ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ក្រោយដណ្តើមមេដាយសរុប ៤៦គ្រឿងជូនជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជា បានធ្វើដំណើរមកដល់មាតុប្រទេសវិញ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីដណ្តើមបានមេដាយសរុប ៤៦គ្រឿង (មាស១១ ប្រាក់១៦ និងសំរឹទ្ធិ ១៩ ប្រកបដោយមោទកភាពជាតិ នៅក្នុងការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ាន លើកទី៣ និងការប្រកួតកីឡាហែលទឹកពាក់ជើងទាកម្រិតអាយុជើងឯកអាស៊ាន លើកទី១ នៅប្រទេសម៉ាឡេស៊ី។
ដំណើរនិវត្តន៍របស់ប្រតិភូកីឡាហែលទឹកពាក់ជើងទាទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្នាមញញឹមពីឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ហឿន សំនៀង អនុប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។
ឯកឧត្តម ហឿន សំនៀង បានគូសបញ្ជាក់ថា នៅក្នុងការប្រកួតនេះ ប្រភេទកីឡាហែលទឹកពាក់ជើងទាកម្ពុជា ទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីគាប់ចិត្តប្រកបដោយមោទនភាពក្រៃលែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានផ្តាំផ្ញើការកោតសរសើរដល់កីឡាករ កីឡាការិនីកម្ពុជា ដែលបាននាំយកលទ្ធផលល្អដ៏ត្រចះត្រចង់ជូនប្រទេសជាតិ។ នៅក្នុងការប្រកួតជើងឯកអាស៊ាននេះ គឺអត្តពលិកកម្ពុជាមានតែ១៧នាក់ និងគ្រូបង្វឹក៣នាក់ ក្រោមការដឹកនាំលើកទឹកចិត្តផ្ទាល់ពីលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាក្នុងទឹកកម្ពុជាទទួលបន្ទូកប្រធានប្រតិភូកីឡាហែលទឹកពាក់ជើងទាកម្ពុជាធ្វើឱ្យកម្ពុជាឈ្នះមេដាយរហូតដល់ ៤៦គ្រឿង ដែលជាលទ្ធផលដ៏គាប់ប្រសើរមិនធ្លាប់មានរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានសហព័ន្ធ ស៊ុន ចាន់ថុល។
ជាមួយគ្នានេះ លោក ហែម គីរី លើកឡើងថា ក្នុងដំណើរនិវត្តន៍នេះពិតជាទទួលបានកិត្តិយសធំធេងណាស់ ដែលថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសហព័ន្ធកីឡាក្នុងទឹកកម្ពុជាបានអញ្ជើញមកទទួលស្វាគមន៍ដំណើរមកដល់ នៅអាកាសយានដ្ឋានដោយផ្ទាល់។ ការដណ្តើមបានលទ្ធផលជាមេដាយដ៏ច្រើននេះ ជាពិសេសមេដាយមាស ១១គ្រឿង គឺដណ្តើមបានច្រើនជាការប្រកួតលើកទី២ ដែលបានធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ដែលកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង។ លទ្ធផលនេះបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជាសម្រាប់អាណត្តិថ្មី ហើយក៏ជាកាដូមួយសម្រាប់ថ្នាក់ដឹកនាំ ដោយសមិទ្ធផលនេះលើសពីការរំពឹងទុក។
បន្ថែមពីលើនេះ លោក ហែម គីរី បានសង្កត់ធ្ងន់ថា៖ «លទ្ធផលនេះសបញ្ជាក់ពីការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំថ្នាក់នាំសហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់គ្នា។ ប្រសិនបើមិនមានការខិតខំរួមគ្នាទេ នោះនឹងមិនមានលទ្ធផលបែបនេះឡើយ។ ជាការកត់សម្គាល់ គឺកីឡាករ កីឡាការិនីវ័យក្មេងរបស់យើងដណ្តើមបានលទ្ធផលល្អ នៅក្នុងការប្រកួតប្រជែងដ៏លំបាក ពីព្រោះថា គ្រាន់តែប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ដែលដើរមុនយើង ខណៈកម្ពុជាទើបតែចាប់ផ្តើមកសាងកីឡាហែលទឹកពាក់ជើងទា ក្នុងឆ្នាំ២០២២ មកទេ។ ជារួម សមិទ្ធផលនេះកើតឡើងដោយសារតែការរៀបចំខ្លួន ការប្រឹងប្រែងហ្វឹកហាត់តាំងពីដើមឆ្នាំមកម្ល៉េះ ហើយយើងនឹងបន្តការខិតខំអភិវឌ្ឍន៍វិញ្ញាសាផ្សេងៗទៀត ក្នុងប្រភេទកីឡាក្នុងទឹកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕




ចែករំលែកព័តមាននេះ