រមាណ ៨ គីឡូម៉ែត្រ​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ លោក ម៉ៅ តា​រ៉ា បាន​ធ្វើការ​ណែនាំ និង​ជម្រុញ​ដល់​ក្រុមការងារ​ជំនាញ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បច្ចេកទេស ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ការ​សម្រួល​ចរាចរណ៍ ព្រមទាំង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​គណៈអធិបតី កីឡាករ​-​កីឡាការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នឹង​ចូលរួម​ទស្សនា កម្សាន្ត និង​អបអរសាទរ​តាម​ដងផ្លូវ​ឱ្យ​បាន​ល្អ​ប្រសើរ ដើ​ម្បើ​ធ្វើ​យ៉ាងណា​ឱ្យ​ព្រឹត្តិការណ៍​រត់​ភ្លើង​គប់​នេះ ដំណើរការ​ទៅ​ដោយ​ជោគជ័យ និង​បង្កើត​បាន​នូវ​បរិយាកាស​គគ្រឹកគគ្រេង​ទូ​ទាំង​ខេត្ត​៕