គោព្រៃកម្ពុជាបញ្ចប់ត្រឹមជើងឯករងពានរង្វាន់ FIFA ASEAN Cup 2026 ក្រោយចាញ់ម្ចាស់ផ្ទះហុងកុង 2-0 ក្នុងវគ្គផ្ដាច់ព្រ័ត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលមានរហស្សនាមថា «គោព្រៃ»បានបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការហើយ ដោយទទួលបានត្រឹមជើងឯករង បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ២-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៣ តុលា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។
ក្នុងជំនួបកាត់សេចក្ដីចំពោះមុខអ្នកគាំទ្រប្រមាណជាង៣ម៉ឺននាក់នេះ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាទៅវិញទៅមកដើម្បីរកគ្រាប់បាល់ ធ្វើឱ្យការប្រកួតស្ថិតក្នុងសភាពស្វិតស្វាញយ៉ាងខ្លាំង ។ រហូតដល់នាទីទី៤១នៃចុងវគ្គ១ ទើបកីឡាករ Orr M. របស់ហុងកុងរកបានគ្រាប់បាល់នាំមុខក្រុមគោព្រៃ១គ្រាប់។ ចូលដល់វគ្គ២ ក្រុមម្ចាស់ផ្ទះហុងកុងកាន់តែបង្កើនការវាយលុកដោយដាក់សម្ពាធយ៉ាងខ្លាំងធ្វើឱ្យក្រុមក្រុមគោព្រៃកម្ពុជាភ្លាត់ស្នៀតបង្កើតកំហុសក្នុងតំបន់គ្រោះថ្នាក់ អាជ្ញាកណ្ដាលក៏ឱ្យក្រុមហុងកុងស៊ុតបាល់ពិន័យ១១ម៉ែត្រនាំមុខ១គ្រាប់ទៀតនៅនាទីទី៥៩ ដែលធ្វើបានសម្រេចដោយ កីឡាករ Camargo E. ។
លទ្ធផលហុងកុង២-០កម្ពុជា នេះ ក៏បានរក្សាដល់ចប់ការប្រកួត ទោះបីក្រុមគោព្រៃកម្ពុជាព្យាយាមវាយសម្រុក និងបង្កើតឱកាសជាបន្ដបន្ទាប់នៅចុងម៉ោងក្ដីក៏មិនអាចបំបែកលទ្ធផលពងមាន់របស់ខ្លួនបានឡើយ។
បើទោះក្រុមគោព្រៃកម្ពុជា មិនអាចបង្កើតកំណត់ត្រាថ្មី ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់អន្តរជាតិថ្មី រៀបចំ និងទទួលស្គាល់ដោយ FIFA ក្ដី តែកីឡាករទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរហូតទទួលបានការកោតសរសើរពីអ្នកគាំទ្រ ចំពោះការឈានមកដល់វគ្គផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានរង្វាន់ខាងលើនេះផងដែរ។
សូមរំលឹកថា ពានរង្វាន់បាល់ទាត់ថ្មី FIFA ASEAN Cup 2026 (Division 2) ប្រចាំតំបន់អាស៊ាន ដែលរៀបចំ និងទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នេះ គឺមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះកម្ពុជា ស្ថិតក្នុងពូល B ជាមួយមីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូលA គឺមានម្ចាស់ផ្ទះហុងកុង, ឡាវ និងព្រុយណេ។ ក្រោយចប់វគ្គចែកពូល ក្រុមឈរលេខ១ នៃពូលនីមួយៗ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ៕ ដោយ ៖ នាគ សេន



ចែករំលែកព័តមាននេះ