ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​តាម​ក្តី​ប្រាថ្នា​! អតីត​បវរកញ្ញា​អា​ល្លឺ​ម៉​ង់​ បោះ​ជំហាន​ចូល​វិស័យ​ប្រដាល់សកល ត្រៀម​ឡើង​សង្វៀន​អាជីព​ខែ​ក្រោយ

1 ថ្ងៃ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ អតីត​ម្ចាស់​មកុដ​បវរកញ្ញា​អា​ល្លឺ​ម៉​ង់ កញ្ញា Tatjana Genrich នៅ​ក្នុង​វ័យ​៣៣​ឆ្នាំ បាន​សម្រេចចិត្ត​បោះ​ជំហាន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​ប្រដាល់សកល​អាជីព ដោយ​ត្រៀមខ្លួន​ឡើង​សង្វៀន នៅ​ខែ​ក្រោយ​នេះ​។

តាម​ប្រភព​ពី​កាសែត The Sun និង Fox News បាន​រាយការណ៍​ថា Tatjana Genrich ម្ចាស់​មកុដ​បវរកញ្ញា​អា​ល្លឺ​ម៉​ង់ (Miss Germany/ Miss Deutschland) ឆ្នាំ​២០២២ នឹង​ឡើង​សង្វៀន​ប្រកួត​អាជីព​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍ SES Boxing ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​ទីក្រុង​ម៉ាក់​ដឺ​ប៊ឺ​គ (Magdeburg) ប្រទេស​អា​ល្លឺ​ម៉​ង់​។ គូប្រកួត​នាង​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ ប៉ុន្តែ Genrich នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ ដោយ​ភាព​ជឿជាក់​ខ្ពស់ ដោយសារ​តែ​នាង​ធ្លាប់​ឆ្លងកាត់​វិ​ថី​មួយ​នេះ កាលពី​នៅ​យុវវ័យ​។

តាម​ពិត​ទៅ មុន​ពេល​ដណ្តើម​បាន​មកុដ​បវរកញ្ញា​អា​ល្លឺ​ម៉​ង់​ក្នុង​ឆ្នាំ ២០២២ នាង​ធ្លាប់​ជា​អតីត​អ្នក​ប្រដាល់​ស្ម័គ្រចិត្ត​ម្នាក់ ហើយ​ក៏​ធ្លាប់​ឈ្នះ​ជើងឯក​ថ្នាក់​រដ្ឋ​ចំនួន ៣ ឆ្នាំ​ជាប់​ៗ​គ្នា​ផង​ដែរ (​ឆ្នាំ ២០០៧ ដល់ ២០០៩) នៅ​ក្នុង​ប្រភេទ​ម្ង​ន់ Flyweight​។ ជុំវិញ​មូលហេតុ​ដែល​នាង​បាន​ចូលរួម​កីឡាប្រដាល់​ជា​លើក​ដំបូង​នោះ Genrich បាន​និយាយ​ថា «​នៅ​សាលារៀន ខ្ញុំ​តែង​ត្រូវ​បាន​គេ​ធ្វើបាប ហើយ​ខ្ញុំ​ចង់​ស្វែងរក​វិធី​មួយ​ដើម្បី​ការពារ​ខ្លួនឯង​។ នោះ​ហើយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​រឿងរ៉ាវ​ទាំង​អស់នេះ​»​។

បច្ចុប្បន្ន Genrich កំពុង​តែ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ពោល ៥ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ក្រោម​ការ​បង្វឹក​របស់​លោក Dirk Dzemski អតីត​គ្រូបង្វឹក​ជើងឯក​ពិភពលោក​។ គ្រូបង្វឹក​វ័យ​៥៤​ឆ្នាំ​រូប​នេះ ធ្លាប់​ធ្វើការ​ជាមួយ​កីឡាករ​ឆ្នើម​ៗ​អា​ល្លឺ​ម៉​ង់​ជា​ច្រើន រួម​ទាំង​កីឡាករ Robert Stieglitz នៅ​ក្នុង​ការ​ដណ្តើម​បាន​ជើងឯក​ពិភពលោក​ទម្ងន់ Super-middleweight និង Light-heavyweight​។

ដោយ​មិន​ខ្វល់​ពី​ឧបសគ្គ​ណា​ទាំងអស់ Tatjana Genrich បាន​ដាក់​គោលដៅ​ចុង​ក្រោយ​របស់​នាង គឺ​ការ​តស៊ូ​ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​ពិភពលោក នា​ពេល​អនាគត ហើយ​នាង​បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​ចង់​ក្លាយជា​គំរូ​សម្រាប់​ស្ត្រី​វ័យក្មេង និង​បង្ហាញ​ពួក​គេ​ថា អ្នក​អាច​ទទួល​បាន​ជោគជ័យ​ទាំង​ក្នុង​អាជីព​ការងារ និង​កីឡា​»​។

Tatjana Genrich បច្ចុប្បន្ន​មាន​អ្នក​តាមដាន​ជាង ៤៥ ០០០ នាក់​រួច​ទៅ​ហើយ នៅ​លើ​គណនី Instagram ហើយ​ថែម​ទាំង​បាន​ចែករំលែក​វី​ដេ​អូ​សកម្មភាព​ហ្វឹកហាត់​ទៅ​កាន់​អ្នកគាំទ្រ​ទៀត​ផង​។ ប្រសិនបើ​នាង​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ខាង​មុខ​នេះ ច្បាស់​ឈ្មោះ​របស់​នាង អាច​នឹង​ត្រូវ​តាមដាន​យ៉ាង​ខ្លាំង​ដោយ​បណ្តាសារ​ព័ត៌មាន និង​មហាជន​នៅ​ក្នុង​ឆ្នាំ ២០២៧ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​៕