ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Asian Games 2026 ៖ ចិន​ឈរ​កំពូល​តារាង និង​ជា​ប្រទេស​តែ​មួយ​គត់ ឈ្នះ​មេដាយមាស​លើស​១០០​គ្រឿង

3 ថ្ងៃ មុន

ប្រទេស​ជប៉ុន ៖ ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) ឆ្នាំ​២០២៦ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត Aichi និង​ទីក្រុង Nagoya ប្រទេស​ជប៉ុន បាន​បញ្ចប់​ជា​ស្ថាន​ពរ​ហើយ កាលពី​ថ្ងែ​ទី​៤ ខែតុលា បន្ទាប់​ពី​ពិធី​បើក​ប្រព្រឹត្ត​ទៅ​តាំងពី​ថ្ងៃ​ទី​១៩ ខែកញ្ញា កន្លង​ទៅ​។

ប្រទេស​ចិន​បាន​បញ្ចប់​នៅ​កំពូល​តារាង​មេដាយ​សរុប ហើយ​ក៏​ប្រទេស​តែ​មួយ​គត់ នៅ​ឆ្នាំ​នេះ ដែល​ឈ្នះ​មេដាយមាស​លើស​ពី ១០០ គ្រឿង​។ អត្ត​ព​លិ​ក​ចិន​បាន​ដណ្តើម​មេដាយ​សរុប​ចំនួន ៣៤១ គ្រឿង មាស ១៦៩ ប្រាក់ ៨៩ និង​សំរឹទ្ធ ៨៣ គ្រឿង​។ ចំណែក​ម្ចាស់ផ្ទះ​ជប៉ុន បញ្ចប់​នៅ​លេខ​រៀង​ទី ២ ឈ្នះ​មេដាយ​សរុប ២៦៩ គ្រឿង មាស ៨៣ ប្រាក់ ៩៥ និង​សំរឹទ្ធ ៩១ គ្រឿង តាម​ពីក្រោយ​ដោយ​កូរ៉េ​ខាងត្បូង សរុប ១៥០ គ្រឿង មាស ៣៩ ប្រាក់ ៤៣ និង​សំរឹទ្ធ ៦៨ គ្រឿង​។

សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ ថៃ​បញ្ចប់​ក្នុង​នាម​ប្រទេស​ឈ្នះ​មេដាយ​ច្រើន​ជាងគេ ពោល​សរុប ៥២ គ្រឿង មាស ១៨ ប្រាក់ ១៣ និង​សំរឹទ្ធ ២១ គ្រឿង និង​តាម​ពីក្រោយ​ដោយ​ម៉ា​ឡេ​ស៊ី ឈ្នះ​សរុប ៣២ គ្រឿង មាស ៩ ប្រាក់ ៧ និង​សំរឹទ្ធ ១៦ គ្រឿង ខណៈ​ដែល​ឥណ្ឌូ​ណេ​ស៊ី ឈ្នះ​សរុប ៣៩ គ្រឿង ប៉ុន្តែ​មាស​ត្រឹម ៥ គ្រឿង រីឯ​ប្រាក់ ១១ និង​សំរឹទ្ធ ២៣ គ្រឿង​។

កម្ពុជា​បាន​បញ្ចប់​ទៅ​ជាមួយ​មេដាយ​សំរឹទ្ធ ៤ គ្រឿង សម្រេច​បាន​ដោយ​កីឡាបាល់ទាត់​លើ​តុ ២​គ្រឿង (​កីឡាការិនី ឌី គឹ​ម​យាន វិញ្ញាសា​ឯកត្តជន និង​កីឡាការិនី យ៉​ន សោ​ភ័​ណ្ឌ​រស្មី និង ម៉ី ស្រី​មាស វិញ្ញាសា​ដៃគូ​ផ្នែក​នារី​)​។ កីឡា​គុន​ចម្រុះ ១ គ្រឿង ដោយ​កីឡាការិនី ចេ​ង ដា​លី​ន ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម និង​កីឡា​កា​រ៉ា​តេ ១ គ្រឿង ដោយ​កីឡាការិនី វ៉ា​ន់ ចរិយា វិញ្ញាសា​ប្រយុទ្ធ​នាទី​ទម្ងន់ ៦១​គីឡូក្រាម​។

ក្រឡេក​ទៅ​ចំណាត់ថ្នាក់​ចុង​ក្រោយ​គេ​ប្រចាំ​តំបន់ ទី​ម័​រ​ខាងកើត គឺជា​គណៈប្រតិភូ​អាស៊ី​អាគ្នេយ៍​តែ​មួយ​គត់ បាន​បញ្ចប់​កីឡា​អាស៊ី​ឆ្នាំ​នេះ ដោយ​មិន​បាន​មេដាយ​ទាល់តែ​សោះ​។ ស្រប​ពេល ប៊ូ​តាន ម៉ា​ល់​ឌី​វ ប៉ា​ឡេ​ស្ទី​ន យេ​ម៉ែ​ន ព្រមទាំង​អត្ត​ព​លិ​ក​ជនភៀសខ្លួន​អាស៊ី (ART) ក៏​បញ្ចប់​ទៅ​ដោយ​មិន​ឈ្នះ​មេដាយ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កីឡា​អាស៊ី​លើក​ទី​២០ ឆ្នាំ​២០២៦ បាន​ស្វាគមន៍​អត្ត​ព​លិ​ក​សរុប​ជាង ១១ ០០០ នាក់ មក​ពី​ប្រទេស និង​តំបន់ ៤៦ មក​ប្រកួតប្រជែង​ដណ្តើម​មេដាយ នៅ​ក្នុង​កម្មវិធី​កីឡា​រហូត​ដល់​ទៅ ៤៣ ប្រភេទ​។

ដោយឡែក ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​២១ ឆ្នាំ​២០៣០ ទីក្រុង​ដូ​ហា ប្រទេស​កា​តា គឺជា​ម្ចាស់ផ្ទះ​បន្តវេន​៕