ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កាប់​វែ​រ​ទទួល​បានការ​ស្វាគមន៍​ពិសេស​បំផុត​ពី​ប្រជាជន​រាប់​ពាន់​នាក់ ក្រោយ​ចប់​ភារកិច្ច World Cup 2026

3 ថ្ងៃ មុន

ទីក្រុង​ប្រា​យ៉ា ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កាប់​វែ​រ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ដូច​ជា​វីរជន​ពី​សំណាក់​ប្រជាជន​រាប់​ពាន់​នាក់ នៅ​ពេល​ពួក​គេ​បាន​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​ក្នុងស្រុក​) បន្ទាប់​ពី​បញ្ចប់​យុទ្ធនាការ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដោយ​ការ​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​អា​ហ្ស​ង់​ទី​ន លទ្ធផល ៣-២ វគ្គ ៣២ ក្រុម​ចុង​ក្រោយ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា កន្លង​ទៅ​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា អ្នកគាំទ្រ​រាប់រយ​នាក់​ដែល​គ្រវីទង់ជាតិ​ប្រទេស​កាប់​វែ​រ បាន​រង់ចាំ​នៅ​ព្រ​លាន​យន្តហោះ​ដើម្បី​ទទួល​ស្វាគមន៍​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​ពួក​គេ ហើយ​នៅ​ពេល​យន្តហោះ​ក្រុម​ចុះ​ចត​នៅ​ក្នុង​ទីក្រុង​ប្រា​យ៉ា គេ​សង្កេត​ហ្វូង​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​បាន​តម្រង់​ជួរ​គ្នា​តាម​ដងផ្លូវ ខណៈ​ពេល​ដែល​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្នេរ​កេ​ប្រា កា​ណេ​ឡា (Quebra Canela) តាម​រថយន្ត​ដឹក​ទំនិញ​បើក​ដំបូល សម្រាប់​ការ​ប្រារព្ធ​ពិធី​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​។

ដ្បិត​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ គឺជា​ថ្ងៃ​ខួប​លើក​ទី​៥១ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កាប់​វែ​រ ដោយ​បាន​ញ៉ាំង​បរិយាកាស​ឱ្យ​កាន់តែ​ដ៏​រីករាយ​បន្ថែម​ទៀត ខណៈ​ដែល​ក្រុម​រហស្សនាម «​ឆ្លាម​ខៀវ​» និង​គ្រូបង្វឹក​ដ៏​មាន​ប្រជាប្រិយភាព​គឺ​លោក Bubista បាន​ច្រៀង​រាំ​តាម​តន្ត្រី​ដ៏​រំភើប​នៅ​លើ​ឆាក​ចំ​ពីមុខ​ផ្លា​ក​សញ្ញា​សរសេរ​ថា «Obrigado! Cabo Verde» ឬ «​អរគុណ​! កាប់​វែ​រ​»​។

ជា​ប្រជុំ​កោះ​ភ្នំភ្លើង​នៅ​ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ភាគ​ខាងលិច​នៃ​ទ្វីបអាហ្វ្រិក ដែល​មាន​ប្រជាជន​ជាង ៥០ ម៉ឺន​នាក់ ប្រទេស​កាប់​វែ​រ បង្ហាញខ្លួន​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦​។ បើ​ទោះជា​ក្រុម​ចំណូល​ថ្មី តែ​ពួក​គេ​បាន​ធ្វើ​ឱ្យ​ពិភព​បាល់ទាត់​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​ទប់​ស្មើ​អតីត​ម្ចាស់​ជើងឯក​ទាំង ២ អេ​ស្ប៉ា​ញ និង​អ៊ុយ​រ៉ូ​ហ្គា​យ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល ហើយ​បាន​ក្លាយជា​ប្រទេស​មាន​ប្រជាជន​តិច​បំផុត ដែល​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍ World Cup​។

លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​បាន​ឆក់​យក​បេះដូង​អ្នកគាំទ្រ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក ជាមួយ​ការ​បង្ហាញ​ភាព​តស៊ូ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ទល់​នឹង​ក្រុម​ការពារ​តំណែង​ជើងឯក​អា​ហ្ស​ង់​ទី​ន និង​ធ្វើ​ឱ្យ​គូប្រកួត​យកឈ្នះ​ពួក​គេ​ទាំង​លំបាក​ខ្លាំង​នៅ​ក្នុង​ម៉ោង​បន្ថែម ១៥ នាទី ២ ដង ថែម​ទៀត​ផង​៕