អត្តពលិកជម្រើសជាតិ១៦០នាក់ចូលរួមវគ្គបណ្ដុះបណ្ដាលវគ្គប្រឆាំងដូប៉ាក្នុងវិស័យកីឡា
- ភ្នំពេញ
រាជធានីភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលស្ដីពី«ការប្រឆាំងដូប៉ាក្នុងវិស័យកីឡា ដល់អត្តពលិកជម្រើសជាតិឆ្នាំ២០២៦» ត្រូវបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន។
ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។
ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យបានដឹងថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រុមប្រឆាំងដូប៉ាអន្តរជាតិ ដែលតម្រូវឱ្យគ្រូបង្វឹកកីឡានិងអត្តពលិកទាំងអស់នៃប្រទេសហត្ថលេខី បានសិក្សាស្វែយល់អំពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា និង ទទួលបានវិញ្ញាបនប័ត្របញ្ជាក់អាឌែល(ADEL)ទើបមានសិទ្ធស្របច្បាប់ នៅក្នុងការចូលរួមជាលក្ខណៈអន្តរជាតិ។
ដូច្នេះ ឯកឧត្តមសុំឱ្យសិក្ខាកាមទាំងអស់ចូលរួមសិក្សាដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យទទួលបានវិញ្ញាបនប័ត្របញ្ជាក់តាមការគ្រោងទុក ព្រោះថាវិញ្ញាបនប័ត្រនេះមិនមែនក្រសួងឬគ្រូឧទ្ទេសផ្ដល់ជូនតាមការស្នើរសុំនោះទេ ជាវិញ្ញាបនប័ត្រចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ នៅពេលដែលលោក លោកស្រីបានយលដឹងនិងបំពេញតាមលក្ខណ្ឌដែលបានកំណត់។ដូចនេះត្រូវខិតខំយកចិត្តទុកដាកស្ដាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំណេះដឹងដែលទទួលបានពីវគ្គនេះសូមជួយចែលរំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្ដុះបណ្ដាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនោះបានទេ បើអ្នកចូលរួមសិក្សាមិនចែករំលែកបន្តគឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។
ទន្ទឹមជាមួយគ្នានេះដែរឯកឧត្តមសូមផ្ញើ៣ចំណុចសំខាន់គឺ៖ទី១សហព័ន្ធមិនទាន់បានចុះកិច្ចព្រមព្រៀង ទទួលស្គាល់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ានិងព្រមអនុវត្តតាម វិធានប្រឆាំងដូប៉ាសូមអញ្ជើញចុះហត្ថលេខាឱ្យបានរួសរាន់ទាន់ពេលវេលា ព្រោះបើសហព័ន្ធណាមិនបានចុះហត្ថលេខា ទទួលយកវិធានប្រឆាំងដូប៉ាទៅអនុវត្តគ្រប់សកម្មភាពការងារនោះទេ សហព័ន្ធនោះនឹងមិនមានសិទ្ធិបើកការប្ររកួតកម្រិតអន្តរជាតិនៅក្នុងប្រទេសឬចូលរួមកម្រិតអន្តរជាតិបានឡើយ។ទី២ស្នើគ្រប់សហព័ន្ធជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងភាគីពាក់ព័ន្ធអង្គការសង្គមកីឡា មានកិច្ចសហប្រតិបត្តិការល្អ សម្របសម្រួលផ្ដល់ព័ត៌មានដែលស្នើសុំដោយទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា មានប្រភពឯកសារព័ត៌មានទាក់ទងនឹងកត្តាកំណត់ពីហានិភ័យខ្ពស់។
ទី៣ គ្រប់សហព័ន្ធកីឡាជាតិ គ្រូបង្វឹក មន្ត្រីកីឡា ដៃគូពាក់ព័ន្ធឯទៀត យកចិត្តទុកដាក់ស្វែងយល់អំពីវិធានប្រឆាំងដូប៉ា ដើម្បីយលដឹងអំពីសិទ្ធតួនាទី កាតព្វកិច្ច របស់ខ្លួនជាប្រយោជន៍ ដើម្បីចៀសផុតពីកំហុសដែលកើតឡើងដោយអចេតនា។
លោកស្រីលឿង សុផាណារ៉េត ប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាបានឱ្យដឹងថាអំពីគោលបំណងដែលរៀបចំវគ្គនេះ ដើម្បីផ្ដល់ចំណេះដឹងដល់កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីសហព័ន្ធឱ្យមានការយល់ដឹង ផ្សព្វផ្សាយអត្តសញ្ញាណជាតិ ទៅតាមច្បាប់និងវិធានដែលបានចែង ជាពិសេសពាក់ព័ន្ធទៅនឹងការប្រឆាំងដូប៉ា។ក្រោយពីមានបញ្ជ្រៀបការយល់ដឹង និងទីភ្នាក់ងារប្រឆាំងដូប៉ាក៏កើតឡើង ព្រមទាំងកីឡាករ កីឡាការិនីនិងអ្នកពាក់ព័ន្ធឯទៀតនៅមិនទាន់មានការយល់ដឹងថាអ្វីទៅជាដូប៉ា រហូតមកដល់ពេលនេះយើងសង្កេតឃើញថាអ្នកទាំងនោះមានការយល់ដឹងច្រើនជាងមុន។
មិនតែប៉ុណ្ណោះ ដោយមានការគាំទ្រនិងគាំពាពីថ្នាក់ដឹងនាំប្រមុខរាជរដ្ធាភិបាល ធ្វើឱ្យទីភ្នាក់ងារមួយនេះអាចអនុវត្តការងារដោយមានភាពឯករាជ មានប្រសិទ្ធភាពស្របតាមវិធានប្រឆាំងដូប៉ាជាតិនិងពិភពលោកអនុវត្តរួមគ្នា។
ជាក់ស្ដែរហូតមកទល់ពេលនេះមានសហព័ន្ធជាតិជាង៤០មកហើយដែលបានចុះហត្ថលេខារួមគ្នា ។ ទោះបីជានៅមានសហព័ន្ធកីឡាជាតិតិចតួចដែលនៅមិនទាន់ចូលរួមជាមួយទីភ្នាក់ងារប្រឆាំងដូប៉ាអាចជាសហព័ន្ធថ្មីទើបនឹងកើតតែប៉ុណ្ណោះ៕



ចែករំលែកព័តមាននេះ