ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​កូរ៉េ​ខាងត្បូង ​ក្លាយជា​មនុស្ស​គេ​ស្អ.ប់​បំផុត​ក្នុង​ប្រទេស សូ​ម្បី​តែ​ហាង​លក់ដូរ​ក៏​បិទ​ផ្លា​ក​មិន​ឱ្យ​ចូល

8 ម៉ោង មុន

ទីក្រុង​សេ​អ៊ូ​ល ៖ លោក Hong Myung-bo អតីត​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង បាន​ក្លាយជា​មនុស្ស​គេ​ស្អប់​បំផុត​ក្នុង​ប្រទេស​កំណើត បន្ទាប់​ពី​ក្រុម​របស់​លោក​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ហើយ​សូ​ម្បី​តែ​ប្រធានាធិបតី​ប្រទេស​នេះ ក៏​បាន​រិះគន់​ការ​ដឹកនាំ​របស់​លោក​ជា​សាធារណៈ និង​បញ្ជា​ឱ្យ​មានការ​ស៊ើបអង្កេត​ក្រុម​ភ្លាម​ៗ​ផង​ដែរ​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត The Sun, CNA និង​ប្រភព​ផ្សេង​ទៀត បាន​ចេញផ្សាយ​។

ការ​ធ្លាក់​ចេញពី World Cup ឆ្នាំ ២០២៦ ត្រឹម​វគ្គ​ចែក​ពូ​ល បាន​បង្ក​ឱ្យ​មាន​រលក​កំហឹង​យ៉ាង​ខ្លាំង​ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ឈាន​ទៅ​ដល់​ការ​លាលែង​ពី​តំណែង​របស់​លោក Hong ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ បន្ទាប់​ពី​ការ​រិះគន់​ជា​សាធារណៈ​យ៉ាង​ចាស់ដៃ​ពី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Lee Jae Myung​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ដូច្នេះ​ថា «​នៅ​ពេល​ដែល​មនុស្ស​គ្មាន​សមត្ថភាព​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នកដឹកនាំ លទ្ធផល​គឺ​ច្បាស់​ណាស់​ដូច​ថ្ងៃនេះ​អ​ញ្ចឹ​ង​»​។ មិនតែប៉ុណ្ណោះ លោក​បាន​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ទាន់​មួយ ដឹកនាំ​ដោយ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ លើ​ការ​ចំណាយ​ថវិកាជាតិ និង​ការ​គ្រប់គ្រង​របស់​សមាគម​កីឡាបាល់ទាត់​ជាតិ​ផង​ដែរ​។

ក្រៅ​អំពី​ការ​រិះគន់​ពី​មេដឹកនាំ​កំពូល​ប្រទេស លោក Hong ក៏​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្នកគាំទ្រ តាំងពី​ការ​សម្រេចចិត្ត​ដាក់​ប្រធាន​ក្រុម Son Heung-min ឱ្យ​អង្គុយ​កៅអី​បម្រុង​ក្នុង​វគ្គ​ទី​១ ពេល​ប្រកួត​ជាមួយ​អាហ្វ្រិក​ខាងត្បូង​។ លើស​ពី​នេះ​ទៀត ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ KBS ថែម​ទាំង​បិទ​បាំង​មុខ (Blur) លោក Hong អំឡុង​ពេល​រាយការណ៍​ព័ត៌មាន​អំពី​ការ​ធ្លាក់​ចេញ​ក្រុម​ជម្រើសជាតិ​ផង​ដែរ​។

កាន់តែ​ខ្លាំង​ថែម​ទៀត​នោះ រូបភាព​ជា​ច្រើន​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម បង្ហាញ​ពី​ហាង​លក់ដូរ និង​ផ្សារ​ទំនើប​មួយ​ចំនួន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បិទ​ផ្លា​ក​បដិសេធ​មិន​ឱ្យ​លោក Hong ចូល​ក្នុង​ហាង​របស់​ពួក​គេ​ឡើយ​។ ទន្ទឹម​នឹង​នេះ ក៏​មានការ​គំរាមកំហែង​ដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន រហូត​ដល់​មានការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស​ការពារ​នៅ​ព្រ​លាន​យន្តហោះ​ពេល​ក្រុម​ត្រឡប់​មក​មាតុភូមិ​វិញ​ថែម​ទៀត​ផង​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ លោក Hong Myung-bo បាន​ប្រកាស​លាលែង​ពី​តំណែង ដោយ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​បរាជ័យ​ដ៏​ធំធេង​មួយ​នេះ​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា «​វា​មិនមែន​ជា​ការ​សម្រេចចិត្ត​ដ៏​ងាយស្រួល​នោះ​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ទទួលយក​តួនាទី​នេះ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បាន​ទទួលយក​ហើយ ខ្ញុំ​មិន​បាន​គិត​ពី​អ្វី​ផ្សេង​ក្រៅពី​ការ​ទទួលខុសត្រូវ​រហូត​ដល់​នាទី​ចុង​ក្រោយ​នោះ​ទេ​»​។

នៅ​ក្នុង​នាម​ជា​អតីត​ខ្សែការពារ​ធ្លាប់​លេង​ឱ្យ​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​ចំនួន ១៣៦ ប្រកួត​នោះ លោក Hong បាន​កាន់​តំណែង​ដ៏​សំខាន់​នេះ តាំងពី​ឆ្នាំ ២០២៤ ហើយ​លោក​បាន​និយាយ​ថា លោក​សុំ​ទទួលយក​ការ​ទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​យុទ្ធនាការ World Cup ដែល​មិន​ទទួល​បាន​ជោគជ័យ​នេះ​ផង​ដែរ​៕