សហរដ្ឋអាមេរិក ៖ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ បានបញ្ចប់ជាស្ថាពរ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា (ម៉ោងនៅកម្ពុជា) ដោយបារាំង អេស្ប៉ាញ អង់គ្លេស និងក្រុមការពារជើងឯក អាហ្សង់ទីន ឡើងទៅតទល់គ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សរុបលទ្ធផលនៃវគ្គ ៨ ក្រុមចុងក្រោយ ក្រុមជម្រើសជាតិបារាំងបានទម្លាក់ក្រុមខ្លាំងមកពីអាហ្វ្រីក ម៉ារ៉ុក ដោយលទ្ធផល ២-០ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។ ជាមួយលទ្ធផលនេះ ក្រុមរហស្សនាមមាន់គកមួយនេះ នឹងតទល់ជាមួយអេស្ប៉ាញ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលក្រុមរហស្សនាមគោជល់បានយកឈ្នះបែលហ្ស៊ិក នៅវគ្គ ៨ ក្រុម ដោយលទ្ធផល ២-១ កាលពីវេលាព្រឹកថ្ងៃទី១១ ខែកក្កដា កន្លងទៅ។
ក្រឡេកទៅក្រុមតោកំណាចអង់គ្លេសឯណោះវិញ បានយកឈ្នះន័រវែសទាំងលំបាកនៅម៉ោងបន្ថែម ១៥ នាទី ២ដង ដោយលទ្ធផល ២-១ (ចប់ ៩០ នាទី ១-១) កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ដើម្បីឡើងទៅប៉ះក្រុមពពកសអាហ្សង់ទីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដ្បិតនៅថ្ងៃជាមួយគ្នានោះ ក្រុមការពារតំណែងជើងឯកមួយនេះ ក៏បានយកឈ្នះលើស្វីស ដែលសល់គ្នាត្រឹម១០នាក់ (កាតក្រហម) ទាំងលំបាកក្នុងម៉ោងបន្ថែម ១៥ នាទី ២ ផងដែរ ដោយលទ្ធផល ៣-១ ក្រោយចប់ ៩០ នាទីស្មើគ្នា ១-១។
កាលវិភាគវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ៖
-បារាំង ប៉ះ អេស្ប៉ាញ ម៉ោង ២ ឈានចូលព្រឹកថ្ងៃទី១៥ ខែកក្កដា
-អង់គ្លេស ប៉ះ អាហ្សង់ទីន ម៉ោង ២ ឈានចូលព្រឹកថ្ងៃទី១៦ ខែកក្កដា
គិតត្រឹមបញ្ចប់វគ្គ ៨ ក្រុមចុងក្រោយ ប្រធានក្រុមអាហ្សង់ទីន Lionel Messi និងប្រធានក្រុមបារាំង Kylian Mbappé កំពុងប្រជែងស្បែកជើងមាសគ្នា ដោយឈរជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ន ពោល ៨ គ្រាប់ដូចគ្នា៕






ចែករំលែកព័តមាននេះ