សហរដ្ឋអាមេរិក ៖ សករាជបាល់ទាត់របស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅព្រឹត្តិការណ៍ World Cup ត្រូវបានបិទបញ្ចប់ជាផ្លូវការ កាលពីវេលាឈានចូលព្រឹកថ្ងៃទី៧ ខែកក្កដា ត្រឹមព្រឹត្តិការណ៍ឆ្នាំ ២០២៦ ដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាសហម្ចាស់ផ្ទះ បន្ទាប់ពីចាញ់អេស្ប៉ាញក្នុងលទ្ធផល ១-០ ធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។
ក្រោយចប់ការប្រកួតនៅទីក្រុងអាត្លង់តា ទឹកដីសហរដ្ឋអាមេរិក Ronaldo ក៏បានបញ្ជាក់ផងដែរថា នេះគឺជាការប្រកួត World Cup ចុងក្រោយបង្អស់នៅក្នុងអាជីពដ៏រុងរឿងរបស់ខ្លួន។ នៅពេលផ្តល់បទសម្ភាសន៍ក្រោយការប្រកួត ប្រធានក្រុមព័រទុយហ្គាល់វ័យ៤១ឆ្នាំរូបនេះ មិនអាចលាក់បាំងភាពទុក្ខសោកខ្លួនឡើយ ប៉ុន្តែនៅតែរក្សាភាពស្ងប់ស្ងាត់ និងមកជាមួយការអះអាងថា ខ្លួនបានលះបង់អស់ពីកម្លាំងកាយចិត្ត និងគ្មានការស្តាយក្រោយនោះទេ។
Ronaldo បានថ្លែងដូច្នេះថា «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ ខ្ញុំបានធ្វើល្អបំផុតហើយ។ ពិតណាស់ វាជាការប្រកួត World Cup ចុងក្រោយរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំនឹងមានពេលដើម្បីពិចារណាឡើងវិញ និងរស់នៅជាមួយក្រុមគ្រួសារខ្ញុំ។ ខ្ញុំនឹងមិនធ្វើការសម្រេចចិត្តណាមួយដោយប្រញាប់ប្រញាល់នោះទេ។ នាពេលនេះ រឿងដែលថា តើខ្ញុំនឹងបន្តលេងទៀត ឬអត់នោះ វាមិនមែនជារឿងសំខាន់ទេ។ ថ្ងៃស្អែក ខ្ញុំនឹងក្រោកពីគេងដូចអ្វីដែលខ្ញុំបានក្រោកនៅថ្ងៃនេះដែរ ពោលគឺក្រោកមកដោយចិត្តស្អាតស្អំ»។
ខ្សែប្រយុទ្ធឆ្នើមក្លិប Al Nassr រូបនេះ បានគូសបញ្ជាក់ចុងក្រោយទៀតថា «ខ្ញុំបានលេងឱ្យក្រុមជម្រើសជាតិអស់រយៈពេល២៣ឆ្នាំ និងឈ្នះពានរង្វាន់ចំនួន ៣។ មុនពេលមាន Cristiano ប្រទេសព័រទុយហ្គាល់មិនដែលឈ្នះអ្វីទាល់តែសោះ។ ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប (Euro) គឺជារឿងដែលសំខាន់បំផុត។ សម្រាប់ខ្ញុំ ឆ្នាំ ២០១៦ មានតម្លៃស្មើនឹងការឈ្នះពានរង្វាន់ World Cup ដែរ បើនិយាយតាមត្រង់ទៅ»។
ដើម្បីបញ្ចប់ការប្រកួត World Cup ចំនួន ៦ សម័យកាលជាប់ៗគ្នារបស់ខ្លួន Ronaldo បានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏ធំធេងសម្រាប់ក្រុមបញ្ចខែលព័រទុយហ្គាល់ ដោយឈរជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុម ពោល ១៤៦ គ្រាប់ ក្នុងការប្រកួតសរុបចំនួន ២៣៣ លើក។ គិតតែការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup តែមួយ Ronaldo រកបាន ១១ គ្រាប់ ដោយក្លាយជាកីឡាករដំបូងគេបង្អស់ និងតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលរកគ្រាប់បាល់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup ៦ សម័យកាលផ្សេងគ្នា (២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦)។
ជាការកត់សម្គាល់ Ronaldo នឹងមានអាយុ៤៣ឆ្នាំ នៅពេលព្រឹត្តិការណ៍ប្រកួតដ៏ធំលើកក្រោយឈានចូលមកដល់ ពោលគឺ Euro ឆ្នាំ ២០២៨ ដែលនឹងត្រូវរៀបចំឡើងនៅចក្រភពអង់គ្លេស (អង់គ្លេស, ស្កុតឡែន និងវែលស៍) និងសាធារណរដ្ឋអៀរឡង់។
បើទោះបីជារយៈពេលជាង២០ឆ្នាំ មិនអាចជួយព័រទុយហ្គាល់ឈ្នះជើងឯក World Cup បានក៏ពិតមែន ក៏ Cristiano Ronaldo នៅតែជាវីរបុរសបាល់ទាត់របស់ព័រទុយហ្គាល់ ហើយក៏ជាកីឡាករល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់សកលលោកផងដែរ។
ងាកទៅក្រុមគោជល់អេស្ប៉ាញវិញ តាមរយៈជ័យជម្នះនៅវិនាទីគ្រោះថ្នាក់ (៩០+១) លើព័រទុយហ្គាល់ ជួយពួកគេបន្តឡើងទៅប៉ះបែលហ្ស៊ិក នៅវគ្គ ៨ ក្រុមចុងក្រោយ ដ្បិតក្រុមរហស្សនាមបិសាចក្រហមមួយនេះ បានបញ្ចប់វគ្គ ១៦ ក្រុមជាមួយនឹងលទ្ធផលដ៏ត្រចះត្រចង់ដោយលត់ម្ចាស់ផ្ទះសហរដ្ឋអាមេរិក ដោយលទ្ធផល ៤-១។
កាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ៖
-បារាំង ប៉ះ ម៉ារ៉ុក ម៉ោង ៣ ឈានចូលព្រឹកថ្ងៃទី១០ ខែកក្កដា
-អេស្ប៉ាញ ប៉ះ បែលហ្ស៊ិក ម៉ោង ២ ឈានចូលព្រឹកថ្ងៃទី១១ ខែកក្កដា
-ន័រវែស ប៉ះ អង់គ្លេស ម៉ោង ៤ ឈានចូលព្រឹកថ្ងៃទី១២ ខែកក្កដា៕ ប្រភព ៖ ESPN, Sky Sports និងប្រភពផ្សេងទៀត








ចែករំលែកព័តមាននេះ