សហរដ្ឋអាមេរិក ៖ កាលពីវេលាឈានចូលព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិន័រវែសបានទម្លាក់ក្រុមខ្លាំងប្រេស៊ីលចេញពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ ក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធឆ្នើម Neymar Jr. បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិប្រេស៊ីលទាំងទឹកភ្នែក។
ជំនួបធ្វើឡើងនៅកីឡដ្ឋាន MetLife ទឹកដីសហរដ្ឋអាមេរិក ក្រុមខ្លាំងទាំងពីរសុទ្ធតែមកជាមួយទំនុកចិត្តខ្ពស់ដូចគ្នា។ ជាក់ស្តែង ១៤ ដំបូងនៅវគ្គ ប្រេស៊ីលទទួលបានឱកាសមាសទាត់បាល់ប៉េណាល់ទីដោយខ្សែបម្រើ Bruno Guimaraes ប៉ុន្តែត្រូវបានសង្គ្រោះដោយអ្នកចាំទី Orjan Nyland ហើយក្រុមទាំងពីរបានបញ្ចប់វគ្គទី១ ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ។
ក្រោយខកខានឱកាសនាំមុខមុន នៅក្នុងវគ្គទី២ ស្រាប់តែន័រវែសបង្កើនការសម្រុកលើគូប្រកួតខ្លាំង រហូតទម្លុះសំណាញ់ទីប្រេស៊ីលបានដល់ទៅ២គ្រាប់ ដែលសម្រេចបានដោយខ្សែប្រយុទ្ធឆ្នើម Erling Haaland នៅនាទី ៧៩ និង ៩០។ លទ្ធផល ២-០ មិនបានរក្សាដល់បញ្ចប់ឡើយ ដោយហៀបនឹងចប់ការប្រកួតទៅហើយ ប្រេស៊ីលរកបាន១គ្រាប់វិញ ដោយការទាត់បាល់ប៉េណាល់ទីពី Neymar នៅនាទី ៩០+១០ ដែលនេះជាគ្រាប់បាល់ដំបូង និងចុងក្រោយរបស់កីឡាកររូបនេះជាមួយក្រុមសាំប្រេស៊ីល។
ការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងន័រវែស ធ្វើឱ្យក្រុមសាំបាប្រេស៊ីលក្នុងនាមអធិរាជ World Cup ជាមួយកំណត់ត្រាឈ្នះជើងឯកច្រើនជាងគេ ៥ សម័យកាលនោះ បង្កើតកំណត់ត្រាអាក្រក់មួយចំនួនដូចជា ៖ ការធ្លាក់លឿន ដោយនេះជាលើកដំបូងដែលប្រេស៊ីលធ្លាក់ចេញពី World Cup ត្រឹមវគ្គ ១៦ ក្រុម ចាប់តាំងពីឆ្នាំ ១៩៩០ មក។
ន័រវែសនៅតែជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ដែលប្រេស៊ីលមិនធ្លាប់យកឈ្នះបានទាល់តែសោះ បន្ទាប់ពីជួបសរុប ៥ ប្រកួត ប្រេស៊ីលចាញ់ ៣ និងស្មើ ២។ លើសពីនេះទៀត ប្រេស៊ីលមានភាគរយគ្រប់គ្រងបាល់ត្រឹមតែ ៣៤% ប៉ុណ្ណោះទល់នឹងន័រវែស ដែលជាកម្រិតទាបបំផុតរបស់ពួកគេក្នុងការប្រកួត World Cup គិតចាប់តាំងពីឆ្នាំ ១៩៦៦។ ក្រៅពីនោះ រឿងខកចិត្តបំផុតនោះ គឺប្រេស៊ីលខកខានគ្រងជើងឯកក្នុងរយៈពេលដ៏យូរ ចាប់តាំងពីឆ្នាំ ២០០២។
ភ្លាមៗ បន្ទាប់ពីសំឡេងកញ្ចែចុងក្រោយបន្លឺឡើងនៅកីឡដ្ឋាន MetLife នោះ ខ្សែប្រយុទ្ធ Neymar មិនអាចទប់ទឹកភ្នែកខ្លួនបានឡើយ ហើយ ២ទៅ៣នាទីក្រោយមក កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឱ្យអ្នកគាំទ្រប្រេស៊ីលកាន់តែខូចចិត្តទ្វេដង។ នៅក្នុងគ្រាដ៏រំជួលចិត្តនោះ សមាជិកក្លិប Santos រូបនេះ បានបញ្ជាក់ពីការបញ្ចប់ដំណើរផ្លូវដ៏វែងឆ្ងាយជាង១ទសវត្សរ៍ជាមួយក្រុមសាំប្រេស៊ីល ដោយថ្លែងដូច្នេះថា «ខ្ញុំបានព្យាយាមហើយ។ ខ្ញុំពិតជាបានព្យាយាមអស់ពីសមត្ថភាពហើយ។ អ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមនៅកីឡដ្ឋាន MetLife ហើយវាក៏បានបញ្ចប់នៅទីនេះដែរ។ វាដល់ពេលដែលត្រូវឈប់ហើយ»។
សេចក្តីថ្លែងការណ៍ខ្លីនោះ បានបញ្ចប់ជាផ្លូវការនូវបាល់ទាត់អន្តរជាតិរបស់កីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រប្រេស៊ីល។ ការប្រកួត World Cup ឆ្នាំ ២០២៦ ក៏បានបង្ហាញពីដំណើរដ៏លំបាកបំផុតមួយសម្រាប់ Neymar ផងដែរ។ បន្ទាប់ពីតស៊ូជាមួយនឹងរបួសអស់រយៈពេលយ៉ាងយូរ ហើយទើបតែអាចវិលត្រឡប់មកកាន់ទីលានវិញតែប៉ុណ្ណោះ ក៏ដូចជាបានប្រឈមមុខនឹងមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីសមត្ថភាពរបស់កីឡាកររូបនេះ នៅក្នុងការជួយក្រុម។
Neymar ត្រូវបានកោះហៅចូលក្រុមឈុតធំនៅឆ្នាំ ២០១០ ដោយបានបង្ហាញខ្លួនសរុប ១៣០ ប្រកួត និងឈរជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេពោល ៨០ គ្រាប់ ដោយឈ្នះពានរង្វាន់ FIFA Confederations Cup ម្តងនៅឆ្នាំ ២០១៣។ វត្តមាននៅ World Cup ឆ្នាំ២០២៦ គឺជាការបង្ហាញខ្លួនលើកទី ៤ (២០១៤, ២០១៨, ២០២២ និង ២០២៦) របស់ Neymar នៅព្រឹត្តិការណ៍បាល់ទាត់ធំបំផុតរបស់ពិភពលោក។
គួរបញ្ជាក់ជូនថា ន័រវែស នឹងត្រូវប៉ះអង់គ្លេស នៅវគ្គ ៨ ក្រុម នៅម៉ោង ៤ ឈានចូលព្រឹកថ្ងៃទី១២ ខែកក្កដា (ម៉ោងនៅកម្ពុជា) ដ្បិតក្រុមរហស្សនាមតោកំណាច ដែលនៅសល់គ្នាត្រឹម១០នាក់មួយនេះ (កាតក្រហម) បានយកលើឈ្នះម្ចាស់ផ្ទះម៉ិកស៊ិកនៅវគ្គ ១៦ ក្រុម ដោយលទ្ធផល ៣-២ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ