ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ភិ​មាន​អាកាស KUN KHMER X FIGHT CLUBBING 2026 ធ្វើ​ឱ្យ​គុន​ខ្មែរ​កាន់តែ​ល្បី

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជាបាន​ឯកភាព​ជា​គោលការណ៍​អនុញ្ញាត​ឱ្យ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) សហការ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍ Town Full HDTV និង​ស្ថាប័ន FIGHT CLUBBING របស់​ប្រទេស​អុ​ី​តា​លី រៀបចំ​មហា​ព្រឹត្តិការណ៍
ប្រដាល់​អន្តរជាតិ​«​ភិ​មាន​អាកាស KUN KHMER X FIGHT CLUBBING» ឆ្នាំ​២០២៦ នៅ​ទី​លានជល់ដំរី​ទឹកដី​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប នា​ថ្ងៃអាទិត្យ ទី​១៨ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង​៧​យប់​។

យោង​តាម​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៦ នា​ទីស្តីការ​សាលាខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ថោ​ង ខុន ប្រធាន​គណៈកម្ម​ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ និង​ជា​ប្រធាន NOCC បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​នឹង​មានការ​ប្រកួត​លក្ខណៈ​គុន​ខ្មែរ និង​ឃី​ក​បុក​ស៊ី​ង សរុប​ចំនួន ៧​គូ ដោយ​មានការ​ចូលរួម​ពី​កីឡាករ​ល្បី​ៗ​របស់​កម្ពុជា តតាំង​ជាមួយ​កំពូល​កីឡាករ​អន្តរជាតិ​មក​ពី ៦ ប្រទេស រួម​មាន​៖ អុ​ី​តា​លី បារាំង រូ​ម៉ា​នី ទុ​យ​ណេ​ស៊ី តួ​ក​គី​យេ និង​សេណា​ហ្គា​ល់​។

ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រដាល់​ខាងលើ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ដែល​មានការ​ចូលរួម​ពី​អ្នក​ប្រដាល់​ល្បី​ៗ​លំដាប់​ជួរ​មុខ​បែប​នេះ​នឹងធ្វើ​ឱ្យ​គុន​ខ្មែរ​កាន់តែ​ល្បី​សុសសាយ​ទូ​ទាំង​ពិភពលោក មិន​ខាន​។ កាន់តែ​ល្បី​ដោយសារ​មានការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ Town Full HDTV និង​បន្ត​ទៅ​កាន់​ជាង​២០០​ប្រទេស​តាម DAZN​។

ទោះបី​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មានការ​ផ្សព្វផ្សាយ​ពី​សមាសភាព​កីឡាករ​បរទេសដែល​ត្រូវ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ខាងលើ​ក្ដី ក៏​មានការ​បង្ហើប​ឱ្យ​ដឹង​ខ្លះ​ៗ​ថា កីឡាករ​កម្ពុជា​សុទ្ធតែ​កំពូល​កីឡាករ​ជួរ​មុខ និង​ល្បី​ៗ​លំដាប់​ប្រទេស​ក្នុង​នោះ​ក៏​មាន​កីឡាករ​លំដាប់ខ្សែក្រវាត់ ឬ​ស្តេច​ប្រដាល់​គុន​ខ្មែរ​នា​ពេលបច្ចុប្បន្ន​ចូលរួម​តំណាង​ឱ្យ​ជាតិ​ផង​ដែរ ។ ចំណែកកីឡាករ​បរទេស​ច្បាស់​ជា​កំពូល​អ្នកលេង​ក្បាច់គុន​ដែល​នាំ​មក​ដោយ​ស្ថាប័ន FIGHT CLUBBING​មក​ពី​៦​ប្រទេស​ផ្សេង​ៗ​គ្នា​មិនខាន​។

សម្រាប់​គូ​ទាំង ៧ នៃ​ព្រឹត្តិការណ៍​ប្រកួតប្រដាល់ «​ភិ​មាន​អាកាស BOOSTRONG KUN KHMER X FIGHT CLUBBING» មិន​ទាន់​ត្រូវ​បាន Town Full HDTV ឬ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បញ្ចេញ​ជា​សាធារណៈ​នៅឡើយ​ទេ ។ បញ្ជី​ឈ្មោះ និង​រូបភាព​ផ្សព្វផ្សាយ​ផ្លូវការ​(Poster គូប្រកួត​)​នឹង​ត្រូវ​ប្រកាស​ជា​បន្តបន្ទាប់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Town Boxing ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មុន​ពេល​ព្រឹត្តិការណ៍​ចាប់ផ្តើម​។

តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួលបានឱ្យ​ដឹង​ថា មហា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់អន្តរជាតិ​«​ភិ​មាន​អាកាស KUN KHMER X FIGHT CLUBBING» ឆ្នាំ​២០២៦ បើកឱ្យ​ចូល​ទស្សនា​ដោយ​សេរី​ដោយ​មិន​មានការ​លក់សំបុត្រ​ឡើយ ។ រដ្ឋបាល​ខេត្តសៀមរាប​បាន​និងកំពុង​រៀបចំ​រថយន្តក្រុង​ដឹក​ជញ្ជូន ដើម្បី​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពី​តាម​បណ្តា​ភូមិ​/​សហគម​ន៍​នានា មក​កាន់​ទីលាន​ប្រកួត​នៅ​ព្រះ​ពន្លាជល់​ដំរី និង​ដឹក​ត្រឡប់​ទៅ​វិញ​ដោយ​សុវត្ថិភាព ។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កកម្ពុជា បាន​ណែនាំ និង​លើកទឹកចិត្ត​យ៉ាង​ទទូច​ឱ្យអ្នកចូលរួម​ទាំងអស់​(​រួម​ទាំង​មហាជន​ទស្សនា​)ស្លៀក​សម្លៀក​បំពាក់​បែប​ប្រពៃណី​ខ្មែរ ដើម្បី​ឱ្យ​សម​ស្រប​ទៅ​នឹង​ទីតាំង​ប្រវត្តិសាស្ត្រ​នៃ​ទឹកដីអង្គរ ៕ ដោយ ៖ នាគ សេន