ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ដែល​គ្មាន​ក្រុម​ណា​ប៉ង​ចង់​លេង​! ប៉ុន្តែ​អង់គ្លេស​ឈ្នះ​បារាំង ៦-៤ បង្កើត​កំណត់​ត្រា​មិន​ធ្លាប់​មាននៅ World Cup

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ការ​ប្រកួត​ដែល​ត្រូវ​បាន​គ្រប់​គ្នា​ប្រសិទ្ធ​នាម​ឱ្យ​ថា «​ការ​ប្រកួត​គ្មាន​ក្រុម​ណា​ប៉ង​ចង់​លេង​» នោះ ប៉ុន្តែ​បែរជា​ក្លាយជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត និង​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍ World Cup ទៅ​វិញ ដោយ​អង់គ្លេស និង​បារាំង​រួម​គ្នា​បង្កើត​បាន​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​រហូត​ដល់​១០​គ្រាប់ ដែល​ជា​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ មាន​គ្រាប់​បាល់​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​លោក​មួយ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី beIN SPORTS បាន​ចេញផ្សាយ​។

ក្រុម​កំណាច​អង់គ្លេស​បាន​យកឈ្នះ​លើ​ក្រុម​មាន់គក​បារាំង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ នៅ​កីឡដ្ឋាន Hard Rock រដ្ឋ​ផ្ល​រី​ដា (Florida) ទឹកដី​សហរដ្ឋអាមេរិក កាលពី​វេលា​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា (​ម៉ោង​នៅ​កម្ពុជា​) ដោយ​លទ្ធផល ៦-៤ យ៉ាង​ភ្ញាក់ផ្អើល​។ លើស​ពី​នេះ​ទៀត ការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ ក៏​បាន​ជាប់​ក្នុង​បញ្ជី​ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ផង​ដែរ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៥ សម្រាប់​ការ​ប្រកួត​ដែល​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​១​ប្រកួត​នៃ​ព្រឹត្តិការណ៍​នេះ​។

មុន​នេះ ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣ ដែល​មាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ World Cup គឺ​ការ​យកឈ្នះ​របស់​បារាំង​លើ​អា​ល្លឺ​ម៉​ង់​ខាងលិច​នៅ​ក្នុង​លទ្ធផល ៦-៣ (​សរុប​៩​គ្រាប់​) នៅ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត កាលពី​ឆ្នាំ ១៩៥៨ ។ ដូច្នេះ​ជ័យជម្នះ ៦-៤ របស់​អង់គ្លេស​បាន​បំបែក​កំណត់​ត្រា​នោះ​ជាមួយនឹង​គ្រាប់​បាល់ ១០ គ្រាប់ ហើយ​ក៏​ក្លាយជា​ការ​ប្រកួត​ដណ្តើម​លេខ ៣ លើក​ដំបូង​បង្អស់​មាន​គ្រាប់​បាល់​ដល់​ទៅ​ពីរ​ខ្ទង់​ផង​ដែរ​។ មិ​ត្រឹម​ន​តែ​ប៉ុណ្ណោះ វា​ក៏​ជា​ការ​ប្រកួត World Cup លើក​ដំបូង​ដែល​មាន​គ្រាប់​បាល់​ដល់​ទៅ ១០ គ្រាប់ គិត​ចាប់តាំងពី​ហុង​គ្រី​បាន​យកឈ្នះ​អែ​ល​សាល់​វ៉ា​ឌ័​រ​ដោយ​លទ្ធផល ១០-១ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ ១៩៨២ ដែល​បញ្ចប់​ការ​រង់ចាំ​អស់​រយៈពេល ៤៤ ឆ្នាំ សម្រាប់​ផ្ទាំងទស្សនីយភាព​ការ​វាយ​សម្រុក​ដ៏​ជក់ចិត្ត​បែប​នេះ​។

គួរ​បញ្ជាក់​ថា អង់គ្លេស​បញ្ចប់​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ក្នុង​នាម​ចំណាត់ថ្នាក់​លេខ ៣ ទទួល​បាន​មេដាយ​សំរឹទ្ធ ជាមួយ​ប្រាក់​រង្វាន់ ២៩ លាន​ដុល្លារ​អា​មេ​រិ​ក ចំណែក​បារាំង​ចំណាត់ថ្នាក់​លេខ ៤ បាន​ប្រាក់​រង្វាន់ ២៧ លាន​ដុល្លារ​អា​មេ​រិ​ក​។

ការ​ប្រកួត​ទាំង ១០ ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ៖
១. អូ​ទ្រី​ស ៧-៥ ស្វី​ស (​ឆ្នាំ ១៩៥៤) សរុប ១២ គ្រាប់
២. ប្រេ​ស៊ី​ល ៦-៥ ប៉ូ​ឡូញ (​ឆ្នាំ ១៩៣៨) សរុប ១១ គ្រាប់
៣. ហុង​គ្រី ៨-៣ អា​ល្លឺ​ម៉​ង់​ខាងលិច (​ឆ្នាំ ១៩៥៤) សរុប ១១ គ្រាប់

៤. ហុង​គ្រី ១០-១ អែ​ល​សាល់​វ៉ា​ឌ័​រ (​ឆ្នាំ ១៩៨២) សរុប ១១ គ្រាប់
៥. អង់គ្លេស ៦-៤ បារាំង (​ឆ្នាំ ២០២៦) សរុប ១០ គ្រាប់
៦. បារាំង ៧-៣ ប៉ា​រ៉ា​ហ្គា​យ (​ឆ្នាំ ១៩៥៨) សរុប ១០ គ្រាប់

៧. អា​ហ្ស​ង់​ទី​ន ៦-៣ ម៉ិ​ក​ស៊ិ​ក (​ឆ្នាំ ១៩៣០) សរុប ៩ គ្រាប់
៨. ហុង​គ្រី ៩-០ កូរ៉េ​ខាងត្បូង (​ឆ្នាំ ១៩៥៤) សរុប ៩ គ្រាប់
៩. អា​ល្លឺ​ម៉​ង់​ខាងលិច ៧-២ តួ​ក​គី (​ឆ្នាំ ១៩៥៤) សរុប ៩ គ្រាប់
១០. បារាំង ៦-៣ អា​ល្លឺ​ម៉​ង់​ខាងលិច (​ឆ្នាំ ១៩៨២) សរុប ៩ គ្រាប់​៕