អន្តរជាតិ ៖ អង្គការសិទ្ធិមនុស្ស FairSquare បានលើកឡើងថា ការជ្រៀតជ្រែករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ជុំវិញការដកបម្រាមកាតក្រហមរបស់កីឡាករ Folarin Balogun គួរតែត្រូវបានស៊ើបអង្កេតពីបទរំលោភលើច្បាប់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ស្តីពីអព្យាក្រឹតភាពនយោបាយ ហើយវាអាចជាចំណុចចាប់ផ្តើមនៃទីបញ្ចប់នៃតំណែងលោក Gianni Infantino ជាប្រធានស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ពិភពលោកមួយនេះ។ នេះបើតាមប្រភពពី Reuters ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៧។
លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃចន្ទបានបញ្ជាក់ថា លោកពិតជាបានទាក់ទង់ទៅកាន់លោក Infantino ជុំវិញរឿងបម្រាមកាតក្រហមនោះមែន ដែលកាតក្រហមនេះ ត្រូវបានកំណត់នឹងហាមឃាត់មិនខ្សែប្រយុទ្ធ Balogun ចូលលេងឱ្យជួយម្ចាស់ផ្ទះអាមេរិកក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ World Cup 2026 ទល់នឹងបែលហ្ស៊ិក។
ទោះយ៉ាងណាក៏ដោយ បម្រាមនោះ ត្រូវបានព្យួរជាបណ្តោះអាសន្ន ដោយគណៈកម្មាធិការវិន័យ FIFA កាលពីថ្ងៃអាទិត្យ ដោយប្រើមាត្រា ២៧ ក្រមវិន័យរបស់ខ្លួន ដែលមានន័យថា ការព្យួរមានសុពលភាពក្រោមលក្ខខណ្ឌសាកល្បងរយៈពេល១ឆ្នាំ ប្រសិនបើ Balogun ប្រព្រឹត្តកំហុសស្រដៀងគ្នាម្តងទៀត អំឡុងពេលសាកល្បង ការពិន័យចាស់នឹងត្រូវយកមកអនុវត្តឡើងវិញភ្លាមៗ បូករួមទាំងការពិន័យថ្មី។
លោក Infantino ដែលបានដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នវិន័យគឺជាស្ថាប័នឯករាជ្យ ហើយលោកមិនមានការពាក់ព័ន្ធក្នុងការសម្រេចចិត្ត ដែលបើកផ្លូវឱ្យ Balogun អាចចូលលេងប្រកួតទល់នឹងបែលហ្ស៊ិកឡើយ។
យ៉ាងណាមិញ FairSquare ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ឯកទេសខាងកីឡា និងសិទ្ធិមនុស្សជឿថា ការបន្ទន់ខ្លួនទៅតាមនិន្នាការនយោបាយកាន់តែខ្លាំងរបស់ FIFA គឺជាបញ្ហាមួយដែលបានកើតឡើង តាំងពី World Cup ឆ្នាំ ២០១៨ នៅរុស្ស៊ីមកម្ល៉េះ។ នាយកសហស្ថាបនិក FairSquare លោក Nicholas McGeehan បានថ្លែងថា FIFA បានក្លាយជាស្ថាប័នមានភាពពាក់ព័ន្ធនឹងនយោបាយខ្លាំងពេក ជាពិសេសជាមួយលោក ត្រាំ ដែលបានក្លាយជាបញ្ហាប្រឈមយ៉ាងច្បាស់ក្រឡែតនៅសហរដ្ឋអាមេរិក។ ប៉ុន្តែតាមរយៈនោះ លោកជឿថា រឿងអាស្រូវនេះ អាចប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិថ្មីនៅខែមីនា ឆ្នាំក្រោយ។
មុនផ្ទុះរឿងចម្រូងចម្រាសនៃបម្រាមកាតក្រហមរបស់ Balogun សមាជិកសភាអឺរ៉ុបចំនួន៥០រូប បានសរសេរលិខិតផ្ញើទៅកាន់គណៈកម្មាធិការក្រមសីលធម៌ FIFA ក្នុងខែនេះ ដើម្បីគាំទ្រដល់បណ្តឹងរបស់អង្គការ FairSquare ប្រឆាំងនឹងលោក Infantino ជុំវិញការគាំទ្ររបស់លោកចំពោះរបៀបវរៈនយោបាយរបស់លោក ត្រាំ រួមទាំងការប្រគល់ពានរង្វាន់សន្តិភាព FIFA ជាលើកដំបូងទៅឱ្យប្រធានាធិបតីអាមេរិករូបនេះផងដែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា (ម៉ោងនៅកម្ពុជា) ម្ចាស់ផ្ទះអាមេរិកបានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ត្រឹមវគ្គ១៦ក្រុម បន្ទាប់ពីចាញ់បែលហ្ស៊ិកដោយលទ្ធផល ១-៤ ដោយខ្សែប្រយុទ្ធ Balogun ត្រូវបានប្តូរចូលនៅម៉ោងបន្ថែមនៃវគ្គទី២ផងដែរ៕



ចែករំលែកព័តមាននេះ