ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​បញ្ចប់​ការ​រង់ចាំ​​៣០​ឆ្នាំ​! ឥណ្ឌូ​ណេ​ស៊ី​ឈ្នះ​ពានរង្វាន់​ថ្នាក់​តំបន់​កម្រិត​ខ្ពស់​ជា​លើក​ដំបូង

2 ថ្ងៃ មុន

ទីក្រុង​ហ្សា​ការ​តា ៖ ក្រុមកីឡា​បាល់ទាត់​ឈុត​ធំ​បុរស​របស់​ឥណ្ឌូ​ណេ​ស៊ី បាន​បង្កើត​ប្រវត្តិសាស្ត្រ ដោយ​ការ​ឈ្នះ​ពានរង្វាន់ FIFA ASEAN Cup ឆ្នាំ​២០២៦ កម្រិត ១ ជា​លើក​ដំបូង បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ថៃ ដែល​នៅ​សល់​គ្នា ១០ នាក់ (​កាត​លឿង​២​ដង​ស្មើ​កាត​ក្រហម តាំងពី​នាទី ៨១) ដោយ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៤-២ (​ស្មើគ្នា ២-២ នៅ ១២០ នាទី​) នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ជក់ចិត្ត នៅ​កីឡដ្ឋាន​ជាតិ Gelora Bung Karno ទីក្រុង​ហ្សា​ការ​តា កាលពី​ថ្ងៃ​ទី​៥ ខែតុលា​។

តាម​រយៈ​សមិទ្ធផល​ខាងលើ​នេះ គឺជា​ការ​ឈ្នះ​ពានរង្វាន់​ថ្នាក់​តំបន់​កម្រិត​ខ្ពស់​ដំបូង​បង្អស់​សម្រាប់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​បុ​រេស​ឥណ្ឌូ​ណេ​ស៊ី ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក បន្ទាប់​ពី​ខកខាន និង​បាន​ត្រឹម​ជើងឯក​រង​ចំនួន ៦ ដង​មក​ហើយ ក្នុង​ពានរង្វាន់​ជើងឯក​អាស៊ាន ASEAN Championship​។ ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ទី​៥ ខែតុលា ឥណ្ឌូ​ណេ​ស៊ី​បាន​លើក​ពានរង្វាន់​មួយ ហើយ​នោះ​ក៏​មិនមែន​ជា ASEAN Championship នោះ​ទេ ប៉ុន្តែ​គឺជា​រូបរាង​ថ្មី និង​ដំបូង​នៃ​ពាន FIFA ASEAN Cup ដែល​ជា​ការ​ប្រកួត​ផ្លូវការ​របស់ FIFA ។

លើស​ពី​នេះ​ទៀត ជ័យជម្នះ​នេះ ក៏​ជា​ការ​បំបែក​កំណត់​ត្រា​មិន​ដែល​ឈ្នះ​សោះ​លើ​ក្រុម​ថៃ​អស់​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​ផង​ដែរ ក្រោម​ការ​ដឹកនាំ​បច្ចុប្បន្ន​របស់​គ្រូបង្វឹក​សញ្ជាតិ​អង់គ្លេស លោក John Herdman​។

ដូច្នេះ​សរុប​មក​វិញ សម្រាប់​ពានរង្វាន់​ទើប​បង្កើត​ថ្មី FIFA ASEAN Cup លើក​ទី ១ ទាំង ២ កម្រិត សុទ្ធតែ​ក្រុម​ម្ចាស់ផ្ទះ​ជា​ឈ្នះ​ជើងឯក​។ តួយ៉ាង ក្រៅពី​ឥណ្ឌូ​ណេ​ស៊ី​ដែល​ឈ្នះ​ជើងឯក​កម្រិត ១ (៨ ប្រទេស​ចូលរួម​) នោះ ម្ចាស់ផ្ទះ​ហុងកុង ក៏​បាន​ឈ្នះ​ជើងឯក​កម្រិត ២ (៦ ប្រទេស​ចូលរួម​) ផង​ដែរ បន្ទាប់​ពី​យកឈ្នះ​កម្ពុជា ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​ទី​៣ ខែតុលា កន្លង​ទៅ​។

សម្រាប់​ម្ចាស់​ជើងឯក​កម្រិត ១ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៦៥ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ រីឯ​ម្ចាស់​ជើងឯក​កម្រិត ២ បាន​ប្រាក់​រង្វាន់​ចំនួន ៣០ ម៉ឺន​ដុល្លារ​។ ចំណែក​ក្រុម​នីមួយ​ៗ ដែល​បាន​ចូលរួម​ទទួល​បាន​ប្រាក់ ១២៥ ០០០ ដុល្លារ​ផង​ដែរ​៕