ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុគមាស! Messi ជាមួយ​អា​ហ្ស​ង់​ទី​ន​បិទ​បញ្ចប់​ជា​ផ្លូវការ ក្រោយ​រួម​ដំណើរ​អស់​២១​ឆ្នាំ

1 ថ្ងៃ មុន

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ កីឡាករ Lionel Messi បាន​បញ្ចប់​ការ​ប្រកួត​លើក​ទី ២០៨ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយបង្អស់​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ១២៦ នៅ​ក្នុង​ថ្ងៃ​ប្រកួត ដែល​ប្រជាជាតិ​អា​ហ្ស​ង់​ទី​ន បាន​ធ្វើ​ពិធី​លា​វីរបុរស​បាល់ទាត់​ជាតិ​រូប​នេះ ទាំង​ក្ដី​រំភើប និង​អាឡោះអាល័យ​បំផុត​។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ កាលពី​ថ្ងៃ​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា (​ម៉ោង​នៅ​កម្ពុជា​) ទល់​នឹង​ក្រុម​ជម្រើសជាតិ​បេ​ណាំង នៅ​កីឡដ្ឋាន Monumental ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ដែល​ម្ចាស់ផ្ទះ​អា​ហ្ស​ង់​ទី​ន​យកឈ្នះ​ដោយ​លទ្ធផល ៣-០ នោះ ត្រូវ​ប្រសិទ្ធ​នាម​ថា «The Last Tango ឬ «​ការ​រាំ​តង់​ហ្គោ​ចុង​ក្រោយ​» (the last tango) ខណៈ​ដែល​ប្រធាន​ក្រុម Messi បង្ហាញ ខ្លួន​ការ​ប្រកួត​ចុង​ក្រោយបង្អស់​សម្រាប់​បាល់ទាត់​អន្តរជាតិ បន្ទាប់​ពី​ឆ្លងកាត់​រយៈពេល ២១​ឆ្នាំ ជាមួយ​ក្រុម​រហស្សនាម «​ពពក​ស​» ដោយ​បាន​ឈ្នះ​ពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ Copa América ២ លើក (២០២១ និង ២០២៤) និង​ពានរង្វាន់ Finalissima ឆ្នាំ​២០២២​។

នៅ​ក្នុង​ការ​ប្រកួត​ដ៏​រំភើប​នេះ​ទៀត​សោត Messi ក៏​រកបាន​១​គ្រាប់​ផង​ដែរ តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី នៅ​នាទី ៧១ ដែល​បាន​ធ្វើ​ឱ្យ​ហ្វូង​អ្នកគាំទ្រ​ពេញ​កីឡដ្ឋាន​ចំនួន ៨៥ ០០០ នាក់ អបអរសាទរ​ដោយ​ការ​ច្រៀង​បន្ទរ​ព្រម​ៗ​គ្នា​ថា «Messi, Messi»​។
អារម្មណ៍​ដ៏​រំជើបរំជួល​នៃ​ឱកាស​នោះ ត្រូវ​បាន​មើលឃើញ​យ៉ាង​ច្បាស់​មុន​ពេល​ការ​ប្រកួត​ចាប់ផ្តើម នៅ​ពេល​ខ្សែប្រយុទ្ធ​វ័យ​៣៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ថត​ជាប់​ពេល​កំពុង​តែ​ស្រក់​ទឹកភ្នែក នៅ​ពេល​រថយន្តក្រុង​ក្រុម​អា​ហ្ស​ង់​ទី​ន​បើក​កាត់​កណ្តាល​ហ្វូង​អ្នកគាំទ្រ​ដ៏​កុះករ​ដែល​ឈរ​អម​សងខាង​ផ្លូវ​ទៅ​កាន់​កីឡដ្ឋាន Monumental​។

មុន​ការ​ប្រកួត​ទល់​នឹង​បេ​ណាំង​កើតឡើង សាកលវិទ្យាល័យ Buenos Aires ល្បី​បំផុត​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ក៏​បាន​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន​ដល់ Messi នៅ​ក្នុង​ពិធី​មួយ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សមាគម​បាល់ទាត់​អា​ហ្ស​ង់​ទី​ន (AFA) ផ្ទាល់​តែ​ម្តង​។

គួរ​រំលឹក​ថា ការ​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​របស់ Lionel Messi បាន​កើតឡើង​ក្នុង​រយៈពេល​ពីរ​ខែ​កន្លះ បន្ទាប់​ពី​ការ​បរាជ័យ​របស់​អា​ហ្ស​ង់​ទី​ន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ក្រោម​ថ្វី​ជើង​អេ​ស្ប៉ា​ញ ដោយ​លទ្ធផល ១-០ ដែល​ពេល​នោះ អ្នកគាំទ្រ​បានឃើញ Messi ចាកចេញ​ទាំង​ទឹកភ្នែក​។

Messi បាន​បញ្ចប់​ដំណើរ​នេះ ក្នុង​នាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី និង​ជា​អ្នក​បង្ហាញខ្លួន​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទី​ន ហើយ​មក​ទល់​ពេល​នេះ មាន​តែ Cristiano Ronaldo របស់​ព័រ​ទុ​យ​ហ្គា​ល់​ប៉ុណ្ណោះ (១៤៦ គ្រាប់​ក្នុង​ការ​ប្រកួត ២៣៤ លើក​) ដែល​មាន​ចំនួន​ប្រកួត និង​គ្រាប់​បាល់​ច្រើន​ជាង Messi នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ​ផ្នែក​បុរស​។ Messi ស៊ុត​បញ្ចូល​ទី​បាន ២១ គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup និង​កាន់​កំណត់​ត្រា​រួម​ជាមួយ Cristiano Ronaldo គឺជា​កីឡាករ​បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​មួយ​នេះ​ច្រើន​ជាងគេ ពោល ៦ លើក​។

បច្ចុប្បន្ន Lionel Messi ដែល​ជា​ម្ចាស់​ពាន Ballon d’Or ច្រើន​ជាងគេ ៨ លើក កំពុង​បន្ត​អាជីព​ជាមួយ​ក្រុម Inter Miami ហើយ​ថ្មី​ៗ​នេះ ទើបតែ​ឈ្នះ​ពានរង្វាន់ Campeones Cup ដែល​ជា​ពានរង្វាន់​ទី ៤ របស់​ខ្លួន​ជាមួយ​ក្រុម​នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក (MLS) មួយ​នេះ​៕ ប្រភព ៖ ESPN និង France24