អន្តរជាតិ ៖ រូបថតរបស់កីឡាករ Lionel Messi កំពុងតែងូតទឹកឱ្យកីឡាករ Lamine Yamal កាលពីគេនៅជាទារកអាយុ៥ខែនោះ បានផ្ទុះការចាប់អារម្មណ៍ខ្លាំង និងត្រូវបានចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គមសាជាថ្មី ខណៈដែលអ្នកទាំងពីរមានឱកាសប្រឈមមុខដាក់គ្នា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។
រូបថតនេះបានថតកាលពីឆ្នាំ ២០០៧ អំឡុងពេលសកម្មភាពសប្បុរសធម៌មួយរបស់ក្លិបអ្នកមានបុណ្យ Barcelona។ អ្នកថតរូបនេះ គឺលោក Joan Monfort បានរៀបរាប់ថា វាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយអង្គការ UNICEF និងកាសែតកីឡារបស់អេស្ប៉ាញ Diario Sport ដោយគ្រួសារដែលមានកូនតូចៗបានចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង ដើម្បីមានឱកាសថតរូបជាមួយកីឡាករក្លិប Barcelona នៅឯកីឡដ្ឋាន Camp Nou។
ទន្ទឹមនឹងនោះ គ្រួសារកុមារា Yamal ដែលរស់នៅក្នុងតំបន់រ៉ូកាហ្វុនដា Rocafonda នៃទីក្រុងម៉ាតារ៉ូ (Mataró) គឺជាគ្រួសារដែលមានសំណាងមួយក្នុងចំណោមអ្នកចាប់ឆ្នោតទាំងនោះ។ ដ្បិតនៅពេលនោះ Messi មានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ ដោយទើបតែបានចាប់ផ្តើមពន្លកអាជីពបាល់ទាត់ដ៏ល្បីល្បាញរបស់ខ្លួននៅ Barcelona បានប្រហែល៤ឆ្នាំប៉ុណ្ណោះ ពោលមិនទាន់ក្លាយជាតារាឆ្នើមលំដាប់ដូចជា Ronaldinho, Deco ឬ Samuel Eto’o នៅឡើយទេ។
អ្នកថតរូបនេះបាននិយាយថា លោកមិនបានដឹងថា ទារកនៅក្នុងរូបថតនោះគឺជា Yamal ឡើយ រហូតដល់មិត្តរួមការងារម្នាក់បានប្រាប់លោកក្នុងឆ្នាំ ២០២៤ ហើយនៅពេលនោះ ឪពុក Yamal គឺលោក Mounir Nasraoui បានបង្ហោះរូបថតនោះឡើងវិញលើបណ្តាញសង្គម។ ស្រាប់តែលោក Monfort បានរំលឹកថា អ្នកយកព័ត៌មានកីឡារបស់ Diario Sport ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននេះដែរ។
លោក Joan Montfort ធ្លាប់បានប្រាប់សារព័ត៌មាន The Athletic ថា «ពេលនោះគ្មាននរណាម្នាក់អាចនឹកស្មានដល់ថា ក្មេងម្នាក់នេះ នឹងក្លាយជាមនុស្សដូចសព្វថ្ងៃនេះឡើយ ហើយអ្នកក៏ប្រាកដជាមិនអាចដឹងដែរថា Messi នឹងក្លាយជាបុគ្គលដ៏អស្ចារ្យបែបនេះផងដែរ។ យើងកំពុងនិយាយអំពីឆ្នាំ ២០០៧។ នៅពេលនោះ Messi ទើបតែចាប់ផ្តើមលេងឱ្យក្រុម Barca ប៉ុណ្ណោះ។ ជោគវាសនា និងព្រះលិខិតបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងរ៉ាវមួយនេះ»។
នៅពេលដែលព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ បានឈានចូលមកដល់ រូបថតនោះត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកយ៉ាងទូលំទូលាយម្តងទៀត ដោយសារតែអ្នកទាំងពីរអាចនឹងត្រូវប្រឈមមុខដាក់គ្នាលើទីលានប្រកួត។
យ៉ាងណាមិញ ការចែករំលែករូបនោះកាន់តែផ្ទុះឡើងច្រើនថែមទៀត កាលពីពេលថ្មីៗនេះ ពោលនៅក្រោយពេលក្រុមគោជល់អេស្ប៉ាញបានទម្លាក់ក្រុមមាន់គកបារាំងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈជ័យជម្នះដោយលទ្ធផល ២-០ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា (ម៉ោងនៅកម្ពុជា)។ មានន័យថា អេស្ប៉ាញបានកក់កៅអីវគ្គផ្តាច់ព្រ័ត្រមុន រង់ចាំអ៊ុតលទ្ធផលការប្រកួតម៉ោង ២ ឈានចូលព្រឹកថ្ងៃទី១៦ ខែកក្កដា រវាងក្រុមតោកំណាចអង់គ្លេស និងក្រុមពពកសអាហ្សង់ទីននៅក្នុងនាមក្រុមការពារជើងឯក ដែលជាឱកាសសម្រាប់ Yamal អាចនឹងត្រូវប្រឈមមុខលើទីលានប្រកួតវគ្គដ៏សំខាន់បំផុតជាមួយអ្នកធ្លាប់ងូតទឹកឱ្យរូបគេ កាលពីជិតឆ្នាំ១៩ឆ្នាំមុន។ ដ្បិតកីឡាករឆ្នើមទាំងពីរមិនទាន់ប៉ះគ្នានៅលើទីលានប្រកួតផ្លូវការនៅឡើយទេ៕ ប្រភព ៖ VnExpress និងប្រភពផ្សេងទៀត



ចែករំលែកព័តមាននេះ