ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kimi Antonelli កីឡាករ​ក្មេង​បំផុត​ឈ្នះ​ជើង​ឯក​​ពិភពលោក​ប្រណាំង​រថយន្ត Formula 1

2 អាទិត្យ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ កីឡាករ Kimi Antonelli កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក​កីឡា​ប្រណាំង​រថយន្ត Formula 1 ប្រចាំឆ្នាំ ២០២៦ ដែល​ជា​ការ​ឈ្នះ​លើក​ដំបូង​នៅ​ក្នុង​អាជីព​ផង ហើយ​ក៏​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ជា​កីឡាករ​វ័យក្មេង​បំផុត​ផង​ដែរ ពោល​ត្រឹម​អាយុ ២០ ឆ្នាំ​ប៉ុណ្ណោះ​។

កីឡាករ​ជនជាតិ​អ៊ី​តា​លី ដែល​បើកបរ​ឱ្យ​ក្រុម Mercedes-AMG F1 បាន​សម្រេច​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ បន្ទាប់​ពី​បាន​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ៣ នៅ​ក្នុង​ការ​ប្រកួត​ដំណាក់កាល​ទី ១៩ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក (Mexico City Grand Prix) ដែល​ធ្វើ​ឱ្យ​រូបគេ​មាន​ពិន្ទុ​ដាច់​ដល់​ទៅ ៣៨០​ពិន្ទុ គ្មាន​កីឡាករ​ណា​អាច​តាម​ទាន់​ឡើយ ដ្បិត​ការ​ប្រកួត​ក្នុង​រដូវ​កាល ២០២៦ នៅ​សល់​ត្រឹមតែ ៤ ដំណាក់កាល​ទៀត​ប៉ុណ្ណោះ​។

កីឡាករ Kimi Antonelli បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​កីឡាករ​អា​ល្លឺ​ម៉​ង់ Sebastian Vettel ដែល​ឈ្នះ​ជើងឯក​ពិភពលោក នៅ​ក្នុង​វ័យ ២៣ ឆ្នាំ កាលពី​ឆ្នាំ​២០១០ ដើម្បី​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​នៅ​ពេល​នោះ​។ ក្រៅពី​នេះ Antonelli ក៏​ជា​កីឡាករ​អ៊ី​តា​លី​ដំបូង​គេ​ក្នុង​រយៈពេល ៧៣ ឆ្នាំ ដែល​បាន​ឈ្នះ​ជើងឯក​ពិភពលោក គិត​ចាប់តាំងពី​លោក Alberto Ascari ស​ម្រេ​បាន​នៅ​ក្នុង​ឆ្នាំ ១៩៥៣​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ការ​ប្រកួត​ដំណាក់កាល​ទី ១៩ កីឡាករ Kimi Antonelli កំពុ​ថ​ឈរ​កំពូល​តារាង​ដោយ​មាន ៣៨០ ពិន្ទុ​។ ចំណែក​កីឡាករ​ហូ​ឡង់ Max Verstappen ឈរ​នៅ​លេខ ២ មាន ២៦១ ពិន្ទុ និង​កីឡាករ​ព្រី​ត​ថេ​ន Sir Lewis Hamilton នៅ​លេខ ៣ ២៥៩ ពិន្ទុ​។ ការ​ប្រកួត​ដំណាក់​ទី ២០ នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល (São Paulo Grand Prix) ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ខាង​មុខ​៕